មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបដែល មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីលោក Patrick Shanahan បានបញ្ជាឲ្យថ្នាក់ក្រោមរបស់ លោក ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា ប្រទេសចិន ។
មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីការពារជាតិ Patrick Shanahan បានស្នើដល់ មន្ត្រីយោធាក្រោមឱវាទឲ្យ បន្តយុទ្ធសាស្ត្រការពារជាតិ នៅឆ្នាំ ២០១៨ ក្នុងនោះចិន គឺជាគូប្រជែងនិងជាសត្រូវ យុទ្ធសាស្ត្រ ។
យុទ្ធសាស្ត្រយោធាខាងលើ បាន បន្សល់ទុក ពីអតីតរដ្ឋមន្ត្រី James Mattisពេលលោកចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ។ ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិថ្មី បាននិយាយទៅកាន់មន្ត្រីក្រោមឱវាទរបស់ខ្លួនថា ត្រូវតែចង ចាំនូវពាក្យ មួយម៉ាត់ «ចិន ចិន ចិន»។ ព័ត៌មានខាងលើបានផ្សព្វផ្សាយ ក្នុងពេល ដែល ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំងប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ថនិង ពាណិជ្ជកម្ម ដែនសមុទ្រ ចិនខាងត្បូងនឹងបញ្ហាកោះតៃវ៉ាន់ ។
ក្រុមអ្នកឯកទេសវិភាគ បានបង្ហាញពីក្តី បារម្ភយ៉ាងខ្លាំង ខ្លាច ការប្រឈមមុខតានតឹងដាក់គ្នារវាងអាមេរិក នឹងចិន ក្លាយទៅជាសង្គ្រាមជាទ្រង់ទ្រាយធំប្រែក្លាយទៅជាសង្គ្រាមលោកលើកទីបី ។ កន្លងមកថ្មីៗ សារព័ត៌មាន National Interest បានបង្ហាញ ពីក្តីបារម្ភ ថាសង្គ្រាមលោកលើកទីបី នឹង កើតចេញពីសមុទ្រចិនខាងកើត និងខាង ត្បូង។
សាស្ត្រាចារ្យ Robert Farley មកពី មហាវិទ្យាល័យយោធាអាមេរិក បាននិយាយ ទៅកាន់សារព័ត៌មាន National interest ថា នៅក្នុងឆ្នាំ២០១៩ តំបន់ដែល«ក្តៅ»បំផុត នៅលើពិភព លោក អាចជាកន្លែងចាប់ ផ្តើមនៃសង្គ្រាមលោកលើកទីបីមាន សមុទ្រចិនខាងត្បូង ខាងកើត បញ្ហា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឧបទ្វីបកូរ៉េ ។ សមុទ្រចិនភាគខាងត្បូង និងខាងកើត ជាទីកន្លែងប្រឈមមុខខ្លាំងជាងគេបំផុត រវាងអាមេរិកនឹង ចិន ។
ចំណែកសារព័ត៌មានThe Sun បានដក ស្រង់សម្តីឧត្តមសេនីយ៍ឯក កងទ័ពជើង ទឹកចិនលោក យានឡុង អនុប្រធាននៃវិទ្យាស្ថានយោធាចិនបានព្រមានថា កម្លាំង ទាហានចិន អាចនឹងវាយពន្លិច នាវាផ្ទុក យន្តហោះអាមេរិកពីរគ្រឿង។ ការលើក ឡើងខាងលើ របស់លោក នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់យោធាចិន ។
លោកបន្តទៀតថា «ចំណុចដែលអាមេ រិកខ្លាចបំផុតនោះគឺ ការបាត់បង់អាយុជីវិត ទាហាន ហើយការបាញ់កម្ទេចនាវាផ្ទុក យន្តហោះមួយគ្រឿង គឺអាចសម្លាប់នាវិក នៅលើនាវានោះរហូតដល់ទៅជាង៥ពាន់នាក់ មានទាំងស្ត្រីដែលបម្រើការនៅទីនោះផងដែរ។ ប្រសិនបើ ចិនវាយពន្លិច នាវាផ្ទុកយន្តហោះពីរ គ្រឿងមានន័យថា អ្នកស្លាប់នឹងមានដល់ទៅជាង១មឺុននាក់» ។ គឺច្រើនជាង ការចូលរួមនៅក្នុងសមរ ភូមិក្តៅ ក្នុងប្រទេសអីុរ៉ាក់ ឬអាហ្វហ្គានី ស្ថាន ទៅទៀត ។
