ព័ត៌មានទាន់ហេតុការណ៍៖

បាក់ក្លោងទ្វារ រូបឆ្នាំង ត្រៀមបុណ្យទន្លេរបួសក្រុមជាង៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖​ បុរស៣នាក់ដែលជា ក្រុមជាងតម្លើងក្លោងទ្វាររូបឆ្នាំង​បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបាក់ក្លោងទ្វារ ក្នុងពេលដំឡើង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខអគារភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង​ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ មានក្រុមជាង ៥ទៅ៦នាក់ បានឡើងរៀបចំតុបតែងក្លោងទ្វារ រូបឆ្នាំង ដាក់ភ្លើង ដើម្បីត្រៀមបុណ្យទន្លេនៅខេត្តកំពង់ឆ្នំាង ក្នុងពេលដែលឡើងទៅលើគ្រោងឆ្អឹងក្លោងទ្វារនេះ ទំនង គ្រោងឆ្អឹងរូបឆ្នាំងនេះ មិនអាចទ្រនូវទម្ងន់មនុស្សច្រើនបាន ក៏បណ្តាលឲ្យក្លោងទ្វារនេះ បាក់ប្រាវចុះមកក្រោម ផ្អើលអ្នកធ្វើដំណើរតាមផ្លូវតែម្តង​ ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលនៅក្បែរនោះ ជនរងគ្រោះដែលជាក្រុមជាង មិនត្រូវបានផ្តល់អត្តសញ្ញាណនោះនៅឡើយទេ ។

គួរបញ្ជាក់ថា ក្លោងទ្វាររូបឆ្នាំងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Mediaction Adverstising and Exhibition ។

ប្រជាពលរដ្ឋសំណូមពរ ម្ចាស់ក្រុមហ៊ុន ដែលធ្វើក្លោងទ្វាររូបឆ្នាំងនេះ ត្រូវតែធ្វើឲ្យមាំ ល្អព្រោះព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង​មនុស្សម្នាមកលេងច្រើនណាស់ មិនអាចធ្វេសប្រហែសបាននោះទេ ព្រោះថា បើសិនជាមានបញ្ហា បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដែលជាហេតុជះឥទ្ធិពលខ្លាំងដល់ព្រឹត្តិការណ៍បុណ្យទន្លេនេះ ៕ ចន្ថា


ចែករំលែក៖