ឥណ្ឌានិងប៉ាគីស្ថានកំពុងតែស្ថិតនៅមាត់រណ្តៅនៃសង្គ្រាម ឲ្យតែប្រទេសទាំង ពីរ ខ្វះការអត់ធ្មត់តែបន្តិចនោះនឹងធ្លាក់ ចូលរណ្តៅនៃសង្គ្រាមពិបាកបញ្ចប់ ដោយ ប្រទេសទាំងពីរ មានអាវុធ ប្រល័យលោកដូចគ្នាអាចធ្វើឲ្យប្រទេសទាំងពីររលាយសាបសូន្យពីផែនដី។ បើទោះបីកម្លាំង ទាហាននិងអាវុធឥណ្ឌាទំនើបជាងតែបើសង្គ្រាមឈានដល់ការប្រើប្រាស់បរមាណូ គឺពិតជាពិបាកចាញ់ឈ្នះខ្លាំងណាស់។
សារព័ត៌មាន Times of India បាន ស្រាវជ្រាវនិងប្រៀបធៀបពីកម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា ដោយយោធា។ ឥណ្ឌាជាប្រទេសដែល មានប្រាក់ចំណាយទៅលើយោធាច្រើនជាងប៉ាគីស្ថាន ដោយនៅក្នុងឆ្នាំ២០១៨ ឥណ្ឌាបានចំណាយដល់ទៅ៥៨ពាន់លានដុល្លារ គឺច្រើនជាងប៉ាគីស្ថានដល់ទៅ៥ដង ដោយប៉ាគីស្ថានមានតែ១១ពាន់លាន ដុល្លារតែប៉ុណ្ណោះ។
មូលនិធិការពារជាតិឥណ្ឌាមាន៥៨ពាន់លានដុល្លារ ចំណែកប៉ាគីស្ថានមានតែ ១១ ពាន់លានដុល្លារតែប៉ុណ្ណោះ។ កម្លាំងទាហាន ជើងគោកឥណ្ឌាមាន ដល់ទៅ១លាន២ សែននាក់ ចំណែកប៉ាគីស្ថានវិញមានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ។
មីស៊ីលទំនើបបំផុតអំពីអាវុធឥណ្ឌា មានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ៥០ ០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមាន មីស៊ីល Shaheen បាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។
រថក្រោះ ចំនួនរថពាសដែកដឹកទាហាន របស់ឥណ្ឌា មាន៣៣៦គ្រឿងរថក្រោះ៣.៥៦៥គ្រឿង និងកាំភ្លើងធំ៩.៧១៤ដើម។ ចំណែកប៉ាគីស្ថានវិញមានរថពាសដែក១.៦០៥គ្រឿង រថក្រោះ៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។
យន្តហោះចម្បាំងអំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន៤២៥គ្រឿង ។ជាមួយគ្នានេះឥណ្ឌាបាន ខិតខំអភិវឌ្ឍធ្វើឲ្យទំនើបកម្មនូវក្រុមយន្តហោះចម្បាំងចាស់ៗ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ។
កម្លាំងជើងទឹកអំពីកម្លាំងទាហានជើងទឹកឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើនដោយឥណ្ឌាមានព្រំដែនសមុទ្រវែងធំ ។ចំណែកប៉ាគីស្ថានវិញមានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើង ទឹកឡើយ ។
កងទ័ពជើងទឹកឥណ្ឌាមាននាវាផ្ទុកយន្ដហោះចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវាល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទំាងនាវាប្រឆាំងយន្ដហោះចម្បាំង៧៥គ្រឿង និងនាវាចម្បាំងធម្មតា១៣គ្រឿង។ ឥណ្ឌាមានកងទ័ពជើងទឹកសរុប ៦៧.៧០០នាក់។
ដោយឡែកប៉ាគីស្ថានមាននាវាចម្បាំងធម្មតា ៩គ្រឿង, នាវាមុជទឹក ៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំងយន្ដហោះចម្បាំងតែ ៨គ្រឿងប៉ុណ្ណោះ។
កម្លាំងអាវុធសំខាន់បំផុតរបស់ប្រទេសទាំងពីរគឺគ្រាប់បែកបរមាណូបើឈានដល់សង្រ្គាមអាវុធមហាប្រល័យលោកតើឥណ្ឌានិងប៉ាគីស្ថាន ខាងណាខ្លាំងជាង?
