ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម៉ូតូកង់បីដែលបើកបរគ្មានសណ្ដាប់ធ្នាប់ ឬ ប្រព្រឹត្តិខុសច្បាប់ ក្រោយកើតមានបញ្ហាប្រឈមជាបន្ដបន្ទាប់មក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ចំពោះម៉ូតូកង់បី ដែលបើកបរគ្មានសណ្ដាប់ធ្នាប់ ឬប្រព្រឹត្ដិខុស ច្បាប់ ក្រោយកើតហេតុ និងមានបញ្ហាជាច្រើន ដែលបងប្អូនបានបង្ហោះតាមបណ្ដាញសង្គម ដូចជាចាប់ជំរឹត ដូចជាបើកប្រដេញពេញផ្លូវបង្កការកកស្ទះចរាចរណ៍ ជាដើម ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោកកោះហៅក្រុមហ៊ុនប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់បីសព្វថ្ងៃ ក្នុងរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធដើម្បីជជែកគ្នាស្វែងរកវិធានការ ជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់បី ក្រោយពីកើតមានបញ្ហាប្រឈមជាច្រើន នាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ប៉ុន្មានថ្ងៃមកនេះបានកើតមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះ ពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់បីបៀតបៀន រាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការគ្រប់ គ្រងម៉ូតូកង់បីនេះ មិនអាចព្រលែងបានបន្ដទៀតនោះទេ ព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានបញ្ជាក់ថា ចាប់ពីឥឡូវនេះទៅអ្នកប្រកបរបររត់ម៉ូតូកង់បី មានសរុប២៤,៤២៩គ្រឿង ដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃនៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមតម្រូវឲ្យអ្នករត់ម៉ូតូកង់បីទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល ។

ម៉ូតូកង់បីទាំងអស់ត្រូវតែមានបិទរូបថត, មានអត្តសញ្ញាណប័ណ្ណ, លេខទូរស័ព្ទក្រុមហ៊ុន, មានប័ណ្ណបើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ ហើយមិនឲ្យមានម៉ូតូកង់បីរត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។ គេសង្កេតឃើញថា ចំពោះម៉ូតូកង់បីរត់តាមរយៈសមាគម ឬក្រុមហ៊ុនមិនមានបញ្ហាអីទេ តែសម្រាប់ម៉ូតូដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់បីឯកជនច្រើនមានបញ្ហា និងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។

សូមបញ្ជាក់ថា ៖កាលពីឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នករត់ម៉ូតូកង់បីទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយ ព្រោះការអប់រំក៏យូរល្មមហើយដែរ រួមទាំងវិធានការដកហូតវិទ្យុទាក់ទង ពីអ្នករត់ម៉ូតូកង់បីដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ចរបស់ខ្លួនថែមទៀតផង៕ សំរិត


ចែករំលែក៖