ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ​២០១៩ ទេសចរណ៍កូរ៉េខាងជើង ​នឹងរីកចម្រើនខ្ពស់ ដោយទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

ចែករំលែក៖

ទឹកដីកូរ៉េខាងជើង ត្រូវបានចាត់ទុកថា ជាប្រទេសដែលអាថ៍កំបាំងបំផុតនៅលើពិភពលោក ដោយគ្មានក្រុមចារកិច្ចណាមួយ អាចចូលទៅតាមដានសកម្មភាពនយោបាយ សន្តិសុខ នៅក្នុងប្រទេសនេះបានឡើយ ដោយកូរ៉េខាងជើង ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនឯងផ្ទាល់ ។

នៅពេលនេះ ​កូរ៉េខាងជើង ទទួលបានការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង ​តាមបណ្តាញសង្គមនៅក្នុងប្រទេសចិន ដែលជាសញ្ញាដ៏ល្អបំផុត​សម្រាប់បង្កើនវិស័យទេសចរណ៍នៅក្នុងទឹកដីកូរ៉េខាងជើង នាឆ្នាំ​២០១៩នេះ ។

ទេសចរណ៍កូរ៉េខាងជើង នាពេលនេះទទួលបានការទាក់ទាញយ៉ាងខ្លាំង ពីភ្ញៀវបរទេស ។ នៅពេលនេះដែរ​កូរ៉េខាងជើង បានត្រៀមរៀបចំ​ការរត់ប្រណាំង Marathon ​អន្តរជាតិ​ Mangyongdae លើកទី៣០នៅទីក្រុង ព្យុងយ៉ាង ។ តាមគម្រោង​នឹងមាន​ជនជនបរទេសប្រមាណ​១ពាន់នាក់ចូលរួម​ នៅក្នុងព្រឹត្តិការណ៍នោះតាមរយៈ ក្រុមហ៊ុនទេសចរណ៍​។​ព្រឹត្តិការណ៍ខាងលើត្រូវបានចាត់ទុកថា​ជា​ឱកាសដ៏ល្អបំផុត និងមានតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ មកកម្សាន្តនៅទីក្រុង ដ៏អាថ៍កាំបាំងនេះ​។

កន្លងមកមិនមានតួលេខស្តីពីអ្នកទេសចរណ៍ទៅកាន់កូរ៉េខាងជើងនោះឡើយ​ ប៉ុន្តែតាមសារព័ត៌មាន​ Chennel news Asia ​បានផ្សាយថា អ្នកទេសចរណ៍ទៅកាន់កូរ៉េខាងជើង មានប្រមាណ​១សែននាក់ ក្នុងមួយឆ្នាំ។ ចំនួនភ្ញៀវទេសចរណ៍បរទេសទៅកាន់​តំបន់ភ្នុំ​ Panmunjom ​មានដល់ទៅ​៨ម៉ឺននាក់ ក្នុងមួយឆ្នាំ គឺជាចំនួនច្រើនបំផុត​។

វិស័យទេសចរណ៍នាំមកនូវប្រាក់ចំណូលរហូតដល់ទៅ​៤៤​លានដុល្លារ ក្នុងមួយឆ្នាំ ។ នៅពេលនេះ បើកូរ៉េខាងជើងបើកទ្វារស្វាគមន៍អ្នកទេសចរណ៍ នឹងមានភ្ញៀវបរទេសជាច្រើនទៅកាន់កូរ៉េខាងជើង នៅក្នុងឆ្នាំ​២០១៩នេះ ។

ក្រោយទំនាក់ទំនងល្អប្រសើរជាមួយចិន និងកូរ៉េខាងត្បូង ក៏ដូចជាជំនួបពិភាក្សានាពេលខាងមុខ មេដឹកនាំកូរ៉េខាងជើង បានបន្តទៅត្រួតពិនិត្យតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍ។ តំបន់រមណីយដ្ឋានលំហែកាយឆ្នេរសមុទ្រយ៉ាងស្រស់ស្អាតរបស់កូរ៉េខាងជើង ជិតបើកដំណើរការឲ្យភ្ញៀវទេសចរទៅកម្សាន្ត ដោយសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរជាច្រើន។

គេហទំព័រ Web 38 របស់កូរ៉េខាងជើង បានផ្សាយថា តំបន់ឆ្នេរសមុទ្រ Wonsan-Kalma នៅភាកអាគ្នេយ៍កូរ៉េខាងជើង បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ តំបន់ទេសចរណ៍នេះ ស្ថិតនៅជិតអាកាសយានដ្ឋាន និងឆ្នេរសមុទ្រភាគខាងកើត ដែលកម្លាំងទាហានកូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ និងមីស៊ីល នាពេលកន្លងមក។