នៅពេលនេះដែរ យោធាអាមេរិក នឹងធ្វើសមយុទ្ធបាញ់មីស៊ីលចេញពីយន្តហោះ លើកដំបូងបំផុតនៅជុំវិញដែនកោះអូគីណាវ៉ា ខណៈទីក្រុងវ៉ាស៊ីនតោន បាននិង កំពុងបង្កើនសកម្មភាពទប់ទល់ជាមួយ អាវុធរបស់ចិន ។
សារព័ត៌មានSankeiថ្ងៃទី៣ ខែមករា បានផ្សាយថា កម្លាំងយោធាអាមេរិកបានប្រាប់សមភាគីជប៉ុន អំពីគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចេញពីដីទៅលើ អាកាស នៅក្នុងមូលដ្ឋានយុទ្ធសាស្ត្រអូគីណាវ៉ា នៅក្នុងឆ្នាំនេះ ដែលជាការធ្វើសមយុទ្ធលើកដំបូងបង្អស់របស់សម្ពន្ធមិត្តជប៉ុនមួយនេះ ។
ប្រភពបន្តថា សមយុទ្ធនេះ នឹងមាន ការបាញ់រ៉ុក្កែតចល័ត ដែលគេមើលឃើញ ថា ជាវិធានការទប់ស្កាត់ ការវាយប្រហារពីមីស៊ីលឆ្លងទ្វីបរបស់ចិនចេញពីផ្ទៃដីទៅ សមុទ្រផងដែរ ។នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត។
រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានសម្តែងការតវ៉ាជាខ្លាំងចំពោះសហរដ្ឋអាមេរិក ជុំវិញការចុះហត្ថលេខាលើច្បាប់ មួយ ស្តីពីការផ្តល់ទំនុកចិត្តឲ្យអាស៊ី (Asia Reassurance Initiative Act)។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅល្ងាចថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។
នាដើមសប្តាហ៍ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យច្បាប់ខាងលើចូលជាធរមានពេញលេញ ដែលជំរុញឲ្យអាមេរិកបង្កើនសកម្មភាព ចូលរួមពាក់ព័ន្ធ នៅក្នុងកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹងការគាំទ្រដល់តំបន់នេះ ដោយរួមមានទាំងការលក់សព្វាវុធ ដល់បណ្តាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះក៏មានកោះតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានលើក ឡើងថា ច្បាប់ផ្តល់ទំនុកចិត្តឲ្យអាស៊ីនេះ បំពានលើគោលនយោបាយចិនតែមួយ និងប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរបស់ចិន។ បើតាមលោក Lu ទីក្រុងប៉េកាំងទទូចឲ្យ អាមេរិកបញ្ឈប់ការអនុវត្តច្បាប់នេះ ហើយដោះស្រាយបញ្ហាតៃវ៉ាន់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
គួរជម្រាបថា ក្នុងថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន សង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជារឿងផ្ទៃក្នុង របស់ចិន ហើយមិនអនុញ្ញាតឲ្យមានការ លូកលាន់ពីខាងក្រៅដាច់ខាត។ បន្ថែមពីនេះប្រធានាធិបតីចិនក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ មករួបរួមជាមួយទីក្រុងប៉េកាំង ដើម្បីទទួលបានការធានាសន្តិភាពយូរ អង្វែង ខណៈចិនក៏បានព្រមានផងដែរថា ការប្រើប្រាស់កម្លាំងបាយនៅតែអាចកើតមាន ក្នុងករណីមានបរទេសណាមួយចង់ បំបែកកោះតៃវ៉ាន់ពីចិនដីគោកនោះ៕ ម៉ែវ សាធី