សហគមន៍អន្តរជាតិបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល នៅតាមបណ្តោយព្រំដែនកាស្មៀរដែលមានវិវាទរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន បន្ទាប់ពីប្រឈមមុខដាក់គ្នាដោយអាវុធនាពេលកន្លងមក បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
ប្រទេសទាំងពីរមានគ្រាប់បែកបរមាណូ ប្រហាក់ប្រហែលគ្នា ឥណ្ឌាមានប្រមាណ១៥០គ្រាប់ ចំណែកប៉ាគីស្ថានមានប្រហែល ១៤០គ្រាប់។ ទោះជាយ៉ាងណាពិភពលោកកំពុងតែបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារខ្លាចប្រទេសទាំងពីរត្រូវប្រឈមមុខដាក់គ្នាឈានដល់ការធ្វើសង្គ្រាមបរមាណូ។
លោក Shuja Nawaz អ្នកឯកទេសវិភាគអាមេរិក បានលើកឡើងថា សង្គ្រាមឥណ្ឌានិងប៉ាគីស្ថាន កើតឡើងអាចឈានដល់សង្គ្រាមបរមាណូបង្កវិនាសកម្មដល់តំបន់ទាំងមូល និងពិភពលោក។
តាមទស្សនាវដ្តី The National Interest របស់អាមេរិកបានផ្សាយថា ឃ្លាំងអាវុធបរមាណូប្រទេសទាំងពីរពិតជាគួរឲ្យភ័យខ្លាច។ ប៉ាគីស្ថានបានចាប់ផ្តើមផលិតអាវុធបរមាណូ នៅឆ្នាំ ១៩៥០ ហើយកម្ម វិធីនោះត្រូវបានចាប់អារម្មណ៍ខ្លាំង ក្រោយពេលប្រទេសប៉ាគីស្ថាន ត្រូវឥណ្ឌាវាយប្រហារយកឈ្នះ នៅឆ្នាំ១៩៧១។
ក្រោយពេលរដ្ឋាភិបាលទីក្រុងញូវដេលី បានសាកល្បងបរមាណូលើកដំបូងនៅឆ្នាំ១៩៧៤ ទើបរដ្ឋាភិបាលទីក្រុង Islamabad បានជំរុញឲ្យអភិវឌ្ឍធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់ផលិតបរមាណូ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចប់នូវគម្រោងផលិតគ្រាប់បែកបរមាណូទីមួយ នាឆ្នាំ១៩៧៨។
នៅឆ្នាំ១៩៩៨ ឥណ្ឌាបានសាកល្បងគ្រាប់បែកបរមាណូ រហូតដល់ទៅ៦គ្រាប់ ក្នុងរយៈពេល៣ថ្ងៃ។ ចំណែកប៉ាគីស្ថានវិញ ក៏មិនចុះចាញ់នឹងឥណ្ឌាដែរគឺក្រោយឥណ្ឌាសាកល្បង៣សប្តាហ៍ ប៉ាគីស្ថានក៏បានសាកល្បង គ្រាប់បែកបរមាណូចំនួន៥គ្រាប់ ក្នុងរយៈពេលតែមួយថ្ងៃ។
បើតាមតួលេខរបស់មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិទីក្រុង Stockholm ប្រទេសស្វីុសបានឲ្យដឹងថា បច្ចុប្បន្នប៉ាគីស្ថានមានគ្រាប់បែកបរមាណូ ចន្លោះពី១៣០-១៤០គ្រាប់។ ចំណែកឥណ្ឌាវិញមានគ្រាប់បែកបរមាណូប្រមាណ១៤០-១៥០គ្រាប់ ៕ ធី រីណា