ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូរេចង្កូតបុកត្រាក់ទ័រពីមុខបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើង ខណៈបើកបរមូតូមិនប្រយ័ត្នបានរេចង្កូតជ្រុល ទៅបុកត្រាក់ទ័រភ្ជួរដីចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង ១០ នាទីថ្ងៃទី១ ខែកុម្ភៈ លើផ្លូវគ្រោះក្រហម ស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អែម សុអ៊ុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដា ធុនសេ៥០ គប់មូល ពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 1L.4201 ។ចំណែកអ្នកបើកបរត្រាក់ទ័រឈ្មោះ ស រ៉ាសុី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើបើកបរម៉ូតូតាមបណ្ដោយផ្លូវលំ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេងក៏បានជ្រុលទៅបុកត្រាក់ទ័រពីមុខពេញមួយទំហឹងបើកបរក្នុងទិសដៅច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់បាក់ជើងឆ្វេង រីឯអ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

ករណីគ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកពីជនរងគ្រោះជាអ្នកបើកបរម៉ូតូមិនប្រយ័ត្ន និងមិនប្រកាន់ស្ដាំ រេចង្កូតទៅបុកត្រាក់ទ័ររងរបួសធ្ងន់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