ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអំពាវនាវចិនដោះលែងពលរដ្ឋ កាណាដាពីររូបដែលបានចាប់ខ្លួន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ បានអំពាវនាវ ដល់រដ្ឋាភិបាលចិនដោះលែងពលរដ្ឋកាណាដា ពីររូប ដែលចិនបានចាប់ខ្លួននាពេលកន្លងមក ។ ការចាប់ខ្លួនពលរដ្ឋកាណាដា កើតឡើងក្រោយពេលដែល កាណាដា បានចាប់ខ្លួនពលរដ្ឋចិន គឺអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។

ការប្រកាសរបស់លោក Pompeo គឺជាលើកទីមួយហើយ ដែលអាមេរិក បានប្រតិកម្មជុំវិញការចាប់ខ្លួន ពលរដ្ឋកាណាដា។ លោក Mike Pompeo បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Chrystia Freeland ថា «ការចាប់ខ្លួនពលរដ្ឋកាណាដា គឺជាសកម្មភាពមិនអាចទទួលយកបានឡើយ ។ យើងសូមស្នើដល់ ប្រទេស ចិន មានសកម្មភាព សមហេតុផលទៅលើពលរដ្ឋប្រទេសផ្សេង» ។

ក្រសួងការបរទេសចិនបានបញ្ជាក់ថា ពលរដ្ឋកាណាដាពីររូបត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថា បាន ជាប់ពាក់ព័ន្ធនឹងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិចិន ។ តាមការលើកឡើងរបស់ក្រសួងការបរទេសចិន ទីប្រឹក្សាពាណិជ្ជកម្ម ជនជាតិកាណាដា លោក Michael Spavorត្រូវបានចាប់ខ្លួននៅក្នុងខេត្ត លីនីញ ចំណែក អតីតមន្ត្រីការបរទេស Michael Kovirig ត្រូវបានចាប់ខ្លួនសួរនាំនៅទីក្រុងប៉េកាំង ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការចាប់ខ្លួន ពលរដ្ឋកាណដា ទាំងពីររូបខាងលើ គឺចិនបានផ្តល់ព័ត៌មានដល់អគ្គរដ្ឋទូតកាណាដា ហើយ បុគ្គលទាំងពីរនោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា «មន្ត្រីសន្តិសុខចិន នឹងបើកការស្រាវជ្រាវ ទៅតាមច្បាប់របស់ចិន ហើយសិទ្ធិស្របច្បាប់ របស់ជនជាតិកាណាដាទាំងពីររូបគឺ ត្រូវបានធានា ទៅតាមផ្លូវច្បាប់ ។

នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau បានប្រកាសថា សកម្មភាព ចាប់ខ្លួនពលរដ្ឋកាណាដាពីររូប គឺមិនអាចទទួលយកបានឡើយ ។ ចំណែកទីក្រុងប៉េកាំងបានច្រានចោលការប្រកាសរបស់លោក Trudeau ដោយបញ្ជាក់ថា រដ្ឋាភិបាលមិនអាច ជ្រៀតជ្រែកចូលកិច្ចការច្បាប់បានឡើយ ៕


ចែករំលែក៖