ខេត្តកំពត ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងកំពត សហការជាមួយនគរបាលស្រុកឈូក បានឃាត់ខ្លួនបុរសជនជាតិខ្មែរ និងចិនសរុប៤នាក់ ព្រមទាំងរថយន្តវីហ្គោមួយគ្រឿង នៅមុខអធិការដ្ឋាននគរបាលស្រុកឈូក ដែលបានបើករថយន្តកៀរម៉ូតូនិងបុកកម្លាំងសមត្ថកិច្ចកំពុងបំពេញភារកិច្ចល្បាតការពារសន្តិសុខ នៅផ្លូវជាតិលេខ៣ ចំណុចក្បាលស្ពានថ្មព្រែកកំពង់បាយ ប៉ែកខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ នេះបើយោងតាមប្រភពពីមន្រ្តីនគរបាលក្រុងកំពត ។
លោកវរសេនីយ៍ទោ ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងចំនួន១៤នាក់ ដឹកនាំបញ្ជាដោយរូបលោកផ្ទាល់ បានចេញល្បាតការពារសន្តិសុខនៅចំណុចខាងលើ ហើយប្រទះឃើញរថយន្តម៉ាកវីហ្គោមួយគ្រឿង បើកចេញពីហាងខារ៉ាអូខេសំរឹទ្ធិមាសហៅឌឹមូន ស្រាប់តែអ្នកបើករថយន្តបានបើករកបុកសមត្ថកិច្ចដែលកំពុងកាក់ឲ្យឈប់និងកៀរម៉ូតូរបស់កម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចល្បាតការពារសន្តិសុខនៅលើដងផ្លូវ ។ ភ្លាមនោះ ពួកគេព្យាយាមបើករថយន្តរត់គេចខ្លួនសំដៅទៅស្រុកឈូក ក៏ត្រូវនគរបាលស្រុកឈូក សហការដាក់បារ៉ាស់ឃាត់រថយន្តបាន ព្រមទាំងអ្នកជិះក្នុងរថយន្តទាំង៤នាក់ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពតដើម្បីសាកសួរ ។
លោកអធិការ បានឲ្យដឹងទៀតថា ដោយសាររថយន្តមិនព្រមឈប់ កម្លាំងល្បាតបានសុំកម្លាំងរថយន្តរបស់អធិការដ្ឋានក្រុងឲ្យជួយអន្តរាគមន៍ ។ ពេលឃើញរថយន្តរបស់សមត្ថកិច្ច រថយន្តវីហ្គោនេះក៏បានបើកគេចខ្លួនតាមផ្លូវជាតិលេខ៣សំដៅទៅស្រុកឈូក ពេលនោះសមត្ថកិច្ចបានយករថយន្តរបស់អធិការដ្ឋានក្រុងកំពត២គ្រឿងដេញតាម ព្រមទាំងម៉ូតូ៤ទៅ៥គ្រឿងទៀត។
ប្រភពដដែលបន្តទៀតថា នៅពេលរថយន្តនិងម៉ូតូរបស់នគរបាលក្រុងកំពត តាមប្រមាញ់រថយន្តបង្កនោះ ដោយសារផ្លូវជាតិលេខ៣កំពុងធ្វើការឈូសឆាយថ្មីៗនៅតាមចំណុចការដ្ឋានលើផ្លូវ ហើយធូលីហុយខ្លាំងផងនោះ ធ្វើឲ្យម៉ូតូសមត្ថកិច្ច២គ្រឿងធ្លាក់ជង្ហុកដួល បណ្តាលឲ្យមន្ត្រីសមត្ថកិច្ច២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាមភ្លាមៗ ។
ជនសង្ស័យទាំង៤នាក់នោះ ទី១-ឈ្មោះ សួរ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រុកព្រៃឈរ ខេត្តកំពង់ចាម ;ទី២-ឈ្មោះ រឿន សីហា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងស្រុកព្រៃឈរ ;ទី៣-ឈ្មោះ ស្រ៊ាង បូរី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិល្ពៀក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកបើករថយន្តរកបុកនិងកៀរសមត្ថកិច្ច ;និងទី៤- ឈ្មោះ Pi Xian Xiu ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ ជាអ្នកបើករថយន្តរត់គេច ។ ជនទាំង៤នាក់ជាបុគ្គលិកក្រុមហ៊ុនខ្សែកាបអុបទិក ។
ក្រោយកើតហេតុ មន្ត្រីនគរបាលក្រុងកំពតដែលរងរបួសក្នុងហេតុការណ៍នោះ ទី១-ឈ្មោះ សយ សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ;ទី២-ឈ្មោះ អ៊ុក សុដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣-ឈ្មោះ កែវ វឌ្ឍនៈ ភេទប្រុស អាយុ២៧ឆ្នាំ ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ គឺ២នាក់ដែលរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕សហការី