ព័ត៌មានទាន់ហេតុការណ៍៖

​សម្តេច​តេ​ជោ ​ហ៊ុន សែន ​៖​ គ្មានអ្វី​ចាំបាច់​ដែល​ត្រូវ​បកស្រាយ​និង​ពន្យល់​ប្រាប់​ទៀត​នោះទេ​

ចែករំលែក៖

ខេត្ដ​​តាកែវ ​៖​ ជាថ្មី​ម្តងទៀត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នូវ​សារ​នយោបាយ បើទោះបីថា​សម្តេច​មិនបាន​បញ្ចេញ​ឲ្យ​ចំឈ្មោះ តែ​គេ​ដឹងថា​សារ​នយោបាយ​នេះ​គឺ​សំដៅ​ទៅលើ​ក្រុម​អតីត​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​កាត់​សិទ្ធិ​នយោបាយ ។ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​គ្មានអ្វី​ចាំបាច់​ដែល​ត្រូវ​បកស្រាយ​និង​ពន្យល់​ប្រាប់​ទៀត​នោះទេ ។​

ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្រប​​ពេលដែល​មាត្រា​៤៥​ថ្មី (​ស្ទួន​១) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​និង​ចូល​ជា​ធរមាន​កាលពី​ធ្ងៃ​ទី ៨ ខែមករា​។​ខណៈពេលដែល​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ម្តងទៀត​ដើម្បី​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ទាំង​១១៧​នាក់​កុំ​ឲ្យ​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា។​

នេះ​ជា​សារ​នយោបាយ​ឆ្នាំ​ថ្មី​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ចេញពី​វេទិកា សំណេះសំណាល​ជាមួយ​កម្មករ​និ​យោ​ជិ​ក​ជិត ២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​នស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​រឿង​នយោបាយ ខ្ញុំ​មិនចាំបាច់​និយាយ​ទេ ព្រោះ​ខ្ញុំ​និយាយ​អស់ហើយ​។ អ្នក​ស្តាប់​បាន​ឬ​មិនបាន​ទៅតាម​ដំណើរ​ទៅហើយ​អ្នក​ចង់ទៅ​ណា​ក៏​ទៅ​ទៅ​ខ្ញុំ​មិន​ទៅ​តមាត់​ជាមួយ​អ្នក​ទេ​»​។​

សម្តេច​ក៏បាន​រំលឹក​ឡើងវិញ​កាលពីដើមឆ្នាំ ២០០៤ បន្ទាប់ពី​ការបោះឆ្នោត​ហើយ​នៅ​ឆ្នាំ ២០០៣ រួច​តែ​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយសារតែ​ការ​មានការ​តថ្លៃ​គ្នា​អំពី​អំណាច។ សម្តេច​តេ​ជោ​បាន​ថ្លែងថា​៖“​កាលពីដើមឆ្នាំ​២០០៤ មិនអាច​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​ខ្ញុំ​បាន​ប្រាប់​ទៅ​លោក ញឹក ប៊ុនឆៃ ថា ឆៃ​ឯង​ប្រាប់​ទៅ​គណបក្ស​លោក ឆៃ ទៅ​ថា​ភាសារ​យោធា​បើ​និយាយ​ស្តាប់​គ្នា​មិនបាន​មានតែ អញ​ឈប់​និយាយ​រក​ហ្ហែង​”​។​

ជាមួយគ្នា​នោះដែរ​នោះ​សម្តេច​តេ​ជោ​ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​តាមដាន​មើល​សភាពការណ៍​នៅ​កម្ពុជា​ទៅដល់​កម្រិតណា​ផងដែរ ។ សម្តេច​បញ្ជាក់ថា​«​ចាំមើល​សភាពការណ៍​ខ្មែរ​ទៅដល់​ណា​ហ្ហែង​ធ្វើ​អី​ធ្វើទៅ​។​យើង​មិន​ធ្វើ​អី​ទេ​ក្មួយៗ​អើយ​តែ​សុំ​បង្កើត​អា​រឿង​ «…» ​ប៉ុន្តែ​រឿង​ដ​ដៃ​លទៀត​មាន​វិស័យ​កសិកម្ម កំពុង​រីកលូតលាស់ ហើយ​វិស័យ​ឧស្សាហកម្ម​ក៏​កំពុង​រីកលូតលាស់ និង​វិស័យ​សេវា​ក៏​កំពុង​រីកលូតលាស់»​។​

