ព័ត៌មានទាន់ហេតុការណ៍៖

បាត់ពីសិល្បៈមែន តែតារាបីរូបនេះ នៅបង្ហាញមុខ ក្នុងកម្មវិធីមនុស្សធម៌ដដែល

ចែករំលែក៖

ខេត្តព្រៃវែង៖ ស្ងាត់បាត់មុខពីសិល្បៈក៏ពិតមែន ក៏អតីតតារាចម្រៀងប្រចាំផលិតកម្មM លោកសន វិជ្ជបុត្រ កញ្ញាអេណា និងអតីតតារាសម្តែងកញ្ញា ថាច ផល្លា នៅតែបន្តចេញមុខក្នុងកម្មវិធីសប្បុរសធម៌ដដែល ។ ជាក់ស្តែងថ្មីៗនេះ គេបានឃើញពួកគាត់បានបង្ហាញមុខក្នុងកម្មវិធីបុណ្យឆ្លងផ្លូវមួយខ្សែនៅខេត្តព្រៃវែង រួមទាំងរួមគ្នាចែកអំណោយជូនពលរដ្ឋក្រីក្រផងដែរ ។

ផ្លូវលំ១ខ្សែ ស្ថិតក្នុង ភូមិ មេសាង ឃុំ ព្រៃរំដេង ខេត្ត ព្រៃវែង ដែលពលរដ្ឋក្នុងភូមិក៏ដូចជាសប្បុរសជនជាច្រើនរៃអង្គាសប្រាក់ជួយគ្នាជួសជុលក្រោយរងការខួចខាតយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើរួច១ដំណាក់កាលហើយ។

ពិធីបុណ្យឆ្លងតាមទំនៀមទម្លាប់ប្រពៃណី បានធ្វើកាលពីថ្ងៃអាទិត្យ ទី២៤ ខែ កម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ ដោយក្នុងពិធីនោះ តារាចម្រៀងក្នុងផលិតកម្មM លោក សន វិជ្ជបុត្រ និងមិត្តរួមអាជីពដែលជាសប្បុរសជន ក្នុងការរួមចំណែកជួយជួសជុលសំខាន់ ផងដែរនោះ បានចូលរួមនិង យកអំណោយជែកដល់ចាស់ៗក្នុងភូមិ ព្រមទាំងជូនដល់គ្រួសារក្រីក្របំផុតចំនួន៣គ្រួសារ និងផ្ដល់ប្រាក់មួយចំនួនដើម្បី ចាក់បន្តថែមទៀតផង។ផ្លូវលំ១ខ្សែខាងលើ មានប្រវែងប្រហែល៥ទៅ៨គីឡួម៉ែត្រ ចាប់ពីផ្លូវថ្នល់កែងភូមិ មេសាង ឃុំ ព្រៃរំដេង ខេត្ត ព្រៃវែង ឆ្ពោះទៅវត្ត មេសាង និង បន្តទៅ ភូមិ ថ្មស ឃុំ ជីផុច ស្រុក មេសាង ខេត្ត ព្រៃវែង ។

ផ្លូវនេះត្រូវបានផ្ដួចផ្ដើមជួសជុលដោយលោក ខុត សីហា យុវជនបង្គោលក្នុងក្នុងភូមិ ជាអ្នកគៀងគរ សប្បុរសជន ក្នុងការជួសជុល។អ្នកផ្ដើមជួសជុលផ្លូវបានថ្លែងឲ្យដឹងថា ដំបូងឡើយផ្លូវ១ខ្សែ គឺជាផ្លូវរទេះគោ ដែលអ្នកភូមិបង្កើតឡើង សម្រាប់ធ្វើដំណើរ ក៍ដូចជាទៅធ្វើស្រែភ្លឺ ក្នុងភូមិ។ ជាមួយគ្នានោះផងដែរ ផ្លូវដដែលនេះក៏មានប្រយោជន៍ដល់ពលរដ្ឋក្នុងភូមិទៅវត្តអារាម និងក្មេងៗទៅសាលារៀនផងដែរ។

លោក សន វិជ្ជបុត្របញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមកម្មវិធីតាមទំនៀមទម្លាប់របស់អ្នកស្រុកនៅទីនេះហើយក៏ឆ្លៀតនាំយកអំណោយខ្លះមកជូនពួកគាត់ផ្ទាល់ ។ លោកថា ផ្អាកការងារសិល្បៈមួយរយៈពេលខ្លីព្រោះតែលោករវល់នឹងមុខជំនួញ ប៉ុន្តែលោកនៅតែបន្តការងារសង្គមខ្លះៗដដែលដូចជាពេលនេះជាដើម ហើយលោកនៅតែបន្តមានគម្រោងការងារជួយដល់សង្គមបន្តទៀតនៅពេលខាងមុខ។

