ភ្នំពេញ៖ ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ទៅថ្ងៃអនាគត ។ ដោយមើលឃើញចក្ខុវិស័យវែងឆ្ងាយ បែបនេះហើយទើប រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុដើម្បី ស្រ្តី ក៏ដូចជាប្រជាជនកម្ពុជា សំដៅ ឱ្យបងប្អូន ទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម ។
សម្ដេចបានបញ្ជាក់បែបនេះ ខណៈ សម្ដេចទទួលជួបសំណេះ សំណាលជាមួយនារីជាថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ប្រមាណ២០០នាក់ ដែលដឹកនាំដោយ លោក ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីកិច្ចការនារី កាលពីរសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ មីនា ឆ្នាំ២០១៩ នៅវិមាន ព្រឹទ្ធសភា ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានលើក ឡើងពីវឌ្ឍនភាពនានា របស់ស្រ្តីនៅក្នុងសង្គមកម្ពុជា ដែលមានដូចជាស្រ្តី បានទទួលបានតួនាទីកាន់តែច្រើននៅក្នុងឋានៈជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី ៣៤% ទៅ ៤១%។ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។ កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំកំណត់ លើសុខភាពមាតានិងទារក។ អំពើហិង្សានិងការរំលោភនានាលើស្រ្តីក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល របស់ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរ និងមានតម្លៃ ឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន ។ ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានលើកទឹកចិត្តដល់រាជ រដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារីបន្ត និងជំរុញ ការ អនុវត្តគោល នយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ៕ សំរិត