ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីដើរមុនអាមេរិក មួយជំហាន នៅក្នុងវិបត្តិប្រទេសវេណេហ្ស៊ុយអេឡា

ចែករំលែក៖

អាវុធមនុស្សធម៌ រវាង រុស្ស៊ីនឹងអាមេរិក សម្រាប់ជួយដល់រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា និងក្រុមប្រឆាំង ពេលនេះ គឺខាងរុស្ស៊ី ជាអ្នកទទួលបានជ័យជំនៈមុន ដោយបានដើរមុន អាមេរិក​មួយជំហាន ។ ការចូលដល់នៃជំនួយរបស់រុស្ស៊ី នឹងជួយដល់ពលរដ្ឋគាំទ្រ ប្រធានាធិបតី ម៉ាឌូរ៉ូ ជាច្រើន ហើយអាចអូសទាញពីក្រុមគាំទ្រគណបក្សប្រឆាំង ទៀតផង ។ ជាមួយគ្នានេះមេបក្សប្រឆាំង បានខិតខំ ឲ្យជំនួយរបស់អាមេរិក ដេលនៅព្រំដែនបានចូលមកចែកចាយដល់ពលរដ្ឋដែលគាំទ្រខ្លួន​ ។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​ម៉ាឌូរ៉ូ បានប្រកាសឲ្យដឹងថា ជំនួយ មនុស្សធម៌​របស់រុស្ស៊ី ដែលមាន​៧,៥តោន ក្នុងនោះមានសម្ភារ បរិក្ខារពេទ្យ ​បានទៅដល់វេណេហ្ស៊ុយអេឡា តាមផ្លូវអាកាស ហើយនឹងចែកជូនពលរដ្ឋ ក្នុងពេលឆាប់ៗនេះ​។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានឲ្យដឹងថា ការរក្សាសុខាភិបាលដល់ពលរដ្ឋ មានការខ្វះខាតដោយទណ្ឌកម្មពីអាមេរិក​។

ក្នុងថ្ងៃជាមួយគ្នានោះដែរ អនុប្រធានាធិបតីប្រេស៊ីល បានបញ្ជាក់ថា វេណេហ្ស៊ុយអេឡា មានសិទ្ធ នៅក្នុងការធ្វើអ្វីគ្រប់យ៉ាងក្នុងប្រទេសរបស់ខ្លួន ក្រោយពេលវេណេហ្ស៊ុយអេឡា ចេញបញ្ជាបិទព្រំដែនជាប់ប្រទេសប្រេស៊ីល ។ បច្ចុប្បន្ន ជំនួយមនុស្សធម៌របស់អាមេរិក សម្រាប់ជួយដល់ក្រុមប្រឆាំង​វេណេហ្ស៊ុយអេឡា គឺស្ថិតនៅតាមបណ្តោយព្រំដែន ជាប់ប្រទេសកូឡាំបី និងប្រេស៊ីល​។

នៅពេលនេះដែរ មេបក្សប្រឆាំង​ដែលតាំងខ្លួនជាប្រធានាធិបតីស្តីទី អនុញ្ញាតឲ្យជំនួយបរទេសដឹកចូលក្នុងប្រទេស ប៉ុន្តែមិនដឹងមានប្រសិទ្ធភាពឬអត់ ។ លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសលើកខ្លួនឯងជាមេដឹកនាំស្តីទី នៃប្រទេសអាមេរិកឡាទីនមួយនេះកាលពីខែមុន បានចេញបទបញ្ជាប្រធានាធិបតីស្តីទីលើកដំបូងរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលមកកាន់ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែគេនៅមិនទាន់ដឹងថា តើបទបញ្ជានោះនឹងមានប្រសិទ្ធភាព ឬក៏អត់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងបទបញ្ជាខាងលើលោក Guaido បាននិយាយយ៉ាងដូច្នេះថា «ក្នុងនាមជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា ខ្ញុំសម្រេចអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលមកក្នុងទឹកដីវេណេស៊ុយអេឡា។ ដូច្នេះខ្ញុំបញ្ជាឲ្យកងអង្គភាពនានារបស់យោធាវេណេស៊ុយអេឡា អនុវត្តន៍ធ្វើតាមការបង្គាប់នេះ» ។

កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋសភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ក៏បានប្រកាសអនុញ្ញាតឲ្យជំនួយមនុស្សធម៌របស់អន្តរជាតិ ចូលមកក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ ដោយជំនួយទាំងនេះត្រូវគេរំពឹងថា នឹងមកដល់វេណេស៊ុយអេឡានៅថ្ងៃសៅរ៍។ តែរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានជំទាស់ដាច់ខាតចំពោះការទទួលយកជំនួយទាំងនេះ ដោយថាពួកវាអាចបើកផ្លូវឲ្យបរទេសធ្វើអន្តរាគមន៍ក្នុងប្រទេសរបស់លោក។

គួរជម្រាបថា ទាក់ទិននឹងការផ្តល់ជំនួយមនុស្សធម៌នេះ លោក ម៉ាឌូរ៉ូ បានរាំងខ្ទប់ច្រកព្រំដែនជាមួយប្រទេសកូឡុំប៊ី ជាទីដែលជំនួយអាមេរិកកំពុងត្រូវស្តុកទុក ហើយលោកក៏បានបញ្ជាឲ្យបិទព្រំដែនជាមួយប្រេស៊ីលផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា នឹងដឹកជំនួយមនុស្សធម៌មកកាន់ព្រំប្រទល់វេណេស៊ុយអេឡា។ ហេតុដូច្នេះស្ថានភាពទៅជាយ៉ាងណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែអំណាចបញ្ជាកងកម្លាំងសន្តិសុខ និងយោធាបច្ចុប្បន្ន គឺស្ថិតក្នុងដៃលោក ម៉ាឌូរ៉ូ ទាំងស្រុង៕


ចែករំលែក៖