លោកបញ្ជាក់ថាដើមឡើងលោកមានគម្រោងចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីក្នុងអំឡុងខែមីនាខាងមុខនេះ ប៉ុន្តែត្រូវលើកទៅខែកញ្ញា វិញ ហើយគម្រោងចេញទៅច្រៀងរាំនៅប្រទេសអូស្ត្រាលីលើកនេះលោកនៅតែចិញ្ចឹមចិត្តជួយស្វែងរកថវិកា មកជួយដល់កិច្ចការងារសង្គមទៅតានលទ្ធភាព ។

លោកថាកន្លងមកជួយដល់អ្នកភូមិខាងលើ ក៏ព្រោះតែទីកន្លែងនេះ លោកធ្លាប់បានចុះមកជួយម្ដងរួចមកហើយកាលជាង២ឆ្នាំមុន ។ ដោយឃើញផ្លូវ១ខ្សែនេះខ្វះខាតជំពាក់ថ្លៃដីគេផងនោះ អ្នកស្រុកបានពឹងពាក់ឲ្យលោកជួយ ក៏សម្រេចមកជួយម្ដងទៀតទៅ។

អតីតារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា អេណា បានបញ្ជាក់ថា នាងផ្អាកការងារសិល្បៈជាច្រើនឆ្នាំព្រោះតែមុខជំនួញផ្ទាល់នៅខេត្តព្រះសីហនុ ប៉ុន្តែកញ្ញា នៅតែបន្តចូលរួមជាមួយមិត្តភ័ក្កិរួមអាជីពក្នុងកិច្ចការមនុស្សធម៌នានាដដែល។ ជាក់ស្តែងដូចការចូលរួមសម្ពោធផ្លូវអ្នកភូមិខាងលើជាផ្លូវការនៅពេលនេះកញ្ញា ក៏បានចូលរួមថវិកាមួយចំនួនចែកដល់ចាស់ និងជនក្រីក្រដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយកម្មវិធីខាងលើនេះក៏ឆ្លុះបញ្ចាំងពីសាមគ្គីភាពរវាងសិល្បករ សប្បុរសជន និងប្រជាជននៅមូលដ្ឋានជាច្រើនដែលបានចូលរួម។

លោក ខុត សីហា លើកឡើងថា តាំងពីអ្នកភូមិបង្កើតមកមិនធ្លាប់មានអាជ្ញាធរជួយធ្វើឡើយ ពេលខួចម្ដងៗអ្នកភូមិតែ យកចបបង្គី នាំគ្នាជួយជុល នៅឆ្នាំណាដែលមិនបានជួសជុល ជាពិសេសនៅរដូវវស្សា គឺពិបាកធ្វើដំណើរខ្លាំង ទឹកលេច បែកភក់ល្បាប់ លាមកសត្វអណ្ដែតពេញផ្លូវ ។ ដោយមើលឃើញភាពលំបាកបែបនេះ ហើយផ្លូវខ្សែនេះ ស្ថិតក្នុងស្រុកកំណើតខ្លួនផងនោះ លោក ខុត សីហា ក៏បានផ្ដួចផ្ដើមរ៉ៃអង្គាសប្រាក់ពីមិត្តភ័ក្ដិជួសជុលចំនួន២លើករួចមកហើយ។

លោកថា យុទ្ធនាការនៃការរ៉ៃអង្គាសប្រាក់ គឺធ្វើដូចភ្លៀងរលឹមអីចឹង មានន័យថា រ៉ៃអង្គាសបានប៉ុន្មានធ្វើបណ្ដើរប៉ុណ្ណឹង ហើយគិតរយៈពេលជាង៣ខែ លោកថា រ៉ៃប្រាក់បានប្រហែល១០០០ឡានជាងមកហើយ គិតជាប្រាក់ប្រហែលជាង៥០០០ ដុល្លារ ក្នុងនោះដី១ឡានថ្លៃ២២០០០រៀល។

អ្នកផ្ដួចផ្ដើមជួសជុលផ្លូវដដែលបានបន្តថា ដោយសារតែលោកស្គាល់គេច្រើនហើយជឿទុកចិត្តថា លោកមិនបោកប្រាស់ប្រាក់ដែលចូលបុណ្យនឹង ក៏ចេះតែមានសប្បុរសជនជួយជាបន្តបន្ទាប់ មានទាំង សប្បុរសជនក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងអ្នកសិល្បៈជាច្រើនរូបផងដែរ។ តួយ៉ាងដូចជា តារាចម្រៀង សន វិជ្ជបុត្រ ដែលដឹកនាំអំណោយមកចែកជូនខាងលើ ក៏ជាសប្បុរសជនសំខាន់ម្នាក់ដែលតែជួយ ដល់ជនក្រីក្រក៏ដូចជាអ្នកភូមិលោកជាញឹកញាប់់៕ វឌ្ឍនា


ចែករំលែក៖