ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម នៅតែជាការគំរាមកំហែង ដល់អាមេរិក និងពិភពលោកទាំងមូល

ចែករំលែក៖

ក្រុមភេរវកម្ម ទោះបីបាត់បង់ទីតាំងគ្រប់គ្រង តែក្រុមនេះ បានបំបែកខ្លួនជាក្រុមតូចៗ មានគ្នា ២-៣នាក់ បន្លំជាមួយពលរដ្ឋ​បង្កើន ការវាយប្រហារនៅគ្រប់ទិសទី ដដែល ។ ការលាក់ខ្លួន ក្នុងចំណោមពលរដ្ឋ ជារឿងមួយដ៏លំបាកបំផុត​នៅក្នុងការ ទប់ស្កាត់វាយប្រហារ ។

កាលពីថ្ងៃទី​៧ ខែមីនា ឧត្តមសេនីយ៍អាមេរិក លោក Joseph Votel បានថ្លែងនៅក្នុងសភា ថា ក្រុមរដ្ឋអិស្លាម IS នៅតែជាបញ្ហាគំរាមកំហែងដដែល បើទោះបីក្រុមនេះបានបាត់បង់ទឹកដីគ្រង់គ្រងចុងក្រោយនៅស៊ីរីយ៉ាងណាក៏ដោយ ។

លោក Votel ថ្លែងថា អ្វីដែលយើងមើលឃើញ គឺក្រុម ISIS គឺមិនបានចុះចាញ់នោះឡើយ ។ ពួកគេបានភៀសខ្លួនដើម្បីសុវត្ថិភាព និងអភិរក្សក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងរក្សានូវសមត្ថភាពរបស់ពួកគេ ដោយចូលទៅក្នុងរូងក្រោមដី ស្ថិតនៅតំបន់ដាច់ស្រយាល់ ។ ពួកនេះ រង់ចាំមានឱកាសល្អ ប៉ុណ្ណោះ នឹងងើបឡើងវិញធ្វើសកម្មភាពទៀតហើយ ។

សូមបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍អាមេរិក ដែលគ្រប់គ្រងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល គឺផ្ទុយគ្នាស្រឡះ ពីការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្មីៗកន្លងមកនេះថា ក្រុមរដ្ឋអិស្លាម ISIS បានបរាជ័យទាំងស្រុង ១០០ភាគរយ និងគ្មានទីកន្លែងឈរជើងទៀតទេ នៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់នោះ ។

លោកឧត្តមសេនីយ៍ Votel បញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ក្រុម IS ពុំមានទឹកដីគ្រប់គ្រងសូម្បីតែមួយម៉ៃបួនជ្រុងក៏ពិតមែន ដោយសារតែការបោសសម្អាតរបស់កងកម្លាំងយោធានោះ ប៉ុន្តែការទទួលជ័យជំនះទាំងស្រុង ទៅលើក្រុមនេះ គឺនៅឆ្ងាយសន្លឹមណាស់ ។ លោកថា នៅតាមជ្រលងដងទន្លេ Middle Euphrates គឺជាដែនដីដ៏ពិសិដ្ឋរបស់ក្រុមដ៏រឹងរូសមួយនេះលាក់ខ្លួន ។ ក្រុមឧទ្ទាមខ្លះបានភៀសខ្លួន ទៅកាន់ទីកន្លែងផ្សេងៗ ហើយដែលបច្ចុប្បន្ននេះ កំពុងតែសម្ងំលាក់ខ្លួន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញប្រកាសយ៉ាងឆាប់រហ័សថា ក្រុមរដ្ឋអិស្លាម IS បានបរាជ័យទាំងស្រុង១០០ភាគរយ ហើយប្រកាសដកកងទ័ពអាមេរិកទាំងអស់ចេញពីទឹកដីស៊ីរីដែលកំពុងធ្វើសង្គ្រាមប្រឆាំងភេរវកម្ម ។ ប៉ុន្តែក្រោយមក លោកត្រាំ ក៏បានសម្រេចចិត្តរក្សាកងទ័ពអាមេរិកចំនួន៤០០នាក់វិញ ដែលក្នុងនោះ កងទ័ព២០០នាក់ ឲ្យឈរជើងនៅភាគខាងជើងទឹកដីស៊ីរី និងកងទ័ព ២០០ នាក់ផ្សេងទៀត ឈរជើងនៅតំបន់ al-Tanf ភាគខាងត្បូងស៊ីរី ។ លោក Votel បញ្ជាក់គោលដៅសំខាន់ទាំងនេះ គឺបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាមទៀត៕


ចែករំលែក៖