រឿងរ៉ាវរបស់ Huawei កាន់តែវែងឆ្ងាយទៀតហើយ ខណៈដែលពេលនេះ ខាងក្រុមហ៊ុន បានទាមទារឲ្យអាមេរិក អូស្ត្រាលី និងរដ្ឋាភិបាលដទៃផ្សេងទៀត បង្ហាញភស្តុតាងជាសាធារណៈ ដែលបានចោទប្រកាន់ថា ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា Huawei វានាំឲ្យគ្រោះថ្នាក់ផ្នែកសន្តិសុខ ។
អូស្ត្រាលី និងនូវែលសេឡង់ បានបិទទាំងស្រុងមិនឲ្យពលរដ្ឋប្រើប្រាស់ប្រព័ន្ធ 5G របស់បណ្តាញបច្ចេកវិទ្យាក្រុមហ៊ុន Huawei នេះឡើយ ។ សហរដ្ឋអាមេរិក និងតៃវ៉ាន ក៏បានរឹតបន្តឹងយ៉ាងខ្លាំងទៅលើពលរដ្ឋដែលប្រើប្រាស់ផលិតផលក្រុមហ៊ុន Huawei ផងដែរ គ្រាដែលភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេតរបស់ជប៉ុននិយាយថា Huawei មានចំណុចហានិភ័យខ្ពស់ ហេតុដូច្នេះហើយ មន្ត្រីរដ្ឋាភិបាលដាច់ខាតត្រូវតែទម្រាក់ចុះនូវពីការប្រើប្រាស់ ។
គ្មានរដ្ឋាភិបាលប្រទេសណាមួយ យកភស្តុតាងពិតប្រាកដ បង្ហាញសាធារណៈឲ្យឃើញអំពីហានិភ័យបណ្តាលមកពីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្រុមហ៊ុនHuaweiនោះឡើយមកដល់ពេលនេះ ប៉ុន្តែការចោទប្រកាន់ទាំងនោះ បានធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុនដ៏ធំរបស់ចិនមួយនេះ ខាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ។
កាលពីថ្ងៃទី១៨ ខែធ្នូ លោក Ken Hu ប្រធានក្រុមហ៊ុន Huawei បានធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលក្នុងប្រទេសចិន ស្នើសុំឲ្យរដ្ឋាភិបាលអាមេរិក អូស្ត្រាលី និងប្រទេសដទៃផ្សេងទៀត បង្ហាញភស្តុតាង ដែលថា Huawei បានធ្វើឲ្យមានហានិភ័យ គំរាមកំហែងដល់សន្តិសុខ? ៕