ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអតីតតារាចម្រៀង និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ត្រា ប្រកាសសង់ផ្ទះសំណាក់មានតំលៃសមរម្យបំផុត ដោយផ្ទះសំណាក់របស់លោក តម្លៃ១០ទៅ២៥ ដុល្លារ ក្នុង១យប់ លើទឹកដីក្រុងព្រះសីហនុ ។ ផ្ទះសំណាងនេះនិងមាននៅក្នុងបុរី ឡេង ណាវ៉ាត្រា ក្នុងពេលឆាប់ៗ នេះបើផ្អែកតាមការលើកឡើងលើ facebook ផេកផ្លូវការរបស់ឧកញ៉ាវ័យក្មេងប្រកាសនៅព្រឹកនេះ។
អ្នកធ្វើដំណើរកម្សាន្តនៅលើទឹកដីនៃខេត្តព្រះសីហនុ និងអស់ក្តីបារម្ភខណៈដែលកន្លងមកមានការព្រួយបារម្ភថាខ្វះទីស្នាក់អាស្រ័យនោះ ព្រោះតែអតីតអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា បានប្រកាស និងសន្យាសាងសង់ផ្ទះសំណាក់មួយដែលមានតម្លៃសមរម្យសម្រាប់អ្នកស្នាក់នៅទីនោះ។ ការប្រកាសនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីឧកញ៉ាវ័យក្មេងដែលកំពុងតែមានប្រជាប្រិយរូបនេះ បានសម្ពោធគម្រោងវិនិយោគ របស់ខ្លួនលើផ្ទៃដី១៥០ហិតា ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ទូលទទឹង២ ឃុំ ទូលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយប្រហែល២០គីឡូម៉ែត្រពី ក្រុមកំពង់សោម កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងដៃគូជំនួញម្នាក់ទៀត។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរលើផេកលោក ថា” ពេលដែលអញ្ជើញទៅលេងកំពង់សោម តើ ពុកម៉ែ បងប្អូនចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃត្រឹម១០ទៅ២៥ ដុល្លារក្នុងមួយយប់ដែរឬទេ? បុរីឡេងណាវ៉ាត្រា មានបំណងសង់ផ្ទះសំណាក់ក្នុងតម្លៃខាងលើ នៅ លើទឹកដីក្រុងព្រះសីហនុ ដើម្បីជួយសម្រួលឲ្យពុកម៉ែបងប្អូនដែលចង់គេងនៅផ្ទះសំណាក់ក្នុងតម្លៃនេះ ពេលអញ្ជើញទៅលេងសមុទ្រម្ដងៗនោះ។ រូបខ្ញុំ រួមជាមួយដៃគូររបស់ខ្ញុំ នឹងលើកយកគម្រោងនេះទៅ ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរកទីតាំងណាមួយ សមរម្យដើម្បីសាងសង់ គម្រោងនេះឡើង ឬ ក៏សង់នៅ ក្នុងបុរីរបស់ខ្ញុំដែលបាននឹងកំពុងដំណើរការលក់នេះតែម្ដង។ បើពុកម៉ែបងប្អូនគាំទ្រនូវគម្រោងនេះ សូមមេត្តា ជួយផ្ដល់នូវមតិយោបល់ផង ! សូមអរគុណ។”
គម្រោងសាងសង់ផ្ទះសំណាក់ធូរថ្លៃនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ស្របពេលទីក្រុងព្រះសីហនុ កំពុងតែមានអ្នកវិនិយោគចិនជាច្រើនសម្រុកចូលមករកស៊ីជាច្រើននៅទីនោះ ហើយធ្វើឲ្យតម្លៃ ដីនិងផ្ទះសំណាក់នៅទីនោះឡើងតម្លៃថ្លៃ និងធ្វើឲ្យប្រជាជនដែលមានចំណូលតិចមិនហ៊ានទៅលេង។គ្រាន់តែ បង្ហោះភ្លាមធ្វើឲ្យ អ្នកលេង បណ្ដាញសង្គមជាច្រើន បានShare និង Comment ទ្រាំទ្រជាខ្លាំង។ប្រសិនបើគម្រោងខាងលើ ធ្វើឡើងដូចការលើកឡើងពិតមែននេះ និងធ្វើឲ្យប្រជាជនដែលមានបំណងទៅលេងក្រុងកំពង់សោម ហើយចង់បានផ្ទះសំណាក់ធូរថ្លៃ ពិតជាងាយស្រួលខ្លាំង ខណៈទីតាំងនោះបុរីរបស់លោកនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពង់សោមឡើយ។ មហាជនសង្ឃឹមថា ចំនួនអ្នកទេសចរណ៍ជាតិ និងមានការកើនឡើងវិញ ប្រសិនបើមានផ្ទះសំណាក់មានតម្លៃ១០ ទៅ ២០ ដុល្លារក្នុង១យប់កាន់តែច្រើននោះ៕ វឌ្ឍនា