សូម​រំលឹក​ជូន​ដែលថា ​កាល​ថ្ងៃទី​២៦ ​ខែធ្នូ​ ឆ្នាំ ២០១៨ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្ម ករ​និយោជិត​នៅ​ខេត្តកណ្តាល ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ពន្យល់​រួច​ម្តង​ហើយ​ពាក់ព័ន្ធ​និង​មាត្រា​ទី​៤៥​ថ្មី​(​ស្ទួន​១)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​៖​ការធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​គឺ​មិនមែន​សម្រាប់​គណបក្ស​ណាមួយ​ឬ​អ្នកនយោបាយ​ណាមួយ​នោះទេ​គឺ​សំដៅ​ទៅលើ​អ្នកនយោបាយ​និង​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​មាន​ជម្រើស​៣​សម្រាប់​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្ត​សេចក្តីស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​គឺ​ដើម្បី​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា មិនមែន​តម្រូវ​អ្នកនយោបាយ ១១៨ នាក់​នៃ​អតិ​ត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖​អ្វីដែល​ខ្ញុំ​សូម​ផ្តាំ​នៅក្នុង​ពេលនេះ សេចក្តីស្នើ​វិសោធន៍កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​រួចហើយ​បន្ទាប់​ទៅ​ត្រូវ​បញ្ជូនទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ​ពេល​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​និងដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​សម្តេច​សូមបញ្ជាក់​សារជាថ្មី​ចំពោះ​មនុស្ស​មួយចំនួន​ដែល​មិន​យល់ថា​ច្បាប់​នេះ​ធ្វើឡើង​សម្រាប់​បណ្តា​គណបក្សនយោបាយ​ទាំងអស់​នៅពេល​ខាងមុខ​មិនមែន​តម្រូវ​មនុស្ស​មួយក្រុម​ណា​ជាក់លាក់​នោះទេ។ ពិត​ហើយ​មនុស្ស​មួយចំនួន​កំពុង​ជាប់​បម្រាម​នេះ​(​មន្ត្រី​បក្សប្រឆាំង​) មិនមែន​ច្បាប់​នេះ​ចេញ​ហើយ​រួចខ្លួន​នោះទេ​អ្នកឯង​ត្រូវធ្វើ​ការសុំ​ម្តងម្នាក់ មិនមែន​សុំ​មួយកញ្ចប់​ទេ​។ ផ្តាំ​ឲ្យ​ហើយ​អ្នកឯង​អាច​ជ្រើសរើស​ទៅ​អ្នកឯង​អាច​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ទាល់​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើកសំណើ​ទៅ​នាយករដ្ឋមន្ត្រី​ហើយ​នាយករដ្ឋមន្ត្រី​លើកសំណើ​ថ្វាយទៅ​ព្រះមហាក្សត្រ​។​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​បម្រាម​នោះ​! នេះ​ជា​ជម្រើស​ទី​១​។​

សម្តេច​បន្តថា​ជម្រើស​ទី​២.​អ្នក​ជាប់​បម្រាម​អាច​​លើកសំណើ​ទៅ​ផ្ទាល់​នាយករដ្ឋមន្ត្រី​ហើយ​នាយក​រដ្ឋមន្ត្រី​បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដើម្បី​ពិនិត្យថា​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ឬ​អត់ ? រួចហើយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លើកសំណើ​មក​នាយករដ្ឋមន្ត្រី ដើម្បី​លើ​ថ្វាយទៅ​ព្រះមហាក្សត្រ​សុំ​លើ​បម្រាម​នោះទេ។​

