អណ្តូងរ៉ែមាសមួយកន្លែង នៅលើកោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សជាច្រើន បាត់ខ្លួន។ អណ្តូងរ៉ែមាសខាងលើ អាចជាអណ្តូងរ៉ែខុសច្បាប់ ហើយមិនបានអនុវត្តតាម ច្បាប់សុវត្ថិភាព។
ប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្សយ៉ាងហោច៦០នាក់ កបក្រោមដីបាក់ស្រុត ។ ក្រុមអ្នកជួយសង្រ្គោះ កំពុងរុករកអ្នករស់រាននៅកន្លែងកើតហេតុ ស្ថិតនៅតំបន់បូឡាង ម៉ូនហ្គុនដូវ លើកោះស៊ូឡាវេស៊ី ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា មនុស្សម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ហើយមនុស្ស១៣នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃពុធនេះ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ីម្នាក់ បាននិយាយឈើជន្ទល់ត្រូវបានប្រើដើម្បីវែកផ្លូវនៅក្នុងអណ្តូងរ៉ែ ដោយសារតែស្ថានភាពដីមិនអាចទ្រទ្រង់បាន ហើយនិងមានច្រើនគន្លាក់នៅក្នុងអណ្តូងរ៉ែ។
ទីភ្នាក់ងារមួយនេះ បានអះអាងថា ពួកគេបានប៉ាន់ស្មានថាមនុស្សរហូតដល់៦០នាក់ បានកប់ពីក្រោមបំណាក់ដីស្រុត និងគំនរថ្ម។
រូបភាពពីកន្លែងកើតហេតុឃើញក្រុមជួយសង្រ្គោះ និងអ្នកស្រុក ប្រឹងប្រែងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះអ្នករស់រានចេញពីបំណាក់ដីស្រុតនៅជើងភ្នំ ៕