ព័ត៌មានទាន់ហេតុការណ៍៖

អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល សត្វផ្សោតជិតផុតពូជ ភ្ញៀវទេសចរណ៍ ក៏ថយចុះ ព្រោះតែសំឡេងរំខានពីវារីអគ្គិសនី ដនសាហ៊ុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សត្វផ្សោតជាច្រើនក្បាលកាលពីប៉ុន្មានឆ្នាំមុន ហើយភ្ញៀវទេសចរណ៍ ក៏កើនឡើងចូលទស្សនា តំបន់អេកូទេសចរណ៍អន្លង់ផ្សោតមួយនេះ ឥឡូវនេះថយចុះភ្ញៀវទេសចរណ៍ចូលទស្សនាខុសប្លែក ដោយសារតែតំបន់អន្លង់ផ្សោតនេះ សត្វផ្សោតជិតបាត់បង់ ព្រោះតែវារីអគ្គិសនីដនសាហ៊ុង ព្រោះសត្វផ្សោត វាមិនអាចទទួលនៅពន្លឺអគ្គិសនីបានទេ និងសំឡេងរំខានការរស់នៅរបស់វា រួមនឹងប្រជានេសាទដាក់មងនៅតំបន់ហាមឃាត់ អភិរក្សអន្លង់ផ្សោតធ្វើឲ្យសត្វផ្សោត ហែលទៅជាប់មង ធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផ្សោត ជាបន្តបន្ទាប់ ដែលឋិតនៅចំណុចអន្លង់ឈើទាល ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោក ផយ វណ្ណា អនុប្រធាន អេកូទេសចរណ៍ព្រះរំកិលបានឲ្យដឹងថា សត្វផ្សោតក្នុងអន្លង់អូរឈើទាល នៅសល់តែចំនួនបីក្បាលប៉ុណ្ណោះ ក្រៅពីនេះបានងាប់ និងបាត់ខ្លួនមិនដឹងជាទៅណានោះទេ ព្រោះដោយសារមានសំឡេងរំខានក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដនសាហ៊ុង មក រួមនឹងពន្លឺរំខានផងនោះ ធ្វើឲ្យសត្វផ្សោតមានការបម្លាស់ទី ទៅរកទីសុវត្ថិភាព ព្រោះវាត្រូវការស្ងប់ស្ងាត់ និងអន្លង់ជ្រៅ ។

លោកបានបញ្ជាក់ថា នៅតំបន់អេកូទេសចរណ៍ ឋិតក្នុងឃុំព្រះរំកិលនេះ ដែលមានអន្លង់សត្វផ្សោតរស់នៅមួយកន្លែង មានឈ្មោះអន្លង់អូរឈើទាល ហើយពីមុនអន្លង់អូរឈើទាល មានសត្វផ្សោតរស់នៅជាងដប់ក្បាល តែឥឡូវនៅតែចំនួនបីក្បាលប៉ុណ្ណោះ ក្រៅពីនោះ បានងាប់ និងបាត់ខ្លួន វាត្រូវបម្លាស់ទី ព្រោះតែវាមិនចូលចិត្ត សំឡេងរំខាន់ និងចាំងពន្លឺភ្លើងនោះទេ ហើយ ក៏ដូចជាការបំផ្ទះគ្រាប់រំសេវ ធ្វើទំបន់វារីដនសាហុង(នៅប្រទេសឡាវ)ផងដែរ ។

ជុំវិញរឿងនេះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឲ្យដឹងថា សត្វផ្សោតនៅខេត្ត មានចំនួនប្រមាណជាង៣០ក្បាល ដែលរស់នៅក្នុងអន្លង់ចំនួន៤កន្លែង គឺអន្លង់ចំនួន៣ ស្ថិតក្នុងស្រុកសៀមបូក និងមួយទៀតគឺអន្លង់អូរឈើទាល ឋិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។

លោកបន្តថា សត្វផ្សោតមានសារសំខាន់ណាស់ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ។ លោកថា ប្រសិនបើនៅក្នុងអន្លង់អូរឈើទាល សត្វផ្សោតវាកាន់តែជិតបាត់បង់អស់ទៅហើយនោះ ហើយភ្ញៀវទេសចរណ៍ ក៏ថយចុះទៅតាមហ្នឹងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ មេត្តាជួយថែរក្សាគ្នាកុំប្រើឧបករណ៍ ខុសច្បាប់ នៅជិតតំបន់ហាមឃាត់ នៅក្នុងតំបន់ដែលសត្វផ្សោត វាកំពុងរស់នៅ ឲ្យសត្វផ្សោតគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិចូលទស្សនាឲ្យបានកាន់តែច្រើនឡើងវិញ ដើម្បីជួយរកប្រាក់ចំណូលដល់បងប្អូនរស់នៅទីនោះ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់បងប្អូន ៕ មាស សុផាត


ចែករំលែក៖