ដោយសារតែពលរដ្ឋរស់នៅតិច ហើយកាន់តែតិចទៅពីមួយទៅមួយថ្ងៃ មន្ត្រីស្រុក ស្រុក Locanaនិងស្រុក Borgomezzavalle ក្នុងប្រទេសអ៊ីតាលីបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាល់ ក៏ដូចជាលក់ផ្ទះឲ្យរស់នៅក្នុងតម្លៃតែ ១អឺរ៉ូប៉ុណ្ណោះ ។
មន្ត្រីរដ្ឋាភិបាល ស្រុក Locana ក្នុងតំបន់ Piedmont ភាគឦសាននៃប្រទេសអ៊ីតាលី បានប្រកាសថា នឹងផ្តល់ប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ ដល់គ្រួសារណាដែលបានមកតាំងទីលំនៅទីនេះ ។
អភិបាលស្រុក Locana លោក Giovanni Bruno Mattiet បានឲ្យដឹងថា ប្រាក់រង្វាន់ខាងលើ នឹងត្រូវចំណាយសម្រាប់រយៈពេល៣ឆ្នាំ ដោយមានលក្ខណ្ឌ គូស្វាមីភរិយាមកនៅស្រុកតូចមួយលើភ្នំ Alps ហើយត្រូវតែបង្កើតកូនឲ្យបានម្នាក់ ។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Mattiet បញ្ជាក់ថា«ពលរដ្ឋនៅក្នុងស្រុកនេះធ្លាក់ចុះជាបន្តបន្ទាប់ ដោយផ្លាស់ទីលំនៅទីកាន់តំបន់ផ្សេងដើម្បីរកការងារធ្វើ ។ សាលារៀននៅទីនោះប្រឈមនឹងការបិទទ្វារ ដោយមានសិស្សទៅរៀនតិចពេក» ។
ចំណែកស្រុកនៅក្បែរនោះដែរគឺស្រុក Borgomezzavalle ក៏មានពលរដ្ឋប្រមាណតែ៣២០នាក់ប៉ុណ្ណោះ ក៏បានប្រកាស់ផ្តល់ប្រាក់រង្វាល់ដល់គូស្វាមីភរិយាណាមករស់នៅទីនេះ ហើយបង្កើតកូនចៅ បានច្រើននោះ ។ អភិបាលស្រុក ខាងលើឈ្មោះ Alberto Preioni បានលើកឡើងថា «រាល់ពលរដ្ឋណាមករស់នៅបង្កើតមុខរបបនៅទីនេះ នឹងទទួលបានប្រាក់រង្វាន់ កាត់បន្ថយពន្ធ និងទិញផ្ទះនៅលើភ្នំមានតម្លៃតែ១ អឺរ៉ូប៉ុណ្ណោះក្នុងផ្ទះមួយខ្នងដើម្បីរស់នៅ ៕