ព័ត៌មានទាន់ហេតុការណ៍៖

អាមីុអាថោងត្រូវជាប់គុកក្នុងរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់?

ចែករំលែក៖

ភ្នំពេញ ៖ ភ្នែកមហាជនទូទាំងប្រទេសរួមទាំងខ្មែរនៅក្រៅស្រុកផងកំពុងរង់ចាំ មើលថាតើ ករណីគ្រឿងញៀននៅមជ្ឈ មណ្ឌលកម្សាន្តរ៉ក់មានអ្នកទទូលខុសត្រូវធំកម្រិតណា? ឬមួយ ករណីនេះត្រូវខណ្ឌចប់ត្រឹមផឹកថ្នាំញៀនប៉ុន្មានសិបនាក់នោះ? តើគេអាចសើុបអង្កេតរកមេខ្លោងគ្រឿងញៀនដ៏ធំដែលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញឃើញឬទេ?

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនសង្ស័យជាង៣០០នាក់ដែលសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុកនៅមជ្ឈមណ្ឌកម្សាន្តរ៉ក់ពាក់ព័ន្ធគ្រឿងញៀន (Rock) រកឃើញគ្រឿងញៀនជាង ៥០គីឡូ ក្រាមមកដល់រសៀលថៃ្ងអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ សមត្ថ កិច្ចបាន ចម្រាញ់់និងដោះលែងអស់ជិត ៣០០នាក់ហើយនៅសល់តែខ្មែរ១៧នាក់ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង និងជនជាតិចិន១៤នាក់ជាគោលការណ៍អាចបញ្ជូនឲ្យទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បី អនុវត្តតាមនីតិវិធី ។

ក្រុមអ្នកតាមដានប្រាថ្នាចង់ឃើញ អាជ្ញាធរមានសមត្ថកិច្វចាត់វិធានការមេខ្លោងធំជាងចាប់អ្នកប្រើប្រាស់តូចតាចដែលគ្រាន់តែជាអ្នកចូលទៅហិតឬប្រើប្រាស់ ម្តងម្កាលនោះ។ អ្នកប្រើប្រាស់គ្រឿងញៀនអាចគ្រាន់តែអប់រំឬបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក៏បាន ។ ប៉ុន្តែអ្វីដែលត្រូវចាត់វិធានការគឺមេខ្លោងអ្នកជួញដូរ គ្រឿងញៀន ។ ពីព្រោះថាទំហំនៃការប្រើប្រាស់គ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ពាក់ព័ន្ធនឹងមនុស្សជាង៣០០នាក់មិន មែនជារឿងតូចតាចនោះឡើយ ។

រហូត​មក​ទល់​រសៀល​ថៃ្ងពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នេះ​ លោក​ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​ពុំ​ទាន់​បង្ហាញ​លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅ​រ៉ុក​ទេ​ ។

ប៉ុន្តែ​លោក​ធ្លាប់​ថ្លែង​ថា​ មនុស្ស​ជាង​៣០០នាក់ដែលឃាត់ខ្លួនភាគ ច្រើន​មាន​ផ្ទុក​សារធាតុ​ញៀន​ ហេីយ​គ្រឿង​ញៀន​ជាង​៤០គីឡូក្រាម​ត្រូវ​បាន​រឹបអូស​។

ប៉ុន្តែ​ទោះ​បី​យ៉ាងណា​ អ្នក​ឧកញ៉ា​ គិត​ ធាង​ ពុំ​ទាន់បាន​ឃាត់ខ្លួន​ នៅ​ឡើយទេ​ ហេីយ​មហាជន​ចង់​ដឹង​ណាស់​ថា​ “​អ្នក ណា​ជា​អ្នកនាំគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់​ចូល​រ៉ុក​”? ។

មាត្រា​៤៤​ កថាខណ្ឌ​ទី២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​ ចែងថា”​អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ គឺ​ ជាបទ​សម្រួល​ឱ្យ​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទា​ទោស​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០លាន​រៀល​ទៅ​២០លានរៀល​ ។

ប្រភពបានបន្តថា ជនជាតិខ្មែរទាំង ១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការនោះ ពួកគេរងការចោទប្រកាន់ពីបទ «ចែក ចាយគ្រឿងញៀន» ពោលគឺធ្វើសកម្មភាពលក់ដូរនៅក្នុងបន្ទប់ខារ៉ាអូខេក្នុងមជ្ឈ មណ្ឌលរ៉ក់ ។

