រាល់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអតីតមេធាវី លាតត្រដាង នៅក្នុងសភា ធ្វើឲ្យការគាំទ្រ លោកត្រាំធ្លាក់ចុះយ៉ាងខ្លាំង ។ មេធាវីលោក ត្រាំ បានលើកឡើងថា «គាត់បានផ្តល់ភស្តុតាងថា លោកត្រាំ គឺជា “មនុស្សរើសពូជសាសន៍” “មនុស្សបោកប្រាស់” និង “មនុស្សផិតក្បត់” ។
អតីតមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំបានប្រាប់ទៅសភាថា លោកត្រាំ បានដឹងជាមុនថា វេបសាយ WikiLeaks មានអ៊ីមែលជាច្រើន ដែលនឹងបំផ្លាញដល់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកស្រីហ៊ីលឡារី គ្លីនតុន។
លោក ម៉ៃឃើល ខូហិន បានលើកឡើងថា លោកត្រាំ ក៏បានប្រាប់គាត់ឱ្យនិយាយកុហកអំពីគម្រោងអចលនទ្រព្យនៅទីក្រុងមូស្គូផងដែរ។
លោក ខូហិន បានសារភាពកំហុសចំពោះការនិយាយកុហកសភាអំពីគម្រោងនេះ ដែលលោកនិយាយថា លោក ត្រាំ បានដឹងរឿងរ៉ាវ នៅពេលលោកខូហិន កំពុងចរចាជាមួយរុស្ស៊ីនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦។
សវនាការនេះ ត្រូវបានគេរំពឹងថា នឹងមានការបរិយាយដ៏បំផ្លិចបំផ្លាញបំផុតចំពោះយុទ្ធនាការ និងប្រតិបត្តិការធុរកិច្ចរបស់លោកត្រាំពីសំណាក់អតីតសមាជិកម្នាក់នៃជួរដឹកនាំផ្ទៃក្នុងរបស់លោកប្រធានាធិបតីត្រាំ។
នេះគឺជាជំហានចុងក្រោយបំផុតមួយនៅក្នុងការវិវឌ្ឍរបស់លោក ខូហិន ពីអ្នកសម្របសម្រួលផ្លូវច្បាប់សម្រាប់លោកប្រធានាធិបតីត្រាំ ដែលគាត់ធ្លាប់អួតពីមុនថាគាត់ “ហ៊ានរងគ្រាប់កាំភ្លើងជំនួស” លោកត្រាំ ទៅជាសត្រូវម្នាក់ ដែលធ្វើឱ្យត្រាំជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានហិរញ្ញវត្ថុសម្រាប់យុទ្ធនាការបោះឆ្នោតរបស់សហព័ន្ធ។
លោកខូហិនបាននិយាយថា “ខ្ញុំមានអារម្មណ៍អៀនខ្មាស់ចំពោះភាពទន់ខ្សោយនិងភាពស្មោះត្រង់ខុសកន្លែងរបស់ខ្ញុំ និងចំពោះអ្វីដែលខ្ញុំបានធ្វើសម្រាប់លោកត្រាំក្នុងកិច្ចប្រឹងប្រែងដើម្បីការពារនិងលើកស្ទួយរូបគាត់។ ខ្ញុំមានការខ្មាស់អៀនដែលខ្ញុំជ្រើសរើសចូលរួមក្នុងការលាក់បាំងអំពើខុសច្បាប់របស់លោកត្រាំជាជាងស្តាប់នូវមនសិការរបស់ខ្ញុំ ។ ខ្ញុំខ្មាស់អៀនព្រោះខ្ញុំដឹងថាត្រាំជាមនុស្សបែបណា” ៕