ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយឥណ្ឌាវាយប្រហារ ប៉ាគីស្ថានព្រមាន សងសឹកវិញ

ចែករំលែក៖

កន្លងមក​កម្លាំងទាហានឥណ្ឌា តាមបញ្ជា បានប្រតិបត្តិការកម្ទេចក្រុមឧទ្ទាម Jaish-e-Mohammad ដែលលាក់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថាន ជាប់ព្រំដែនជាមួយឥណ្ឌា ។ ក្រុមឧទ្ទាមទាំងនេះហើយ ត្រូវឥណ្ឌាចាត់ទុកថា ជាមេក្លោងវាយប្រហារលើក្បួនរថយន្តគណៈប្រតិភូទាហានឥណ្ឌាបណ្តាលឲ្យស្លាប់យ៉ាងតិច៤២នាក់ កាលពីអំឡុងពេលកន្លងទៅថ្មីៗនោះ ។

នៅពេលនេះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mehmood Qureshi បានព្រមានថា ប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងទាំងឡាយ ពីសំណាក់ឥណ្ឌា ខណៈមានការព្រួយបារម្ភ កាន់តែខ្លាំងថា មហាអំណាចនុយក្លេអ៊ែរទាំង២ អាចនឹងប៉ះទង្គិចគ្នាដោយយោធា។

នៅថ្ងៃអង្គារនេះ យន្ដហោះចម្បាំងឥណ្ឌាជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសប៉ាគីស្ថាន សំដៅបើកការវាយប្រហារតាមផ្លូវ អាកាសប្រឆាំងមូលដ្ឋានក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថាជាជំរុំពួកភេរវករ។ ប៉ុន្តែ លោក Qureshi បានចោទប្រកាន់ ទីក្រុងញូដេលីថាកំពុងធ្វើសកម្មភាពបំផ្លាញដល់ស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយថាទីក្រុងអ៊ីស្លាម៉ាបាតមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពរបស់ឥណ្ឌា។ លោកបន្ថែមថាការវាយប្រហាររបស់ឥណ្ឌាមិនបានបង្កជាការខូចខាត ធ្ងន់ធ្ងរអ្វីឡើយ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ ត្រូវបានសម្លាប់ក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯតំបន់កាស្មៀរពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយដែលមានមូលដ្ឋាននៅប៉ាគីស្ថាន។ ឥណ្ឌាបានចោទថាប៉ាគីស្ថានមិនបានចាត់វិធានការណាមួយប្រឆាំងនឹងក្រុមសកម្មយុទ្ធនោះទេ បើទោះជាទីក្រុងអ៊ីស្លាម៉ាបាត បដិសេធក៏ដោយ។

បច្ចុប្បន្ន យន្តហោះចម្បាំងឥណ្ឌា 140 IAF ប្រុងជើងការជានិច្ចនៅបន្ទាត់ព្រំដែន ឃ្លាំមើលសកម្មភាពរបស់ពួកឧទ្ទាម ។ កាសែតឥណ្ឌា ABP Newsបានផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា កម្លាំងទាហានឥណ្ឌាបានកម្ទេចជំរុំលាក់ខ្លួនពួកឧទ្ទាមក្នុងទឹកដីប៉ាគីស្ថាន៣កន្លែង គឺនៅតំបន់ Balakot មួយកន្លែង, នៅ Chakoti មួយកន្លែង និងនៅ Muzaffarabad មួយកន្លែង ។ ប្រភពអះអាងថា ពួកភេរវកម្មប្រហែល២០០នាក់បាត់បង់ជីវិត ដោយការវាយប្រហារនេះ ៕


ចែករំលែក៖