ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តខ្នាតធំ របស់ គូម៉ា លើកដំបូង រឿង អង្រឹង បានការសរសើរខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបរន្ធត់ព្រឺព្រួច រឿង អង្រឹង របស់ផលិតកម្ម LD Picyure ដែលជាស្នាដៃសម្តែងលើកដំបូងរបស់តារាចម្រៀង គូម៉ា បានប្រកាសសម្ពោធចាក់បញ្ចាំងហើយ ។ ដាក់បញ្ចាំងថ្ងៃសម្ពោធភ្លាម អ្នកទស្សនាបានកោតសរសើរអំពីគុណភាព នៃភាពយន្តថ្មីមួយនេះ ដែលគេរំពឹងថា នឹងឆក់ទាញអ្នកទស្សនាជាច្រើនចូលទស្សនា ។

ប្រកាសបើកសម្ពោធកាលពីរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមវត្តមានសិល្បករ និងអ្នកគាំទ្ររាប់រយនាក់ នៅរោងភាពយន្តលេជេន អេដិន ។ ផលិតកម្មបានបើកឲ្យអ្នកទស្សនាភាពយន្តរឿង អង្រឹង រហូតដល់ទៅ៣រោងព្រមគ្នា ។ ក្រោយទស្សនាចប់ ទស្សនិកជនបានលាន់មាត់កោតសរសើរខ្លាំងចំពោះភាពយន្តមួយនេះថា ជាភាពយន្តដែលមានរសជាតិថ្មី ស្ថិតក្រោមការសម្រិតសម្រាំងមិនធ្វើឲ្យអ្នកទស្សនាចំណាយពេល និងចំណាយលុយទិញសំបុត្រចូលទស្សនាខកចិត្តនោះទេ ។ ក្រៅពីឈុតឆាកភ័យរន្ធត់ ភាពយន្តនេះ ក៏បានបញ្ចូលនូវទស្សនីយភាពនាតំបន់ដែលមានទេសភាពស្រស់ស្អាតនៅកម្ពុជាមួយចំនួនផងដែរ ។

តារាចម្រៀង គូម៉ា បានបញ្ជាក់ថា ទោះបីជាភាពយន្តលើកដំបូងមែនប៉ុន្តែលោកហាក់ពេញចិត្តខ្លាំងនឹងសាច់រឿងថ្មីប្លែក អមដោយខ្លឹមសារអប់រំសំខាន់ក្នុងសាច់រឿង កំប្លែង និងមនោសញ្ចេតនាស៊ីជម្រៅផងដែរ ។ លោកបញ្ជាក់ថាថតភាពយន្តបែបភ័យរន្ធត់ដំបូងនេះលោកក៏ឆ្លងកាត់ការលំបាកជាច្រើនជាមួយក្រុមការងារផលិតរួមទាំងការថតរហូតទល់ភ្លឺ ក្នុងព្រៃ ជួបភ្លៀង ក៏មានក្រុមការងារខ្លះរបួសផងដែរ ។

លោករំពឹងដែរថា ទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរ និងភាពយន្តបែបភ័យរន្ធត់ នឹងចូលរួមគាំទ្រស្នាដៃដែលលោកបានចូលរួមសម្តែង ។ បើទោះបីជាទទួលបានការគាំទ្រច្រើនក្តី ក៏តារារូបនេះបញ្ជាក់ថាលោកនឹងមិនមានគម្រោងថតភាពយន្តខ្នាតធំច្រើននោះទេ យ៉ាងច្រើនលោកថតត្រឹមមួយឆ្នាំមួយរឿងប៉ុណ្ណោះ ។

អ្នកដឹកនាំសម្តែង និងជាផលិតករវ័យក្មេង លោក អ៊ុន ប៊ុនធឿន បានកោតសរសើរខ្លាំងចំពោះសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់របស់តារាសម្តែងទាំងអស់ដូចជាអ្នកនាង ស្វែង សុជាតា កញ្ញា សួង ស៊ីធឿន លោក អ៊ុំ សុវណ្ណគិរី ពិសេសលោក គូម៉ា ដែលចូលតួបានល្អទាំងឈុតឆាកមនោសញ្ចេតនា កម្សត់ ។ លោកថាជាភាពយន្តមានរសជាតិថ្មីប្លែកសម្រាប់អ្នកទស្សនា ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

គួរបញ្ជាក់ដែរថាភាពយន្តបែបភ័យរន្ធត់ និងកំប្លែងរឿង អង្រឹង របស់ផលិតកម្ម LD Picture នឹងត្រូចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩នេះនៅគ្រប់រោងភាពយន្តទាំងអស់នៅកម្ពុជា ។ គេចាំបានដែរថាភាពយន្តនេះត្រូវបានរៀបចំពិធីក្រុងពាលីចេញថតចាប់តាំងពីក្នុងអំឡុងពាក់កណ្តាលខែកញ្ញាដំណាលគ្នានឹងភាពយន្តខ្នាតធំ២ផ្សេងទៀតរបស់ផលិតកម្មនេះគឺរឿង “ជួបស៊យវគ្គ២ និងរឿង”ប្រមាញ់ប្ដី” ។ ក្នុងពេលដ៏ខ្លីខាងមុខនេះផលិតកម្មនេះក៏នឹងបញ្ចេញស្នាដៃថ្មីគឺរឿង ឯណាខ្មោច ផងដែរ៕  វឌ្ឍនា


ចែករំលែក៖