ព័ត៌មានទាន់ហេតុការណ៍៖

តើចិននឹងផ្តល់យុទ្ធសាស្រ្តអ្វីបន្ថែមទៀតដល់លោកគីម ជុងអ៊ុន សម្រាប់ជំនួបលើកទីពីរជាមួយលោក ត្រាំ?

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុនបានបំពេញទស្សនកិច្ច ក្នុងឱកាសខួបកំណើតលើកទី៣៥របស់ខ្លួនទៅកាន់ប្រទេសចិន ដែលជាសារដ៏សំខាន់បំផុត ផ្ញើទៅ កាន់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅមុនជំនួបជាលើកទីពីរ និងជាការផ្តល់ ទំនុកចិត្តបន្ថែមពីអាមេរិក ដើម្បីកាត់បន្ថយ ទណ្ឌកម្ម។

សារព័ត៌មាន SCMP បានផ្សាយថា លោកគីម ជុងអ៊ុនបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងប្រទេសចិន ក្នុងដំណើរទស្សនកិច្ច លើកទី៤ ដោយធ្វើដំណើរតាមរថភ្លើង ។ដំណើរទស្សនកិច្ចនោះគឺនៅមុន ជំនួបលើកទីពីរជាមួយប្រធានាធិបតីអាមេរិក ។

ខួបកំណើតមេដឹកនាំ កូរ៉េខាងជើង គឺជាពិធីបុណ្យជាតិដ៏សំខាន់បំផុតនៅក្នុង ប្រទេស ប៉ុន្តែនៅក្នុងឱកាសខួបលើកទី៣៥ របស់លោកគីម ជុងអ៊ុន មានសភាពធម្មតា មិនមានការរៀបចំអធិកអធមអ្វីនោះឡើយ ។

តាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានផ្សាយថា ប្រធានាធិបតីចិន ស៊ី ជីន ពីង និង មេដឹកនាំគីម ជុងអ៊ុន បានពិភាក្សា គ្នាជាច្រើនម៉ោង ដោយសម្ងាត់ មិនមាន អ្នកសារព័ត៌មានចុះផ្សាយ ឬក៏ប្រកាសពីលទ្ធផលនៃជំនួបទ្វេភាគីនោះឡើយ។

វត្តមានរបស់លោកគីម ចំពេលដែល គណៈប្រតិភូអាមេរិក ទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាលើវិស័យពាណិជ្ជកម្ម ដែល បានឡើងគម្រោងទុកជាមុន។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងមិនដាក់គំនាបទៅលើទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងបញ្ហាកូរ៉េ ខាងជើងឡើយ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា លោកគីម ជុងអ៊ុនកំពុងអនុវត្តយុទ្ធ សាស្ត្រ ធ្វើឲ្យមានតម្លាភាព រវាងអាមេរិក នឹងចិន ។ មួយវិញទៀតកូរ៉េខាងជើង ចង់ទទួលបានការធានាពីចិន ក្នុងការអភិ វឌ្ឍសេដ្ឋកិច្ច បើទោះបីអាមេរិក នៅតែបន្ត ដាក់ទណ្ឌកម្មក្តី ។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាខាងលើ សារ ព័ត៌មានយ៉ុនហាប់ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា លោក គីម និងលោក ស៊ី បានចូលរួមក្នុងកិច្ចប្រជុំមួយមានរយៈពេលជាង ៤ម៉ោង ហើយមេដឹកនាំទាំងពីរក៏បានជជែកគ្នាផងដែរពីជំនួប រវាង លោក គីម នឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទំាងពីរ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងមួយនេះ មិនបានបញ្ជាក់អ្វីលម្អិតទៀតនោះទេ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និង ភរិយាគឺលោកស្រី Ri Sol Juព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប បានចាក ចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងពិសេសមួយកាលពីល្ងាចថ្ងៃចន្ទ ហើយបានមក ដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ដើម្បី បំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃរហូត ដល់ថ្ងៃព្រហស្បតិ៍ តបតាមការអញ្ជើញ របស់លោក ស៊ី ជីនពីង។ ម្យ៉ាងវិញទៀត នេះគឺជាដំណើរទស្សនកិច្ចជាលើកទី៤ របស់លោក គីម មកកាន់ប្រទេសចិន ហើយត្រូវបានធ្វើឡើងនៅមុនជំនួបក្រោមការរំពឹងទុកជាមួយលោក ដូណាល់ ត្រាំ ដែលធ្លាប់ និយាយថាវាអាចនឹងកើតមានឡើងនៅ ចុងខែមករា ឬខែកុម្ភៈក្រោយនេះ។

សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករាបាន ផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបាន និយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាង ជើងបាននិងកំពុង ចរចាគ្នាពីទីតាំងរៀបចំកិច្ចប្រជុំកំពូលជាលើកទី ២ ជាមួយលោក គីម ជុងអ៊ុន ស្របពេលមានសេចក្ដីរាយ ការណ៍ជាបន្តបន្ទាប់ថាទីក្រុងហាណូយ បាងកក និងកោះហាវ៉ៃ កំពុងស្ថិតនៅក្រោម ការពិចារណា។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅលោកត្រាំ បានបញ្ជាក់ យ៉ាងខ្លីដូច្នេះថា «យើងកំពុងពិចារណាពីទីតាំងរៀបចំកិច្ចប្រជុំកំពូល… ហើយវានឹងត្រូវបានប្រកាសនៅក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែក្រោយការប្រកាសនេះបានប៉ុន្មានថ្ងៃ បណ្ដាសារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាក្នុងទីក្រុងហាណូយ ដើម្បីជជែកគ្នាពីបញ្ហានេះហើយ ខណៈ ទីក្រុងហាណូយត្រូវ បានគេរំពឹងខ្ពស់ជាង គេថា អាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួប កំពូលអាមេរិក-កូរ៉េខាងជើង ព្រោះតែវៀតណាមបច្ចុប្បន្នមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង និងអាមេរិកដូចគ្នា។

សារព័ត៌មានកូរ៉េខាងត្បូង MunhwaIlbo បានផ្សាយថា កិច្ចប្រជុំកំពូលរវាងលោក ត្រាំ នឹងលោក គីម អាចនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀត ណាម ហើយការអះអាងបែបនេះបានកើតមានឡើងបន្ទាប់ពីសារព័ត៌មានមួយនេះ ទទួលបានដំណឹងមកថា មន្ត្រីអាមេរិក និង កូរ៉េខាងជើង បានជួបប្រជុំគ្នាក្នុងទីក្រុងហាណូយនាពេលថ្មីៗនេះ ដើម្បីពិភាក្សាពី ជំនួបកំពូលនេះ។

ក្រៅតែពីវៀតណាមនោះ ប្រទេសម៉ុង ហ្គោលី ថៃ និងម៉ាឡេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់រៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក គីម នឆងលោកត្រាំ ផងដែរ។

ចំណែកឯក្រុមអ្នកជំនាញខ្លះយល់ថា វៀតណាមមានឱកាសខ្ពស់ជាងគេ ដ្បិត បច្ចុប្បន្នវៀតណាមជាប្រទេសកុម្មុយនីស្ដដូចកូរ៉េខាងជើង តែ មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងសហរដ្ឋអាមេរិក ផង។

លើសពីនេះទៅទៀត កូរ៉េខាងជើងមានស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសវៀតណាមស្រាប់ ហើយក៏ធ្លាប់ជាសម្ពន្ធមិត្តនឹងគ្នានៅអំឡុងសម័យសង្រ្គាមវៀតណាម ផងដែរ ជាទីដែលទីក្រុងព្យុងយ៉ាងធ្លាប់ បានផ្ដល់ជំនួយដល់ទីក្រុងហាណូយ ដើម្ប ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ដោយឡែក បើនិយាយពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញ ក៏កាន់តែល្អប្រសើរទៅទៀត ព្រោះទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីន តោន បានខិតជិតគ្នាកាន់តែជិតដោយទុកជម្លោះពីអតីតមួយឡែក បន្ទាប់ ពីអតីត ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបា ម៉ា បំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាមកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ធ្លាប់ជួបគ្នាក្នុងជំនួបកំពូលម្ដងរួចមកហើយដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ ២០១៨។ ថ្មីៗនេះប្រទេសថៃបានប្រកាសស្វាគមន៍ជំនួបកំពូល ត្រាំ-គីម ជាលើកទី ពីរ ហើយស្ម័គ្រក្លាយជាខ្លួនជាម្ចាស់ផ្ទះ ប៉ុន្តែការប្រកាសនេះបានធ្វើឡើងក្រោយវៀតណាមប៉ុណ្ណោះ។ ដោយឡែកអ្នក ជំនាញខ្លះ បានលើកឡើងថា កោះហា វ៉ៃក៏អាចក្លាយជាជម្រើសដែរ ប៉ុន្តែវាមិន ស័ក្តិសមទាំងស្រុងឡើយ ព្រោះកូរ៉េខាងជើងទំនងជាមិនអាចពេញចិត្តឡើយ ព្រោះវាជាដែនដីគ្រប់គ្រងដោយអាមេរិកសុទ្ធសាធ នៅកណ្តាលមហាសមុទ្រប៉ាស៊ី ហ្វិក៕ ម៉ែវ សាធី


ចែករំលែក៖