ព័ត៌មានទាន់ហេតុការណ៍៖

គីមីជាង១តោន សម្រាប់ផលិតគ្រឿងញឿន​ ត្រូវប៉ូលិសអ៊ូស្ត្រាលី បង្ក្រាប

ចែករំលែក៖

ក្រុមជួញដូរគ្រឿងញៀន បានសម្តៅទៅលើប្រទេស មហាអំណាចសេដ្ឋកិច្ច ដែលអាចរកប្រាក់ចំណូលពីការលក់គ្រឿងញៀនបានយ៉ាងច្រើន ដោយមានតម្លៃថ្លៃជាង ប្រទេសក្រីក្រ ជាច្រើនដង ។ ប៉ុន្តែការនាំគ្រឿងញៀនចូលទៅកាន់ប្រទេសមានសេដ្ឋកិច្ចខ្ពស់ មិនមែនជារឿងងាយស្រួលនោះឡើយ ដោយកម្លាំងប្រឆាំងគ្រឿងញៀន មានជំនាញអាចទប់ស្កាត់បានគ្រប់ពេលវេលា​។

ដោយជួបផលលំបាកនៅក្នុងការ បញ្ជូនគ្រឿងញៀនទៅកាន់​ប្រទេសអភិវឌ្ឍន៍ដូចជាអូស្ត្រាលី ក្រុមជួញដូរបានបញ្ជូនសារធាតុសម្រាប់ផលិតគ្រឿងញៀនទៅជាមុន មានសារធាតុគីមីជាដើម​។ កន្លងមកថ្មីៗនេះ ប៉ូលិសអូស្ត្រាលីចាប់បានសារធាតុគីមី ដែលប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀនប្រហែល ១.៤ តោន គិតជាតម្លៃ៥០០លានដុល្លារអាមេរិក ដោយសហការជាមួយប៉ូលិសចិន។ ការបង្ក្រាបបាននេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ។

ប៉ូលិសសហព័ន្ធអូស្ត្រាលីថ្លែងថា មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះ ជនជាតិអូស្ត្រាលី២នាក់ និងជនជាតិចិន២នាក់ ។

ការបង្ក្រាបបាននេះ បន្ទាប់ពីប៉ូលិសចិនឲ្យព័ត៌មានថា មានការដឹកជញ្ជូនសារធាតុគីមី ចូលទៅកាន់ទីក្រុង Melbourne។ ប៉ូលិសអូស្ត្រាលីថា សារធាតុគីមីនេះ ដាក់នៅក្នុងទូកុងតឺន័រចំនួន២៦០ថង់ ត្រូវប៉ូលិសព្រំដែន ស្ទាក់ចាប់បាន ពេលដែលដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ប្រទេសអូស្ត្រាលី ។

ប៉ូលិសអូស្ត្រាលី បានបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ប៉ូលិសបង្ក្រាបថ្នាំញៀន និងសារធាតុគីមី សរុប២៤តោន ៕


ចែករំលែក៖