ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីខ្ចីម៉ូតូមិត្តភក្កិបែរជាយកទៅលក់បាត់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើជា ខ្ចីម៉ូតូមិត្តភក្តិជិះមួយភ្លែត បែរជាយកម៉ូតូមិត្តភក្តិទៅលក់បាត់ បានលុយគេចខ្លួនទៅធ្វើការកន្លែងផ្សេង ម្ចាស់ប្រទះឃើញចាប់នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចនាំមកប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យវិញ ។

ជនសង្ស័យឈ្មោះ គី កុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ពិតប្រាកដ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះ មែន សិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GI-5479 ។

តាមដើមបណ្តឹង បានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅកន្លែងធ្វើការក្នុងបរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ជនសង្ស័យជាមិត្តស្គាល់គ្នា រួមការងារ បានខ្ចីម៉ូតូ ដោយប្រាប់ថាជិះយកទៅទៅចូលបុណ្យគេមួយភ្លែត តែផ្ទុយទៅវិញ បាត់ខ្លួន បាត់ទាំងម៉ូតូរហូត អស់បាត់ទំនុកចិត្តរត់ទៅប្តឹងប៉ូលីស លុះមកដល់រសៀលថ្ងៃទី២១ ខែមករានេះ អស់រយៈពេល៨ថ្ងៃមកហើយ ស្រាប់តែប្រទះឃើញជនសង្ស័យ ជាមិត្តទ្រុស្តមិត្ត នៅកំពុងធ្វើការសំណង់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ចូលទៅចាប់ឃាត់នាំខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ មានចំណាត់ការលើជនឆបោករូបនេះ ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ក្រោយពីបានម៉ូតូ របស់ជនរងគ្រោះជិះហើយ ជាឱកាស ជិះយកទៅលក់នៅម្តុំខាងលិចផ្សារអូរឫស្សីបានលុយចំនួន៩០០ដុល្លា ពីព្រោះទីនោះស្រួលលក់ណាស់ម៉ូតូ មានឯកសារ អត់ឯកសារ ទិញទាំងអស់ បានថ្លៃឬថោកមិនដឹង ហើយខ្លួនក្រោយលក់បានលុយគេចខ្លួនមករកការងារធ្វើកន្លែងថ្មី រហូតដល់ម្ចាស់ឃាត់ខ្លួនបានតែម្តង ។

ជនសង្ស័យក្រោយចាប់ខ្លួនបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងយោងតាមបណ្តឹងភាគីរងគ្រោះ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