ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ និងលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ខណៈដែលក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាបម្រុងលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៤១នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្រុមជនសង្ស័យសរុបមានគ្នា៣នាក់ ទី១-ឈ្មោះ ហ៊ូ រ៉ាត់ ហៅញ៉ូន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទី២-ឈ្មោះ អ៊ុន សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ ជនសង្ស័យទី១និងទី២មានទីលំនៅភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យម្នាក់ទៀតពុំស្គាល់អត្ដសញ្ញាណ (ជាអ្នកដឹកជនសង្ស័យទាំង២នាក់ខាងលើធ្វើសកម្មភាព)រត់គេចខ្លួន ។ ក្នុងការឃាត់ខ្លូននេះផងដែរ សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងមាន៖ ដែកសម្រាប់ឆ្កិះសោរចំនួន១ ,ដងទួណឺវីសចំនួន១ ,ផ្លែទួណឺវីសចំនួន១ ,ដែកសំប៉ែតសំរាប់កាច់សោរចំនួន២ ,សោខ្សៀចំនួន១ ,លួសបត់សំរាប់ដោតខ្សែភ្លើងចំនួន៤ និងសាំង១ដបទឹកបរិសុទ្ឋផងដែរ ។
ប្រភពដដែលបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលលំហាច និងប្រជាការពារបានចុះល្បាតក្នុងភូមិសាស្រ្ដដែលខ្លួនគ្រប់គ្រង លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញក្រុមជនសង្ស័យទាំង៣នាក់ខាងលើជិះម៉ូតូឌុបគ្នា ភ្លាមនោះកម្លាំងនគរបាលក៏បានហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យសួរនាំ ខណៈនោះស្រាប់តែជនសង្ស័យស្ទុះរត់គេច ភ្លាមនោះកម្លាំងនគរបាលបានរត់ដេញតាមចាប់ខ្លួន រួមជាមួយនឹងប្រជាពលរដ្ឋផងដែរ រហូតបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ូ រ៉ាត់ ហៅញ៉ូន រីឯជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីចាប់ខ្លួនជនសង្ស័យម្នាក់ នគរបាលបានយកជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួននិងឈ្មោះ អ៊ុន សាវឿន ហៅតឿ និងម្នាក់ទៀតពុំស្គាល់ឈ្មោះបានជិះម៉ូតូឌុបគ្នាដឹកមកទម្លាក់ដើម្បីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកអង្គស្នួល ។ ជនសង្ស័យបានសារភាពបន្ដទៀតថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២រំលងអាធ្រាត្រ ពួកគេបានធ្វើសកម្មភាពគាស់ផ្ទះបាយលួចបានម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1B-6934 លេខ តួនិងលេខម៉ាស៊ីន 8336335 ជារបស់ជនរងគ្រោះឈ្មោះ សាន ជា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និង១គ្រឿងទៀតម៉ាកExcite ពណ៌សលាយខ្មៅ គ្មានស្លាកលេខ លេខតួ425801 លេខម៉ាស៊ីន 445710 ជារបស់ជនរងគ្រោះឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយពីលួចបាន ខ្លួនបានយកម៉ូតូនោះទៅលក់នៅម្តុំផ្សារឃ្លាំងរំសេវ ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ ប៊ូរ៉ាត ហៅញ៉ូនធ្លាប់ជាប់ពន្ឋនាគារខេត្តកំពង់ស្ពឺ ចំនួន២លើករួចមកហើយ ពីបទលួច រីឯឈ្មោះ អ៊ុន សាវឿន ធ្លាប់ជាប់ពន្ឋនាគារខេត្តកំពង់ស្ពឺ១លើកផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យចាប់ខ្លួនបានខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