ភ្នំពេញ៖ តារាសម្តែងស្រី និងជាពហុនិការ (នារីបម្រើការងារលើកយន្តហោះ) ស្រស់សោភា កញ្ញាស៊ីស៊ី ស្រាប់តែលេចមុខក្នុងការសម្តែងភាពយន្តរឿង ម៉ាដាមអាប ជាមួយឌីជេម៉ៃ (Dj Mike) ។ ក្រៅពីមានស្នេហាក្នុងសាច់រឿងនេះ នាងត្រូវអ្នកសិល្បៈទម្លាយថា មានស្នេហាក្រៅឆាកជាមួយគ្នាផងដែរ ។
ធ្លាប់ជាតារាសិចស៊ី កញ្ញា ស៊ីស៊ី បានបង្ហាញមុខក្នុងកម្មវិធីសម្ពោធភាពយន្តខ្នាតធំរបស់ផលិតកម្មក្លាសិច កាលពីដើមសប្តាហ៍មុននេះក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា ។ តារាស្រីរូបនេះ បញ្ជាក់ថា ក្នុងរឿងនេះ នាងសម្តែងជាតួអង្គខ្មោចនាងណាត ជាភរិយារបស់តារាសម្តែង ឌីជេម៉ៃ ។
តារាស្រីរូបនេះហាក់ស្ទាក់ស្ទើរនឹងសំណួរអ្នកសារព័ត៌មានយើងទាក់ទងនឹងដំណឹងស្នេហ៍ក្រៅឆាកជាមួយតារាសម្តែងខាងលើ ។ នាងថាសុំមិនឆ្លើយសំណួរនេះ ដោយនាងបញ្ជាក់ថានឹងបញ្ជាក់នៅពេលក្រោយប្រសិនបើវាជារឿងស្នេហាច្បាស់លាស់ ។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈលើកឡើងថា ពួកគេជាគូស្នេហ៍ក្រៅឆាកនឹងគ្នាពិតមែន ហើយអ្នកសិល្បៈណាក៏ដឹង ។ អ្វីដែលកាន់តែពិសេសពួកគេតែងរួមដំណើរទៅណាមកណាដូចប្តីប្រពន្ធ និងមានការទទួលស្គាល់ពីសាច់ញាតិទាំងសងខាងផងដែរ ។
តាមការបញ្ជាក់ពីអ្នកសិល្បៈលើកឡើងថាកន្លងមកមានការសង្ស័យថាតារាសាច់ដុំធំ ឌីជេម៉ៃ គឺជាតារាដែលមានទំនាក់ទំនងស្នេហ៍ភេទដូចគ្នាជាមួយសិល្បករដូចគ្នា ប៉ុន្តែជាការយល់ច្រឡំ ។
ប្រភពលើកឡើងថាការយល់ច្រឡំក្រោយពីតារាប្រុសរូបនេះមិនប្រកាន់ខ្លួន នឹងការថតរូបស្រៀវស្រើប និងផ្អែមល្ហែមជាមួយតារាប្រុសដទៃដើម្បីផ្សព្វផ្សាយហាងថតរូបនោះ ។ មានការលើកឡើងដែរថា ឌីជេម៉ៃ ប្រុសពេញតួមិនមែនចេក(ភេទទី៣)ដូចពាក្យចចាមអារ៉ាមក្នុងសិល្បៈកន្លងមកទេ ហើយតារារូបនេះក៏មិនជាប្រកាន់ខ្លួននឹងការសម្តែង ថតរូបបែបសិល្បៈនោះដែរ ។
អ្វីដែលធ្វើឲ្យតារាប្រុសនិងតារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍ពីផលិតករគឺការមិនប្រកាន់ខ្លួន និងភាពរួសរាយរាក់ទាក់ រហូតពួកគេទទួលបានឱកាសចេញទៅធ្វើការងារសិល្បៈមួយចំនួននៅបរទេសផងដែរ ៕ វឌ្ឍនា