ប្រាក់ចំណូលពីការលក់អាវុធរបស់អាមេរិក នៅក្នុងឆ្នាំ ២០១៨នេះ កើនឡើងរហូតដល់ទៅ៣៣ភាគរយបើប្រៀបធៀប នឹងឆ្នាំ២០១៧ ។ ការកើនឡើងដោយសារតែពិភពលោកមានភាពតានតឹងដោយការប្រឈមមុខដាក់គ្នា ដោយយោធា ។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា ប្រាក់ចំណូល បានមកពីការលក់អាវុធឲ្យបរទេសនៅក្នុងឆ្នាំ២០១៨ ដែលគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ គឺមានការកើនឡើងរហូតដល់ទៅ៣៣ភាគរយ ។
ជាមួយគ្នានោះ ប្រាក់ចំណូលដែលបានមកពីការលក់អាវុធទៅក្រៅប្រទេសរបស់អាមេរិក កើនឡើងពី៤១,៩៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ កើនឡើង ដល់ទៅ៥៥,៦៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨ ។ ប្រទេសដែលទិញអាវុធពីអាមេរិក ច្រើនជាងគេនោះគឺ ប្រទេស អារ៉ាប៊ី សាអូឌីត , គុយវែត, ប៉ូឡូញ, បារ៉ែន …ជាអតិថិជនសំខាន់បំផុតរបស់ អាមេរិក ។
គ្រាន់តែប្រទេសសាឌីអារ៉ាប៊ី នៅក្នុងឆ្នាំ ២០១៨ ប្រទេសនេះបាន ទិញនាវាចម្បាំងមីស៊ីលការពារពីអាមេរិក មានតម្លៃរហូតដល់ទៅ៨,១ពាន់លានដុល្លារអាមេរិក ។
ពាក់ព័ន្ធនឹងការលក់អាវុធ ក្រសួងការបរទេសអាមេរិក បានលើកឡើងថា បញ្ហាលក់អាវុធទៅក្រៅប្រទេសស្ថិតនៅក្នុងគោលនយោបាយសន្តិសុខជាតិ របស់រដ្ឋាភិបាល ប្រធានាធិបតីដូណាល់ ត្រាំ បានកែទម្រង់ នាំមកនៅផលប្រយោជន៍ខ្ពស់ដល់សន្តិសុខជាតិ និងសេដ្ឋកិច្ច ៕ ម៉ែវ សាធី