ប្រភពពីមន្ត្រីជំនាញបានធ្វើកោសល្យ វិច័យលើសារធាតុញៀនបង្ហាញថាវត្ថុតាងដកហូតនៅមជ្ឈមណ្ឌលរ៉ក់ដែលខ្លះថាជាង៥០គីឡូក្រាមនិងខ្លះថាជាង៤០គីឡូក្រាមនោះ ជាក់ស្តែងមន្ត្រីជំនាញធ្វើតេស្តរក ឃើញសារធាតុញៀនសុទ្ធតែ២១គីឡូ ក្រាម និង៤៦៧,៦៣ក្រាមប៉ុណ្ណោះដែលមានប្រភេទអិុចស្តាសុី(ថ្នាំគ្រវី) ១២គីឡូ ក្រាមនិង២១៩.២១ក្រាម ប្រភេទខេតាមីន (ថ្នាំហិត)៨គីឡូក្រាមនិង៩៣៥.៣៩ ក្រាម ប្រភេទនីមេ៉តាស្បាម(ថ្នាំបន្សាប) ៣០៥,១០ក្រាម ប្រភេទមេតំហ្វេតាមីន ១គីឡូក្រាមនិង៦ក្រាម ប្រភេទហេរ៉ូអុីន ៦១ក្រាម និងកញ្ឆាក្រៀម២កញ្ចប់តូច ទម្ងន់៦៦,៤៣ក្រាម។ ក្រៅពីនេះមាន សម្បកសម្រាប់វេចខ្ចប់ (ដបឬកែវ) ២៤៧ដប, សម្បកកេសនិងថង់ប្លាស្ទិក មួយចំនួនទៀត ព្រមទាំងម្សៅសង្ស័យជាសារធាតុញៀនប្រមាណ១៥គីឡូក្រាមនិង១៤ក្រាមទៀត ដែលខាងមន្ទីរប្រឆាំងគ្រឿងញៀនបាននិងកំពុងយកចូលមន្ទីរពិសោធន៍ដើម្បី ពិនិត្យឲ្យបានច្បាស់លាស់ ។

សរុបមកវិញ សារធាតុញៀនសុទ្ធដែលសមត្ថកិច្ចបង្ក្រាបនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានតែ២១គីឡូក្រាមនិង៤៦៧,៦៣ក្រាមប៉ុណ្ណោះ តែនេះក៏មិនមែនជារបាយការណ៍ផ្លូវការរបស់សមត្ថកិច្ចដែរគឺគ្រាន់តែជាតួលេខពីមន្ត្រីជំនាញប៉ុណ្ណោះ។ចំពោះជនជាតិខ្មែរចំនួន១៧នាក់ សមត្ថកិច្ចគម្រោងបញ្ជូនទៅកាន់សាលាដំបូងនារសៀលថ្ងៃទី២៦ កុម្ភៈ តែពន្យារដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ខណៈសមត្ថកិច្ចមិនទាន់រកឃើញម្ចាស់គ្រឿងញៀន ឬអ្នកទទួលខុសត្រូវឲ្យនាំថ្នាំញៀនសន្ធឹកសន្ធាប់ចូលចែកចាយក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះ កំពុងត្រូវបានមតិមហាជននិយាយតៗគ្នាថា ចាំមើលបន្តទៀតតើតុលាការនឹងដាក់ គុក ឬក៏ដោះលែងជនទាំង១៧នាក់ដែលគ្រាន់តែជាអ្នកចែកចាយ។ ខណៈមេខ្លោង មិនទាន់ត្រូវបានវែកមុខនៅឡើយពេល ដែលមនុស្សជិត៣០០នាក់ បានរួចផុតពីការចោទប្រកាន់អស់ទៅហើយនោះ ?

មតិសាធារណៈបានលើកឡើងទៀតថាមនុស្សជិត៣០០នាក់ដែលត្រូវសមត្ថ កិច្ចឃាត់ខ្លួននៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញពាក់ព័ន្ធនឹងគ្រឿងញៀនសន្ធឹកសន្ធាប់នោះត្រូវបានដោះលែងដោយគ្រាន់តែតម្រូវឲ្យមានអ្នកធានាបានរួចផុតពីការចោទប្រកាន់ គឺពួកគេពិតជាមានសំណាងខុសគ្នាឆ្ងាយ ណាស់ ពីជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបជារៀងរាល់ថ្ងៃតាមបណ្តាខណ្ឌ-ក្រុង ដែលគ្រាន់ តែប្រើប្រាស់ឬចាប់បានថ្នាំញៀន១កញ្ចប់តូចដាក់ក្រោមកែបម៉ូតូដោយចោទពីបទចែកចាយ និងប្រើប្រាស់ ។

ក្រុមជនទាំងនោះកម្របានរួចខ្លួនណាស់ ដែលអ្នកខ្លះយកទៅដាក់នៅមណ្ឌលកែប្រែរាប់ខែរាប់ឆ្នាំខ្លះទៀតចោទប្រកាន់ជា ផ្លូវការ ហើយនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទម្រាំយកមកកាត់ក្តីជាប់គុករាប់ សិបឆ្នាំ។

ប្រជាពលរដ្ឋខ្មែររំពឹងថា ករណីគ្រឿងញៀនដ៏ធំមួយនេះអាជ្ញាធរមានសមត្ថកិច្ចនឹងបង្ហាញតម្លាភាពឲ្យប្រជាពលរដ្ឋបានឃើញ និងចាត់វិធានការចំពោះមេខ្លោង មិនមែនត្រូវយកអ្នក ប្រើប្រាស់គ្រឿងញៀនដែលជាជនរងគ្រោះដែរនោះទៅដាក់គុក ជំនួសមេខ្លោងនោះទេ ។ ជាពិសេសពាក់ ព័ន្ធនឹងម្ចាស់ទីតាំង ពីព្រោះថាមនុស្សជាង៣០០នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដូច្នេះអាចនិយាយបានថា គ្រប់បន្ទប់ ទាំងអស់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់សុទ្ធតែប្រើប្រាសគ្រឿងញៀនឬអាចនិយាយបានថាទីតាំងទាំងមូលគឺសុទ្ធតែគ្រឿងញៀន ដូច្នេះ ហេតុអ្វីបានជាម្ចាស់ទីតាំង ត្រូវរួចខ្លួន ៕ ហេង សូរិយា


ចែករំលែក៖