នាវាចម្បាំងរបស់ចក្រភពអង់គ្លេស ប្រភេទទំនើប HMS Echo ទើបតែចូលចតនៅកំពង់ផែ Odessa របស់ប្រទេសអ៊ុយក្រែន ។ សកម្មភាពបញ្ជូននាវាចម្បាំងទៅកាន់អ៊ុយក្រែន ត្រូវបានរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson ចាត់ទុកថា ជាសារផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកពូទីន ។
សារព័ត៌មាន Sputnik បានផ្សាយថា នាវាចម្បាំង អង់គ្លេស ចូលចតនៅកំពង់ផែអ៊ុយក្រែន ក្នុងពេលដែលកំពុងតែមានភាពតានតឹង រវាងអ៊ុយក្រែន នឹងមួយរុស្ស៊ី ក្រោយពេលនាវាចម្បាំងអ៊ុយក្រែន ៣គ្រឿង និងនាវឹក២៤នាក់ត្រូវ រុស្ស៊ីចាប់ខ្លួន ដោយចោទប្រកាន់ថា បានចូលឈ្លានពានដែនទឹករុស្ស៊ី នៅតំបន់សមុទ្រ Kerch ស្ថិតនៅតំបន់គ្រីមៀ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។
សាស្ត្រាចារ្យ Antol Lieven អ្នកឯកទេសនយោបាយអន្តរជាតិមកពីមហាវិទ្យាល័យ Georgetown នៅប្រទេសកាតារ បានលើកឡើងពីសកម្មភាពរបស់នាវាចម្បាំងអង់គ្លេស ចូលដល់ទឹកដីអ៊ុយក្រែន ថា «ចំណុចដែលចាប់អារម្មណ៍បំផុតនោះ គឺនាវាអង់គ្លេស ដែលចូលចតនៅក្នុងប្រទេសអ៊ុយក្រែន គឺមិនមែនជានាវាចម្បាំងពិតប្រាកដ ។ នាវានោះ អាចមានសមត្ថភាពការពារ តែមិនមានសមត្ថភាពនៅក្នុងការវាយប្រហារនោះឡើយ ។ ចំណុចទាំងនោះមានន័យ អង់គ្លេស អាចត្រឹមតែជួយការពារអ៊ុយក្រែន បានមួយចំណុចតូចប៉ុណ្ណោះ មិនអាចវាយប្រហារបានឡើយ ។ ជាមួយគ្នានេះដែរ មិនមានវត្តមាន នាវាចម្បាំង ឬសព្វាវុធ ទំនើបៗ របស់ណាតូ នៅក្នុងទឹកដីអ៊ុយក្រែននោះឡើយ ។
កន្លងមកអាមេរិក បានប្រកាសផ្តល់ជំនួយដល់ អ៊ុយក្រេន ១០លានដុល្លារ ដើម្បី បង្កើនសមត្ថភាព កម្លាំងទាហនជើងទឹក ។ ការផ្តល់ជំនួយបែបនេះរបស់អាមេរិកដល់សម្ព័ន្ធមិត្ត ដែលកំពុងតែមានជម្លោះនោះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសផ្សេងទៀត ដោយទឹកប្រាក់១០លានដុល្លារ គ្រប់គ្រាន់សម្រាប់ជួសជុល ចំណុចតូចមួយនៃ នាវាចម្បាំងប៉ុណ្ណោះ មិនអាចធ្វើអ្វី បានឡើយ ៕