ភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនលោកបណ្ឌិត Seo Gab-Won សាកលវិទ្យាធិការសាកលវិទ្យាល័យ ស៊ីនហាន នៃប្រទេសកូរ៉េខាងត្បូង ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យាល័យទាំងពីរ ក្រោមអធិបតីភាព លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង លោកបណ្ឌិត Seo Gab-Won សាកលវិទ្យាធិការ សាកលវិទ្យាល័យ ស៊ីនហាន។
លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិដូចជា ការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ តាមរយៈ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដែលមានបម្រើសេវាកម្មធំៗ ៣ រួមមាន៖ ១.បញ្ជូនសិស្ស-និស្សិតពូកែ និងសិស្សនិទ្ទេសA ប៊ែលធី ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេសទៅសិក្សានៅក្រៅប្រទេស តាមរយៈការបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗ ៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស។
លោក បានបន្តថា សាកលវិទ្យាល័យមានបើកកម្មវិធីសិក្សាជាភាសាជាតិ (ភាសាខ្មែរ និងភាសាអង់គ្លេស) និងកម្មវិធីសិក្សាអន្តរជាតិ ហើយថ្មីៗនេះ សាកលវិទ្យាល័យក៏បានបើកថ្នាក់ត្រៀមបរិញ្ញាបត្រភាសាចិន និងភាសាជប៉ុន បន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់នៅកម្រិតថ្នាក់ឧត្តមសិក្សា ជាពិសេសស្របនឹងតម្រូវការទីផ្សារការងារទាំងថ្នាក់ជាតិ-អន្តរជាតិ នាបច្ចុប្បន្ន និងទៅអនាគត។ បវេសនកាលថ្មី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
លោកបណ្ឌិត Seo Gab-Won បានលើកឡើងថា៖ លោកពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនេះ។ ពិសេសជាងនេះទៅទៀត គឺបានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
ជាមួយគ្នានោះ លោកបណ្ឌិត លី ឆេង បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោកបណ្ឌិត Seo Gab-Won សាកលវិទ្យាធិការសាកលវិទ្យាល័យ ស៊ីនហាន ជាពិសេសលើវិស័យអប់រំ និងការអភិវឌ្ឍសម្រាប់ប្រជាជនកូរ៉េខាងត្បូង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនលោកបណ្ឌិត Seo Gab-Won ក្នុងពិធីចុះ MOU រវាងសាកលវិទ្យាល័យទាំងពីរនាថ្ងៃនេះ។ ហើយតាមរយៈ ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងក្លាយជាដៃគូ សហការគ្នាយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ជាពិសេសផ្តល់ឱកាសជូនដល់សិស្ស- និស្សិតកម្ពុជាឱ្យទៅសិក្សានៅទីនោះ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាង លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “សាកលវិទ្យាល័យដែលល្បីហើយ និងល្អដែលគេព្រមទទួលសញ្ញាបត្រ និងចុះ MOUជាមួយនោះ បើយើងមិនស្ថាប័នល្បី មិនល្អក៏គេមិនទទួលពីរយើងដែរ”។
លោកបន្ដថា គុណភាពអប់រំស្រុកខ្មែរវិញ គឺបណ្ដាប្រទេសធំ និងពិភពលោកគឺទទួលស្គាល់ថា វិស័យអប់រំនៅកម្ពុជាគឺល្អ ជាពិសេសនោះ សិស្សនុសិស្សានៅកម្ពុជា ពេលរៀនចប់នៅស្រុកខ្មែរភ្លាមៗ គឺអាចបន្ដសិក្សានៅក្រៅប្រទេស នឹងបានចូលរៀនឆ្នាំទី១ភ្លាមៗបានផងដែរ។
ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងអប់រំ ក៏បានលើកឡើងថា អាទិភាពទាំង៤របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាណត្តិទី៦នេះ រួមមាន ៖ មនុស្ស,ទឹក,ផ្លូវ,ភ្លើង។ លោកថា បញ្ហាទាំងនេះហើយបានធ្វើប្រទេសកម្ពុជាមានសុខសន្ដិភាព និងស្ថេរភាពយោបាយ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយបានឲ្យកូនខ្មែរមានឱកាសសិក្សារៀនសូត្របានច្រើន ជាពិសេសនោះ មានឱកាសបន្ដសិក្សានៅក្រៅប្រទេសផងដែរ៕ ស រស្មី