ព័ត៌មានទាន់ហេតុការណ៍៖

សំអុល សុមនា គ្រាប់ពេជ្រថ្មីក្នុងវិស័យសម្តែង

ចែករំលែក៖

ភ្នំពេញ៖ ទើបលេចមុខក្នុងវិស័យសម្តែងភាពយន្តមិនបាមប៉ុន្មានរឿងផង តារាសម្តែងស្រីវ័យក្មេងកុមារី សំអុល សុមនា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីផលិតករ និងទស្សនិកជន ។ ការចាប់អារម្មណ៍នោះ ព្រោះតែសមត្ថភាព និងទេពកោសល្យសម្តែងរបស់នាងកាន់តែវិវឌ្ឍន៍រកភាពល្អប្រសើរខ្លាំង ខណៈដែលនាងកំពុងចូលរួមសម្តែងជាមួយតារាជើងចាស់ លោក យស បូវណ្ណៈ និងតារា៣ជំនាន់ផ្សេងទៀតជាច្រើនក្នុងរឿង លោកឪពុក ។

សុមនា ទទួលបានការកោតសរសើរច្រើនពីទស្សនិកជនក្រោយពីនាងបានសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំមួយចំនួនដូចជារឿង ឆន្ទា ដែលសម្តែងរួមជាមួយអ្នកស្រីអម្ពរ ទេវី និងរឿង “ប៉ាសម្លាប់ម៉ាក់ខ្ញុំ ជាដើម ។ កាន់តែទទួលបានការកោតសរសើរពីផលិតករគឺក្រោយពីនាងបានចូលរួមសម្តែងជាមួយតារាជើងចាស់ជាច្រើនក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្សគឺរឿង លោកឪពុក ដែលសម្តែងជាតួអង្គឈ្មោះ នីតា ដែលត្រូវជាកូនស្រីលោកយស បូវណ្ណៈ និងអ្នកស្រី ចាន់ តារាទី និងមានអត្តចរិតឆ្នើងឆ្នៃ ចចេសរឹងរូស មិនស្តាប់បង្គាប់ឪពុកម្តាយ ។ ថតរួមគ្នាជាមួយលោកយស បូវណ្ណៈដែលសម្តែងជាបុរសពិការតស៊ូចិញ្ចឹមកូន បានធ្វើឲ្យនាងនឹករលឹកដល់ឪពុកដែលបានបែកគ្នាគ្មានថ្ងៃជួបវិញ ។

នាងថាពិតជាសប្បាយរីករាយខ្លាំងក្រោយពីទទួលបានឱកាសថតភាពយន្តថ្មីជាបន្តបន្ទាប់ ពិសេសរឿងថ្មីដែលនាងបាននិងកំពុងថតនេះដែលសម្តែងរួមជាមួយសិល្បករជើងចាស់ដែលមានបទពិសោធន៍ សមត្ថភាពខ្ពស់ ។ កុមារីវ័យ១៣ឆ្នាំរូបនេះបន្តថានេះក៏ជាឱកាសល្អផងដែរសម្រាប់នាងទទួលបាននូវបទពិសោធន៍ការណែនាំថ្មីៗបន្ថែមទៀតពីសិល្បករជាច្រើនជំនាន់ ។

កុមារីរូបនេះលើកឡើងដែរថាក្រោយពីបញ្ចប់ការថតភាពយន្តនេះនៅអំឡុងដើមឆ្នាំ២០១៩ នាងនឹងចាប់ផ្តើមថតភាពយន្តភាគថ្មីមួយទៀតគឺរឿង សំឡេងរោទិ៍ ។ នាងថាមិនសូវហ៊ានទទួលការងារសម្តែងច្រើនពេកនោះទេព្រោះតែចង់លៃលកពេលវេលាដើម្បីសិក្សាខ្លះផងដែរ ។ យ៉ាងណានាងរំពឹងថា តាមរយៈឱកាស និងបទពិសោធន៍ដែលទទួលបានពីការងារសិល្បៈកន្លងមកនឹងអាចជួយរុញច្រានឲ្យទស្សនិកជនកាន់តែច្រើនស្គាល់នាងច្រើនជាងមុន៕ វឌ្ឍនា


ចែករំលែក៖