នៅដើមឆ្នាំ២០១៩នេះ មានខ្យល់ព្យុះវាយប្រហារ មកលើប្រទេសមួយចំនួន នៅក្នុងតំបន់ អាស៊ី ក្នុងនោះមានប្រទេសថៃនិងហ្វីលីពីន ជាដើម ។ ក្រៅពីនេះ ប្រទេសជាច្រើនទៀត ទទួលរងនៅសម្ពាធទាប បង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំង ។
នៅក្នុងប្រទេសថៃ អាជ្ញាធរបានប្រកាសឲ្យដឹងកាលពីថ្ងៃទី៣ ខែមករា ព្រមានពីខ្យល់ព្យុះត្រូពិក នាំដែលនាំមកជាមួយភ្លៀងខ្លាំង និងរលកទឹកសមុទ្រឡើងខ្ពស់នៅភាគខាងត្បូងប្រទេសថៃ និងនៅតាមតំបន់ឆ្នេររមណីយដ្ឋានផងដែរ ។
ភ្នាក់ងារឧតុនិយមថៃនិយាយថា ព្យុះត្រូពិក Pabuk កំពុងធ្វើដំណើរទៅភាគខាងលិច ចូលទៅកាន់ឈូងសមុទ្រថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយកម្លាំងល្បឿនខ្យល់ខ្លាំងបំផុត៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ។
ប្រភពបន្តថា ការធ្លាក់ភ្លៀងខ្លាំងអាចកើតឡើងចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសៅរ៍ សប្តាហ៍នេះនៅក្នុងតំបន់ខេត្តភាគខាងត្បូងប្រទេសថៃ និងនៅដែនកោះទេសចរណ៍ដ៏ទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិនិងក្នុងស្រុកផងដែរ ។
រីឯរលទឹកសមុទ្រវិញ មានកម្ពស់ពី៣ទៅ៥ម៉ែត្រ អាចកើតមានឡើងនៅឈូងសមុទ្រថៃ និងកម្ពស់ពី២ម៉ែត្រដល់៣ម៉ែត្រនៅសមុទ្រ Andaman ឈូងសមុទ្រភាគខាងលិច ។ ខ្យល់ខ្លាំងក៏បក់កួចផងដែរ ដូច្នេះ ការធ្វើដំណើរតាមផ្លូវទឹកមិនល្អប្រសើរនោះទេ គួរតែរង់ចាំរហូតដល់ថ្ងៃសៅរ៍នោះសិន ។
កន្លងមកថ្មីៗ នៅក្នុងប្រទេសហ្វីលីពីន រងការវាយប្រហារដោយព្យុះទីហ្វុង បានសម្លាប់មនុស្ស ដល់ទៅ២២នាក់ និងបង្ខំឲ្យពលរដ្ឋរាប់មឺននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព ។
ចំណែកការិយាល័យការពារជាតិរបស់រដ្ឋាភិបាលបានអោយដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងពីចន្លោះ ៤ នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងតំបន់ Bicol និងតំបន់ Visayas ភាគខាងកើតប្រទេសហ្វីលីពីនដែលបង្កឱ្យមានទឹកជំនន់និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ។
មនុស្សជាច្រើនបានស្លាប់ដោយសារការរអិលបាក់ដី និងការលង់ទឹក។
យោងតាមមន្ត្រីគ្រោះមហន្តរាយក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២២០០០ នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ មុនព្យុះមកដល់ដែលបានបំផ្លាញផលដំណាំ ហើយធ្វើអោយខូចខាតរចនាសម្ព័ន្ធដូចជា ផ្លូវ ថ្នល់ និងស្ពានផងដែរ៕