ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព ទាំងក្នុងតំបន់ និងអន្តរជាតិ វៀតណាមទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ ពីបណ្តាប្រទេសជុំវិញពិភពលោក ។
ក្រោយពេលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញយ៉ាងច្បាស់ថា វៀតណាម មានការរីកចំរើនយ៉ាងខ្លាំង ហើយទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិ ។មិនតែប៉ុណ្ណោះវៀតណាមបានដើរតួនាទី យ៉ាងសំខាន់ សម្រាប់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។
ពាក្យព័ន្ធនឹងសកម្មភាពខាងលើ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា «ជម្រើសនៃការយកវៀតណាមធ្វើជាទីតាំងរៀបចំកិច្ចប្រជុំកំពូលនាខែនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសបញ្ជាក់ឲ្យឃើញថា ប្រទេសអាស៊ានមួយនេះ កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវមួយ»។
ថ្លែងទៅកាន់មន្រ្តីរដ្ឋាភិបាលនៅឯទីផ្សារមូលបត្រទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ជាក់ថា «ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ បានបង្ហាញថាវៀតណាមមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងជាគំរូនៃការអភិវឌ្ឍរបស់វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវ និងជាពិសេសទៀតនោះ សន្តិសុខនិងសុវត្ថិភាពនៅប្រទេសវៀតណាមគឺអស្ចារ្យតែម្តង» ។
នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងទៀតថា វៀតណាមនឹងក្តាប់យកឱកាសនេះ បង្ហាញឲ្យពិភពលោកបានឃើញ ពីតួនាទីលើឆាកអន្តរជាតិរបស់ខ្លួន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh កំពុងស្ថិតនៅប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ចរយៈពេល០២ថ្ងៃ គឺពីថ្ងៃអង្គារនេះដល់ថ្ងៃព្រហស្បតិ៍ ខណៈដែលវៀតណាមកំពុងត្រៀមលក្ខណៈដើម្បីរៀបចំជំនួបកំពូលខាងលើ។
គួរជម្រាបថា កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសឲ្យដឹងថា លោកនឹងបើកកិច្ចប្រជុំកំពូលជាលើកទីពីរ ជាមួយលោក គីម នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាម្តងរួចមកហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