ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលតារាខ្មែរ និងខ្មែរសុរិន្ទជាង១០នាក់ មរតកមេឌៀ ត្រៀមសម្រុកបទចម្រៀងជាង៦០បទ ក្នុងឱកាសចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀងប្រជាប្រិយខ្មែរ ប្រមាណជាង៦០បទ ​របស់ផលិតកម្ម មរតកមេឌៀ បាននិងកំពុងបញ្ចេញជាហូរហែរួចមកហើយ ដើម្បីត្រៀមអបអរឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ បទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺក្រោយពេលផលិតកម្មគៀងគរតារាក្មេង ចាស់ ប្រុស ស្រី ក្នុងស្រុក និងរស់នៅខ្មែរសុរិន្ទ បានប្រមាណ១៦នាក់ ឲ្យមកចូលរួមច្រៀងក្រោមដំបូលតែមួយ ។

ការប្រកាសជាផ្លូវការ និងបង្ហាញមុខសិល្បករជាច្រើននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ នៅស្នាក់ការផលិតកម្ម ។ បើតាមការឲ្យដឹងពីលោក សុខ លីម រក្សា អ្នកផលិត និងគ្រប់គ្រងទូទៅប្រចាំផលិតកម្ម «មរតកមេឌៀ» បានឲ្យដឹងថា ផលិតកម្មចង់ឲ្យទស្សនិកជនជ្រាបថា ការបង្កើតក្រុមមួយនេះ គឺចង់យកអ្នកមានសំឡេងល្អ គ្មានកន្លែងជ្រក មកច្របាច់ចូលគ្នា បង្កើតជាក្រុមចម្រៀងផ្លូវការ ។

លោកថា ស្នាដៃដែលផលិតកម្មបង្កើតឡើង គឺចូលរួមថែរក្សាស្នាដៃមរតកដើម និងបង្កើតស្នាដៃថ្មីសម្រាប់ទស្សនិកជន​ដើម្បីចម្រាញ់ជារសជាតិថ្មី ។ លើសពីនេះ យើងមានបទចម្រៀងសម្រាប់បង្ហាញនារដូវកាល ចូលឆ្នាំខាងមុខនេះ ក៏ដូចជាក្រោយចូលឆ្នាំ ។ លោកថា តារាចម្រៀងក្នុងស្រុក១២នាក់ សុទ្ធតែជាតារា ដែលមានទឹកដមសំឡេងល្អ និងតារាចម្រៀងមកពីសុរិន្ទ៤នាក់ គឺស្ម័គ្រចិត្តចូលរួមលើកស្ទួយសិល្បៈចម្រៀងខ្មែរ។

លោកយឹង យន ដែលគេស្គាល់ថា ជាតារាចម្រៀងមានទឹកដមសំនៀងពិរោះនោះបានបញ្ជាក់ថា បទចម្រៀងមានច្រើនក៏ជាជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនខ្មែរចូលរួមស្តាប់កម្សាន្តក្នុង ឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ លោកសប្បាយចិត្តដែល មានវត្តមានសិល្បករជាច្រើនដែលមានទឹកដមសំនៀងពិរោះរណ្តំចិត្ត ចូលរួមគ្នាបង្កើតបានជាក្រុមដែលអាចបម្រើការកម្សាន្តរបស់ទស្សនិកជន ។

ថ្លែងស្រដៀងគ្នានេះដែរកញ្ញា មន្តត្រា និងលោក ដាកា ដែលគេស្គាល់ថាជាតារាចម្រៀងសំនៀងរដឺនអ្នកស្រុកសុរិន្ទនោះបានបង្ហាញពីក្តីរំភើបដែលបានចូលរួមបង្ហាញស្នាដៃបទចម្រៀងផ្ទាល់ជាច្រើនបទចែកជូនពុកម៉ែបងប្អូននៅកម្ពុជា នៅសុរិន្ទ និងនៅបណ្តាប្រទេសនានាជុំវិញពិភពលោក ។ ពួកគាត់ថាក្នុងនាមឈាមជ័រជាខ្មែរ ពិតជាមោទនភាព និងការបង្ហាញស្នាដៃបទចម្រៀងបែបខ្មែរ រសជាតិជាខ្មែរ និងចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សរៀងទៅ។

គួរបញ្ជាក់ដែរថាក្រោយពីបើកដំណើរការផលិតបទចម្រៀងប៉ុន្មានខែចុងក្រោយនេះ ផលិតកម្ម មរតកមេឌៀបានបញ្ចេញស្នាដៃបទចម្រៀងជាច្រើនបន្តបន្ទាប់។ ផលិតកម្មបានប្រមូលយកតារាចម្រៀងខ្មែរមានទឹកដមពិរោះនិងធ្លាប់ជាបេក្ខជនលេចធ្លោរក្នុងកម្មវិធីប្រកួតចម្រៀងល្បីៗផងដែរមានដូចជា លោក សយ រតនា លោក យឹន យន លោក ខែមអ៊ីសាក់ យាយ យ៉យ នាយព្រែក កញ្ញា ដានីកា អ្នកនាង គ្រីប លក្ខិណា លោក នាង ប្រាក់សុគន្ធ អ្នកស្រី ជិន ចាន់ធឿន លោក ឈុន ចិត្រា កញ្ញា រំដួល កញ្ញា យ៉ាង ណារី លោក សាម សុភ័ស លោក អ៊ិន ច័ន្ទរតនាជាដើមខណៈដែលតារាចម្រៀងខ្មែរសុរិន្ទមានដូចជា កញ្ញា មន្តត្រា លោក ដាកា លោកសុងសែងជាដើម៕ វឌ្ឍនា


ចែករំលែក៖