ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហ៊ុន សែន អំពាវនាវ ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ និងបរិស្ថានអោយនៅស្រស់ស្អាតគង់វង្ស

ចែករំលែក៖

ខេត្តកោះកុង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយ យុវជន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិនិងបរិស្ថានអោយនៅស្រស់ស្អាតគង់វង្សបានល្អ ។

សម្តេចថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «នៅថ្ងៃទី ១៦ ធ្នូនេះ ខ្ញុំនិងភរិយាវិលត្រឡប់ទៅភ្នំពេញវិញហើយ។ សូមបងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅកោះកុងជាបន្តទៀត។

សូមអរគុណក្រសួងទេសចរណ៍ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូក្រុមហ៊ុនឯកជន អង្គការជាតិនិងអន្តរជាតិនានា ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុងបានល្អ និងទទួលបានជោគជ័យ។ ជាមោទនៈភាពរបស់ប្រទេសជាតិយើង ដែលកម្ពុជាមានឆ្នេរជាប់លំដាប់ថ្នាក់ជាឆ្នេរល្អបំផុតរបស់ពិភពលោក។ ច្បាស់ណាស់ សន្តិភាពគឺបានផ្តល់ឱកាសអោយយើងធ្វើការអភិវឌ្ឍប្រទេសជាតិទៅមុខកាន់តែលឿន។

ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិនិងបរិស្ថានអោយនៅស្រស់ស្អាតគង់វង្សបានល្អសម្រាប់ពលរដ្ឋយើងគ្រប់ជំនាន់ និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ដើម្បីពលរដ្ឋយើងសម្បូរការងារធ្វើ និងប្រទេសជាតិរីកចម្រើន។

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា» ៕


ចែករំលែក៖