ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងកូរ៉េខាងត្បូង នឹងមិនធ្វើសមយុទ្ធរួមជាទ្រង់ទ្រាយធំឡើយ​

ចែករំលែក៖

ដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែប្រសើរឡើង និងជាការផ្តល់ទំនុកចិត្តទៅលើកូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង បានសម្រេចផ្អាករាល់សមយុទ្ធទ្រង់ទ្រាយធំ ជំនួសវិញ ដោយការហ្វឹកហាត់ ខ្នាតតូច។

ជារៀងរាល់ឆ្នាំសមយុទ្ធ មានការចូលរួមពី​កម្លាំងទាហានរាប់ពាន់នាក់ ទាំងទាហានអាកាស​ ទាហានជើងទឹក និង ទាហានជើងគោក​។​ រាល់សកម្មភាពធ្វើសមយុទ្ធ ត្រូវបានកូរ៉េខាងជើង ចាត់ទុកថា ​ជាការត្រៀមលក្ខណៈ វាយប្រហារ ឈ្លានពានទឹកដីកូរ៉េខាងជើង ។

អាមេរិក និងកូរ៉េខាងត្បូងរំពឹងថា ពួកគេនឹងមិនធ្វើសមយុទ្ធយោធារួមនិទាឃរដូវទ្រង់ទ្រាយធំនោះឡើយ ហើយជំនួសវិញដោយសមយុទ្ធទ្រង់ទ្រាយតូច ។ នេះបើតាមមន្ត្រីអាមេរិកថ្លែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ។

ជាយូរមកហើយ មន្ត្រីអាមេរិកបាននិយាយអំពីសមយុទ្ធនិទាឃរដូវ ដែលត្រូវបានស្គាល់ថាជា Foal Eangle និង Key Resolve នោះអាចបន្ថយវិសាលភាព ។

ទោះបីយ៉ាងណា មន្ត្រីមួយរូប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោហ បញ្ជាក់ថា ការប្រកាសផ្លូវការណាមួយនោះ ត្រូវរំពឹងថា ធ្វើឡើងនៅថ្ងៃខាងមុខនេះ ។

មន្ត្រីបានបញ្ជាក់ថា ការសម្រេចចិត្តនោះ បានធ្វើឡើងជាយូរមកហើយ មិនមែនដោយសារលទ្ធផលក្រោយជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំគីម ជុងអ៊ុននោះឡើយ ។

សមយុទ្ធយោធា Foal Eagle ត្រូវបានធ្វើឡើងនៅរាល់ និទាឃរដូវនោះ គឺមានការចូលរួមពីកងកម្លាំងរាប់ពាន់នាក់ ទាំងដែនគោក, ដែនអាកាស, ដែនទឹក ក៏ដូចកងកម្លាំងប្រតិបត្តិការពិសេសផងដែរ ។ ចំណែក សមយុទ្ធ Key Resole វិញ គឺលំហាត់សមយុទ្ធដែលធ្វើត្រាបតាមម៉ាស៊ីនកុំព្យូទ័រ ។

ប្រភពព័ត៌មាននេះ ត្រូវបានផ្សាយដំបូងគេដោយព័ត៌មាន NBC News ។

អាមេរិក និងកូរ៉េខាងត្បូងបានផ្អាកមួយចំនួនការធ្វើសមយុទ្ធយោធា ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំមុន រវាងលោកគីម នឹងលោក ត្រាំ ។

មេដឹកនាំទាំងពីរ ក្នុងសប្តាហ៍នេះ បានជួបគ្នាម្តងទៀតនៅទីក្រុងហាណូយ សម្រាប់ជំនួបកំពូលលើកទី២ ប៉ុន្តែបានដួលរលំទៅវិញកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយគ្មានកិច្ចព្រមព្រៀង ឬគម្រោងជំនួបទី៣ទៀតនោះឡើយ ទាំងរវាងមេដឹកនាំ ក៏ដូចក្រុមគណៈប្រតិភូទាំងសងខាង ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយជំនួបកំពូល លោកដូណាល់ ត្រាំ បញ្ជាក់ថា សមយុទ្ធយោធា ថ្លៃ, ថ្លៃខ្លាំងណាស់ ។ ខ្ញុំប្រាប់ទៅមេទ័ព, ខ្ញុំនិយាយថា នែ! អ្នកដឹងទេ សមយុទ្ធជារឿងសប្បាយ វាល្អណាស់ ហើយពួកគេលេងល្បែងសង្គ្រាម ហើយខ្ញុំ មិននិយាយថា វាមិនមែនជារឿងចំបាច់នោះទេ ពីព្រោះតាមកម្រិតរបស់វានោះ ប៉ុន្តែ កម្រិតដទៃខ្លះ ផ្សេងទៀត មិនចាំបាច់សោះឡើយ ។

មន្ទីរបង់តាហ្គូនបានបញ្ជាក់ដែរថា សមយុទ្ធផ្សេងទៀត ដែលផ្អាកកាលពីឆ្នាំមុន ស្គាល់ឈ្មោះថា សមយុទ្ធ Freedom Guardian នោះមានតម្លៃប្រហែល១៤លានដុល្លារ ។ យោធាអាមេរិកមានថវិកាសរុបប្រហែលជាង៧០០ពាន់លានដុល្លារ ៕


ចែករំលែក៖