ភ្នំពេញ៖ ទើបនឹងចូលប្រឡូកក្នុងការងារសិល្បៈពេញទំហឹងមិនបានមួយឆ្នាំផង ជី ឈិងលីនក្តោបបានឱកាសទីផ្សារការងារសិល្បៈច្រើនហូរហែមិននឹកស្មានដល់ ។ ក្តាប់បានការងារសិល្បច្រើនព្រោះតែសមត្ថភាពសម្តែងរបស់នាងតូចរូបនេះគឺមិនធម្មតារហូតទទួលស្គាល់ពីមហាជនថា ជាគ្រាប់ពេជ្រក្នុងវ័យសិល្បៈផ្នែកសម្តែងដែលមានភាពប៉ិនប្រសប់គ្រប់ទម្រង់ ។
ស្ថិតក្នុងវ័យ១៣ឆ្នាំ ជី ឈិងលីន ទើបនឹងទទួលបានការគាំទ្រខ្លាំងលើសមត្ថភាពសម្តែងក្នុងភាពយន្តភាគដ៏ល្បីគឺរឿង«ផ្កាថ្ម» ក្នុងតួអង្គឈ្មោះមិនា ដែលនាងសម្តែងជាតួកាចឆ្នាស់់ឆ្នើមពីកុមារភាពនោះ ។
សមត្ថភាពទេពកោសល្យល្អនេះបានរុញច្រានឲ្យនាងលេចធ្លោរខ្លាំងរហូតទស្សនិកជនសរសើរមិនដាច់ពីមាត់ ។ ក្រៅពីសម្តែងជាតួអង្គកាចឆ្នាស់ឆ្នើមដ៏គួរឲ្យគ្រឺកខ្នាញ់ នាងក៏ទើបនឹងទទួលបានការកោតសរសើរជាថ្មីក្នុង សមត្ថភាពសម្តែងក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័ន គឺរឿង “រវាងយើង” ដែលកុមារីរូបនេះត្រូវសម្តែងជាតួអង្គ២មុខមាត់ដូចគ្នាប៉ុន្តែអត្តចរិកផ្ទុយគ្នាស្រឡះពោលគឺមួយកម្សត់ និងមួយទៀតកាចឆ្នាស់នោះ ។
ឈុតសម្រក់ទឹកភ្នែក ការចូលតួបានល្អ ឈុតកាចឆ្នាស់ឆ្នើមសម្លក់ស្ទើជ្រុះគ្រាប់ភ្នែកធ្វើឲ្យអ្នកទស្សនាពេញចិត្តជាខ្លាំង ។ តារាសម្តែងតូចច្រម៉ក់រូបនេះបញ្ជាក់ថានាងពិតជារំភើបនឹងមិននឹកស្មានដល់ដែលឱកាស និងភាពលេចធ្លោររបស់នាងកើតឡើងស្ទើមិននឹកស្មានដល់ ។
នាងថា ក្រោយពីបញ្ចប់ការថតភាពយន្តភាគមួយចំនួនរួចមកពេលនេះ នាងបាននឹងកំពុងចូលរួមសម្តែងក្នុងភាពយន្តថ្មី និងក្នុងបទចម្រៀងខារ៉ាអូខេ រួមទាំងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបន្តបន្ទាប់ ។
នាងថា អ្វីដែលនាងសប្បាយចិត្តគឺក្រោយពីទទួលបានឱកាសសម្តែងក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្ស គឺរឿង «លោកឪពុក» ដោយសម្តែងរួមជាមួយសិល្បករក្មេងចាស់ប្រុសស្រីជាច្រើនពិសេសតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ ។ ក្រោយពីសម្តែងភាពយន្តនេះចប់នាងក៏នឹងចេញថតភាពយន្តថ្មីៗបន្ថែមទៀតមួយចំនួនបន្តទៀត ប៉ុន្តែនាងក៏ត្រូវលែលកពេលសិក្សាដែលមិនអាចខានបាន ។
នាងរំពឹងដែរថា ស្នាដៃថ្មីៗបន្តបន្ទាប់ខាងមុខនេះនឹងអាចជួយលើកមុខមាត់ក្នុងការងារសិល្បៈជាបន្តទៀត ហើយនាងរំពឹងដែរថា ទស្សនិកជននឹងគាំទ្រលើកទឹកចិត្តនាងបានកាន់តែច្រើន៕ វឌ្ឍនា