ខេត្តពោធិ៍សាត់៖ យ៉ាងហោច ២នាក់ប្តីប្រពន្ធបានបាត់បង់ជីវិតយ៉ាងរន្ធត់ គៀបជាប់នៅក្នុងកាប៊ីនរថយន្ត និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីលើកនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៦ និង៣៥នាទី ព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិ.ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយម៉ូតូ ១គ្រឿងបានកៀរម៉ូតូ ១គ្រឿងផ្សេងទៀតស្របទីសគ្នា(ជើងត្បូង)រួចបើករត់គេចបាត់ ចំណែកម៉ូតូរងគ្រោះបានរេចង្កូតទៅបុកក្មេងស្រីជិះកំពុងកង់ បណ្ដាលឲ្យរងរបួសដៃឆ្វេង(ធ្ងន់) ចំណែកភាគីបើកបរម៉ូតូ និងអ្នករួមដំណើរបានរងរបួសយ៉ាងដំណំផងដែរ។
ប្រភពខាងលើបន្តថា លុះនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១២ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៩.២២០ ស្ថិតក្នុងភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A 1088 ឈ្មោះ ខេង រ៉ា ភេទប្រុស អាយុ ៤១ឆ្ឋាំ ជនជាតិខ្មែរ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ធា អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលបុកគូថរថយន្ត ១គ្រឿងផ្សេងទៀតម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1A 6378 បណ្ដាលឲ្យស្លាប់ គៀបជាប់ក្នុងកាប៊ីនរថយន្តយ៉ាងរន្ធត់ ចំណែកអ្នកបើកបររថយន្តភាគីម្ខាងឃើញដូច្នេះរត់គេចខ្លួនបាត់។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជនរងរបួសសមត្ថកិច្ចជួយសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងកំពុងតែញាប់ដៃញាប់ជើងចាត់ចែងយកទៅរក្សាជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន