ភ្នំពេញ៖ ដូចអ្វីដែលជាក្តីសុបិន្តរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះបានក្លាយជាការពិត១០០ភាគរយហើយ នោះគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយនេះចំនួន១៥៣គ្រួសារ បានទទួលប្លង់ដីកម្មសិទ្ធិជិតមាត់ប្រឡាយស្របច្បាប់ ក្នុង ចំណោម ប្រជាពរដ្ឋ ៤៥០ គ្រួសារទៀត ដែលនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ទៀត។
ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៏៦កើតខែ បុស្ស ឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១២ មករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោមអធិបតី ភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យនិងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ មិនថារស់នៅតំបន់ណាក៏ដោយ។ ជាក់ស្តែងសម្រាប់ពេលនេះ គឺយើងពិតជាបានឃើញជាក់ស្តែងតាមរយៈការប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យនេះ។
លោកឃួង ស្រេង បានផ្តាំផ្ញើរ ទាំងអាជ្ញាធរនិងអាជ្ញាធរត្រូវនៅជាមួយគ្នាទៅវិញទៅមក មានន័យថា ប្រជាពលរដ្ឋចង់បានអីយើងត្រូវជួយពួកគាត់ ហើយប្រជាពលរដ្ឋក៏ត្រូវសហការជាមួយអាជ្ញាធរវិញដែរ ក្នុងកិច្ចការងារអភិវឌ្ឍន៍និងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជាដើម។
លោកឃួង ស្រេងបន្តថា តំបន់នេះពីមុនចង្អៀតរកផ្លូវ ឬច្រកចូលផ្ទះសឹងតែមិនបានផងតែពេលនេះមានផ្លូវ មានភ្លើងអគ្គិសនី មានទឹកស្អាតប្រើប្រាស់ ហើយពិសេសថែមទៀតនោះ ប្រជាពលរដ្ឋក្រោយពីរាជរដ្ឋាភិបាលប្រទានកម្មដីមាត់ប្រឡាយជាកម្មសិទ្ធិ ប្រជាពលរដ្ឋបានសាងសង់ផ្ទះជាច្រើនជាន់ ។ ដែលនេះពិតជាបានបង្ហាញអោយឃើញពីការរស់នៅប្រកបដោយផាសុខភាព ដែលខុសពីការរស់នៅពីពេលមុខឆ្ងាយដូចមេឃនិងដី ។ ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តការងារនេះទៅកន្លែងផ្សេងទៀត។
លោកបានបន្តទៀតថា៖ ការប្រទានកម្មនេះ គឺធ្វើឡើងក្រោយពីមន្ត្រីជំនាញនិងអាជ្ញាធរសិក្សាទៅមើលឃើញថា យើងអាចស្ថាបនាប្រឡាយថ្មី ហើយអាចរំដោះទឹកបាន ទើបយើងប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ។ បងប្អូនប្រជាពលរដ្ឋទាំង១៥៣គ្រួសារ បានរើអីវ៉ាន់ពីក្រោមស្ពានមកនៅលើដីកម្មសិទ្ធិស្របច្បាប់ហើយ ដើម្បីអោយប្រជាពលរដ្ឋជំហានទី២ចូលមកស្នាក់នៅបន្តជាតំណាក់កាលៗ រហូតការដ្ឋានស្ថាបនាប្រឡាយទាំងមូលត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើ ប្រឡាយនេះ១៥៣គ្រួសាររួចហើយដែរ កាលពីប៉ុន្មានខែមុននេះ ។ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕ សំរិត