ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយគ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សជាច្រើន រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនអេហ្ស៊ីប​ ប្រកាសលាលែងពីតំណែង

ចែករំលែក៖

គ្រោះថ្នាក់រថភ្លើងយ៉ាងរន្ធត់នៅក្នុងប្រទេសអេហ្ស៊ីប បានសម្លាប់មនុស្សជាង​២០នាក់ និងច្រើននាក់ទៀត រងរបួស ធ្វើឲ្យមន្ត្រី ទទួលបន្ទុកបញ្ហានេះ ​លោក លោក Hesham Arafat សម្រេចចិត្ត​លាលែងចេញពីតំណែង ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះផងដែរ នាយករដ្ឋមន្ត្រី​អេហ្ស៊ីបលោក ម៉ូស្តាហ្វា ម៉េដបួលី Mostafa Madboulyបានចុះទៅកាន់​ទីកន្លែងកើតហេតុ និងត្រូវបាន​អម​ដំណើរដោយ​មន្ត្រីពាក់ព័ន្ធនានា ក្នុងនោះក៏មាន​រដ្ឋមន្ត្រីដឹកជញ្ជូន​លោក អារ៉ាហ្វាត់ ផងដែរ ប៉ុន្តែក្រោយ​ពីបញ្ចប់ការត្រួតពិនិត្យ​ស្ថានភាពជាក់ស្តែង​តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក អារ៉ាហ្វាត់ ក៏បាន​ប្រកាស​លាលែងពី​តំណែងតែម្តង ដើម្បីបង្ហាញ​ការទទួលខុសត្រូវ ទោះបីជា​លោក​មិនទាន់​ទទួល​បានការស្តីបន្ទោស​ពីប្រជាជន ឬថ្នាក់លើណា​ម្នាក់​ក៏ដោយ។

គួរបញ្ជាក់ថា គ្រោះអគ្គីភ័យ​បានបង្កឡើងនៅពេលដែល​រថភ្លើងមួយខ្សែ បានជ្រុលបុក​ខឿន​​ផ្លូវនៅ​ក្នុង​ស្ថានីយ រ៉ែមសែស (Ramses)។ ក្រោយ​ពេល​កើតហេតុ​​ភ្លាមៗ រថយន្តសង្រ្គោះ​បន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ​បាន​​ប្រញាប់​ប្រញាល់​​ទៅ​កាន់​ស្ថានីយរថភ្លើង​នេះ​ជាបន្ទាន់។ កាលពីដំបូងៗខ្សែ​រថភ្លើងឆ្ពោះទៅ និងមកកាន់ទីក្រុងគែរត្រូវ​បានផ្អាក​ទាំងអស់។ ​យោងតាម​ប្រភពពីក្រុមគ្រូពេទ្យ អ្នក​រងរបួស​ភាគច្រើន​ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរខ្លាំង ដែលជាហេតុធ្វើ​ឲ្យតួលេខនៃអ្នកស្លាប់​ អាចកើនឡើងខ្ពស់ជាង​នេះទៀត៕


ចែករំលែក៖