ខេត្តសៀមរាប៖ ថ្មីចែស ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ពលរដ្នជួបទុក្ខកង្វល់ទៀតហើយ ដោយសារ ភាពកម្សោយរបស់អ្នកគ្រប់គ្រងកាកសំណល់ ធ្វើឲ្យពលរដ្នមានកង្វលមិនចេះចប់ម្ដងហើយម្ដងទៀត! ។
រំលឹកពីកន្លងទៅ ពលរដ្នប្រមាណ ៣០គ្រួសារ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលំនៅដ្ឋាន ជិតនឹងទីលានចាក់សំរាម បានបិទផ្លូវមិនឲ្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន ហ្កាអ៊ីយ៉ា ចូលទៅចាក់ទីលានសំរាម។ ដោយបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនហ្កាអ៊ីយ៉ា មិនបានគោរពទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ។ មានសភាពតានតឹងនឹងគ្នារវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុនហ្កាអ៊ីយ៉ា នៅរសៀលនាថ្ងៃដដែលនោះ ក៏មានធ្វើកិច្ចប្រជុំដោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគំនរសំរាម ក្នុងភូមិអន្លង់ពីរ ក្រោមវត្តមានរបស់លោក អ៊ឹង សុភណ្ឌ នាយកទីចាត់ការអន្តរវិស័យ តំណាងលោកអភិបាលខេត្ត និង លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អធិការនគរបាលស្រុក តំណាងក្រុមហ៊ុនហ្កាអ៊ីយ៉ា អាជ្ញាធរឃុំ និងមន្ត្រីក្នុងស្រុក ។
តាមការបញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា បញ្ហារវាងប្រជាពលរដ្ឋភូមិអន្លង់ពីរ ជាមួយក្រុមហ៊ុនហ្កាអ៊ីយ៉ា មានជាច្រើនលើកមកហើយ រវាងអ្នកប្រកបរបររើសសំរាម និងក្រុមហ៊ុន រវាងប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសំរាម និង ក្រុមហ៊ុនហ្កាអ៊ីយ៉ា ហើយក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ ។
តាមការបញ្ជាក់ពីតំណាងគ្រួសារប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសំរាម បានឲ្យដឹងថា ការធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ហ្កាអ៊ីយ៉ា ជាច្រើនលើកមកហើយ តែក្រុមហ៊ុនមិនបានគោរពនឹងកិច្ចសន្យាឡើយ ដោយស្នើសុំពន្យាពេលរហូត ទើបធ្វើឲ្យពួកគាត់ សម្រេចចិត្តបិទផ្លូវ មិនឲ្យរថយន្តដឹកសំរាមចូលទៅចាក់នៅទីលានសំរាម ។ ម៉្យាងទៀត បញ្ហាសំរាមនេះ បានធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាសុខភាព អនាម័យ សំខាន់ចំពោះកុមារ និង សិស្សានុសិស្ស ដែលមានទីតាំងនៅជិតទីលានគំនរសំរាមនេះ ព្រមទាំងប៉ះពាល់ដល់ផលដំណាំស្រូវរបស់ពួកគាត់ ដោយសារទឹកសំរាមហូរចូលស្រែរបស់ពួកគាត់ ។ ក្នុងនោះមានតំណាងប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ឲ្យបញ្ឈប់ការចាក់សំរាមនៅទីនេះ និង សុំជួយរកទីតាំងថ្មីវិញ ។
លោក អ៊ឹង សុភណ្ឌ ក៏បានជម្រាបដល់បងប្អូនដែលទទួលរងផលប៉ះពាល់ពីគំនរសំរាម សូមធ្វើឲ្យការ រំងាប់ចិត្តមួយរយៈសិន ចំពោះបញ្ហាសំរាមនេះ អាជ្ញាធរខេត្ត បានកំពុងពិភាក្សា ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ឬ ក៏ វិនិយោគជាមួយក្រុមហ៊ុនបរទេស ដែលមានបច្ចេកទេស បទពិសោធន៍ខ្ពស់ ដើមី្បទទួលយកផលប្រយោជន៍ពីសំរាម យកទៅប្រើ ប្រាស់ការងារអ្វីផ្សេង សំខាន់លើ ការងារកសិកម្ម ។ ក្នុងនោះដែរលោក អ៊ឹម សុភណ្ឌ ក៏បានសង្កត់ធ្ងន់ចំពោះក្រុមហ៊ុនហ្កាអ៊ីយ៉ា ដោយ កន្លងមកមិនបានគោរពទៅតាមបច្ចេកទេស និង ការណែនាំរបស់ក្រសួង និង មន្ទីរបរិស្ថាន ហើយបានបង្កឲ្យមានផលប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជិតទីលានចាក់សំរាម ព្រមទាំងធ្វើឲ្យមានការរងគ្រោះដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋ ។
ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនេះ ទាំងអាជ្ញាធរ ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ក៏បានឯកភាពគ្នា ដោយទទួលយកនូវរាល់សំណើររបស់ប្រជាពលរដ្ឋ ដើមី្បស្នើសុំគោលការណ៍ទៅថ្នាក់ដឹកនាំ បន្តការដោះស្រាយ ក្នុងអំឡុងជាក់លាក់ណាមួយ ។ ក្នុងនោះដែរបងប្អូន ប្រជាពលរដ្ឋក៏បានឯកភាពក្នុងការបើកផ្លូវ ឲ្យរថយន្តដឹកជញ្ជូនសំរាមចូលទៅកាន់ទីលានចាក់សំរាម រងចាំការដោះស្រាយជាមួយ អាជ្ញាធរផងដែរ ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏បានឲ្យក្រុមហ៊ុនហ្កាអ៊ីយ៉ា ត្រូវស្រោចទឹកផ្លូវចូល និង បើកបររថយន្តត្រូវបន្ថយល្បឿន ពេលឆ្លងកាត់ភូមិ ព្រមទាំងត្រូវធ្វើរបង របាំងបិទទីលានចាក់សំរាមឡើងវិញ សំខាន់ទីរណ្តៅដីចាក់សំរាម ដើមី្បការពារកុំឲ្យសត្វ គោ ក្របី របស់បងប្អូនអ្នកស្រុកធ្លាក់ចូល និងធ្វើកុំឲ្យសំរាម ពិសេសស្បោងប្ល៉ាស្ទិច។
បន្ទាប់ពីរឿងនោះមិនទាន់ស្ងប់ផង ស្រាប់មកដល់ថ្ងៃចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មានប្រជាពលរដ្ន ជិះម៉ូតូរអិលដួលរហូតដល់៥នាក់ ដោយសាររអិលទឹកដែលហូរពីឡានសំរាមហូរស្រោចពេញថ្នល់បណ្ដាលឲ្យពលរដ្នដួលជារៀងរាល់ថ្ងៃ រហូតមានរបួសស្នាម និងរងគ្រោះថ្នាក់យ៉ាងខ្លាំង ដែលមិនធ្លាប់មាន មិនតែប៉ុណ្ណោះ បង្កឲ្យមានក្លិនស្អុយជាប់តាមបណ្ដោយថ្នល់ជាតិលេខ០៦ ចេញពីក្រុងសៀមរាប រហូតដលើទីលានចាក់សំរាម ៕ ប៊ុនរិទ្ធី