ចំណែក​ជម្រើស​ទី​៣ អ្នក​អាច​ថ្វាយ​លិខិត​ផ្ទាល់​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​លើកលែង​។ តាម​ទម្លាប់​ធម្មតា​ព្រះមហាក្សត្រ​គឺ​បញ្ជូនមក​នាយករដ្ឋមន្ត្រី​ផ្តល់យោបល់ ។ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់​សំណើ​នោះ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យថា​ត្រឹមត្រូវ​ហើយ​បញ្ជូនមក​នាយករដ្ឋមន្ត្រី​វិញ ដើម្បី​ថ្វាយទៅ​ព្រះមហា​ក្ស​ក្រ​ដើម្បី​លើកលែង​បម្រាម​នោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើងថា​ការស្នើសុំ​ដក​បម្រាម​នេះ​ត្រូវធ្វើឡើង​ម្នាក់​ម្តងៗ​តាម​លក្ខខណ្ឌ​សម្បត្តិ​របស់​មនុស្ស​ម្នាក់ៗ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ចំពោះ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ហើយ​គិតថា​ខ្លួន​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ថា​៖ «​ពិត​ហើយ​យើង​ដឹងថា​មាន​អ្នក​មិន​ស្នើសុំ​។ បាទ​! មិន​ស្នើសុំ​ខ្ញុំ​សូម​អរគុណ​ព្រោះ​អ្នក​ត្រូវ​ដឹងថា​អ្នក​ដែល​មិន​ស្នើសុំ​ក៏​មិនត្រូវ​បាន​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ ដែរ​។ អ្នក​ជ្រើសរើស​ទៅ​! រវាង​អ្នក​ម្ខាង​អ្នក​សុំ​អ្នកនោះ​នឹង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ឥឡូវ​ដើម្បី​រៀបចំ​កម្លាំង​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២​។​ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅជាប់​បម្រាម​ដែល​ធ្វើ​នយោបាយ​នោះ​នឹងត្រូវ​ទទួលទោស​បន្ថែម​ទៀត»។​ សម្តេច​តេ​ជោ​បន្តថា​៖«​អ្នក​គិត​មើលទៅ​ចំណេញ​ខាត​នៅ​កន្លែង​ណា​អ្នក​គិត​មើលទៅ ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ​! តែ​ច្បាប់​បាន​បើក​ហើយ​។ ពីមុន​នេះ​បាន​ស្នើសុំ ប៉ុន្តែ​សាលដីកា​តុលាការ​កំពូល​ដែល​ចេញ​ហើយ​បិទផ្លូវ​តវ៉ា​។ ឥឡូវ​យើង​បើក​ច្រក​ហើយ​អ្នក​ចង់​ចេញ​ក៏​ចេញ អ្នក​ចង់​ចូល​ក៏​ចូល​។ ផ្ទុយទៅវិញ​មិន​ចូល​ខ្ញុំ​សូម​អរគុណ​។ ព្រោះ​ជៀសវាង​ការ​រញ៉េរញ៉ៃ​»​។​

កាលពី​ថ្ងៃទី ៨ ខែ មករា នេះ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​មាត្រា​៤៥​ថ្មី (ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មាត្រា​ថ្មី​នេះ ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត ឲ្យ​អ្នក​ដែល​ត្រូវបាន​តុលាការ​កំពូល ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ បាន​ចូលធ្វើ​នយោបាយ​វិញ​។​

សូមបញ្ជាក់​ជូន​ថា​៖​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​នក​ម្ម​ច្បាប់​គណបក្សនយោបាយ​ត្រូវបាន​រៀបចំ​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប​ដើម្បី​កែប្រែ​នូវ​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​)​ដូចតទៅ​៖«​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​មិនអាច​បង្កើត​គណបក្សនយោបាយ​ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ​ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ ​បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្ម ភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល​ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»៕


ចែករំលែក៖