ឆ្នេរសមុទ្រ Wonsan-Kalma និងក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់កូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខាងជើង ខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នៅពេលនេះតំបន់ទេសចរណ៍ខាងលើ ជិតរួចរាល់ហើយ។ តាមការព្យាករណ៍ និងមានភ្ញៀវទេសចរបរទេសប្រមាណ១សែននាក់ ធ្វើដំណើរមកកម្សាន្តនៅទីនេះ ភាគច្រើនអ្នកទេសចរជនជាតិចិន។

ការសាងសង់តំបន់ទេសចរណ៍ខាងលើ គឺមេដឹកនាំ គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យដោយផ្ទាល់។ តាមគម្រោងទីតាំងខាងលើ នឹងសម្ភោធនៅខែតុលា ឆ្នាំ២០១៩នេះ ចាំខួប៧៤ឆ្នាំ ថ្ងៃបង្កើតបក្សកុម្មុយនិស្តកូរ៉េខាងជើង។

ចាប់តាំងពីការសាងសង់មកទល់ពេលនេះ មេដឹកនាំ គីម ជុងអ៊ុន បានទៅត្រូវពិនិត្យ៣លើករួចមកហើយ ដើម្បីបញ្ជាការសាងសង់ឲ្យបានឆាប់រហ័សបំផុត។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឲ្យសាងសង់ផ្លូវ និងសណ្ឋាគាបន្ថែមទៀត ព្រមទាំងតំបន់កម្សាន្ត នៅរោងភាពយន្ត ពហុកីឡដ្ឋាន ដើម្បីទទួលបានការទាក់ទាញកាន់តែខ្លាំង។

នៅពេលនេះដែរកូរ៉េខាងជើង បានជំរុញឲ្យកូរ៉េខាងត្បូង ពន្លឿន​ការសងសង់ផ្លូវដែកឆ្លងដែន​ដើម្បីងាយស្រួលនៅក្នុងការដឹកអ្នកទេសចរណ៍ប្រទេសទាំងពីរ ក៏ដូចជា​​ដឹកទំនិញផ្សេង ៗ ។ ទាំងនោះជាសញ្ញាឆ្ពោះទៅរកភាពល្អប្រសើរ ឡើង នៅក្នុងតំបន់ ពិសេស ប្រទេសបងប្អូនទាំងពីរ ។

ពាក់ព័ន្ធនឹងជំនួបលើកទីពីរជាមួយ​ប្រធានាធិបតីអាមេរិក​ដូណាលត្រាំ គឺជាក្តីសង្ឃឹម របស់ពលរដ្ឋកូរ៉េខាងជើងក្នុងការរួចផុតពិភាពក្រីក្រ ប្រសិនបើអាមេរិក លុបទណ្ឌកម្មនោះ ។​ កាលពីដើមខែកុម្ភៈនេះ កូរ៉េខាងជើង ក៏បានអំពាវនាវដល់អាមេរិកឲ្យលុបទណ្ឌកម្ម​ ផងដែរ ដើម្បីជាការផ្តល់ទំនុកចិត្តនៅមុនកិច្ចប្រជុំលើកទីពីរ ។

ចំណែកពេលវេលានិងទីតាំងនៃជំនួបលើកទីពី នឹងត្រូវប្រកាសជាសាធារណនៅសប្តាហ៍ក្រោយនេះ ហើយ ។​ ពេលនេះសារព័ត៌មាន ​ CNN ​បានផ្សាយថា យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹង​​ការរៀបចំកិច្ចប្រជុំកំពូល​​រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ​ជំនួបលើកទីពីរ​រវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើង​នៅប្រទេស​វៀត​ណាម​នៅ​ចុងខែកុម្ភៈនេះ។

កន្លងមកនេះ វៀតណាម​ត្រូវមនុស្សភាគច្រើនសន្និដ្ឋានថា គឺជាទីតាំងដែលកិច្ចប្រជុំកំពូល​លើកទីពីរ​រវាង​ លោក ដូណាល់ ​ត្រាំ និង លោក គីម ជុងអ៊ុន នឹងរៀបចំឡើង ខណៈសេតវិមានអាមេរិក​បានប្រកាសឲ្យដឹងពីជំនួបកំពូលនេះ ​កាលពីពាក់កណ្តាល​ខែមករា ក្រោយពី​ប្រធានកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម យ៉ុងចុល បានមកទស្សនកិច្ចនៅ​វ៉ាស៊ីន​តោន។

គួរជម្រាបថា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបង្ហើបឲ្យដឹងផងដែរថា ​កិច្ចប្រជុំកំពូលខាងលើនឹង​ប្រព្រឹត្តទៅ​នៅក្នុងតំបន់អាស៊ី៕


ចែករំលែក៖