ព័ត៌មានទាន់ហេតុការណ៍៖

Huawei លេងធំ​ហើយ ចំណាយដល់​១០០ពាន់លានដុល្លារ ពង្រីកបណ្តាញ

ចែករំលែក៖

ក្នុងពេលដែលប្រទេសមួយចំនួន បានបោះបង់ ឧបករណ៍ សម្ភារអេឡិចត្រូនិចរបស់ហួរវាយ ក៏ដូចជា​ បណ្តាញ​ 5G ​ ធ្វើឲ្យក្រុមហ៊ុននេះបានសម្រេច ចំណាយប្រាក់មហាសាលដើម្បីពង្រឹង និងពង្រីក បណ្តាញសេវារបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បានបើកទ្វារចំហរឲ្យមានការត្រួតពិត្យ បញ្ជាក់ថា​ ក្រុមហ៊ុនពិតជាត្រឹមត្រូវ មិនមែនបម្រើនយោបាយដល់ប្រទេសណាមួយឡើយ ។

ដើម្បីពង្រឹង និងពង្រីកឥទ្ធិពល របស់ខ្លួនឡើងវិញ ក្រោយរឿងអាស្រូវ​ បង្កឡើងដោយអាមេរិក ក្រុមហ៊ុន​ Huawei Technologies Co Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត​របស់ចិន កាលពីថ្ងៃទី១៨ ខែមករា​បានប្រកាសពីគម្រោង វិនិយោគ ទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ដើម្បី សាងសង់ឡើងវិញនូវបណ្តាញ សេវាកម្ម​នៅក្នុងរយៈពេល​៥ឆ្នាំខាងមុខ ។

គម្រោង​ខាងលើរបស់ក្រុមហ៊ុន​ Huawei គឺដើម្បី ឆ្ពោះទៅកាន់គោលដៅធំៗចំនួន៤ គឺ ពង្រីកបណ្តាញ ធានាសន្តិសុខបណ្តាញ និងការពារឯកជនភាព នៅក្រោមបទប្បញ្ញត្តិរួម ព្រមទាំងបំពេញទៅតាមលក្ខខណ្ឌរបស់អឺរ៉ុប ។

លោក​ Ren Zhengfei ​អ្នកបង្កើតក្រុមហ៊ុន​ Huawei ​ បានលើកឡើងថា ក្រុមហ៊ុន​របស់លោក បានកំណត់គោលដៅ នៃការធានាសន្តិសុខបណ្តាញ និងទិន្នន័យផ្ទល់ខ្លួនរបស់អ្នកប្រើប្រាស់គឺជាសំខាន់ ។​ពេលថ្មីៗនេះ ក្រុមហ៊ុន បានបើកទ្វារ​បន្ទប់ពិសោធន៍ស្រាវជ្រាវ ឲ្យមានការត្រួតពិនិត្យ ពីបណ្តាក្រុមឯកទេសនានា​ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ​បានច្បាស់ថា ក្រុមហ៊ុននេះ ពិតជាត្រឹមត្រូវ មិនបម្រើនយោបាយ​ប្រទេសណាមួយនោះឡើយ ។

នៅពេលនេះ ក្រុមហ៊ុនដ៏ធំរបស់ចិន​កំពុងតែប្រឈមនឹង​ឧបសគ្គយ៉ាងធំ ដោយការចោទប្រកាន់របស់អាមេរិក​ ពាក់ព័ន្ធ​ នឹងចារកម្ម ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ។ កន្លងមក បើទោះបីក្រុមហ៊ុន និងរដ្ឋាភិបាលបានច្រានចោលក្តី តែអាមេរិក និងប្រទេសមួយចំនួន បានបង្ហាញការមិនទុកចិត្តទៅលើក្រុមហ៊ុន​មួយនេះ ​។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្រុមហ៊ុន ​Huawei ​បានក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម​រវាងអាមេរិក នឹង ចិន ដោយអាមេរិក បានកំណត់ទៅលើក្រុមហ៊ុនដ៏ធំបំផុត​របស់ចិន សម្រាប់វាយប្រហារ និង«ចាប់ក្រុមហ៊ុននេះធ្វើជាចំណាប់ខ្មាំង ក្នុងសង្គ្រាមពាណិជ្ជកម្ម»៕


ចែករំលែក៖