ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ ១៥៧ ​នាក់ស្លាប់ ក្រោយធ្លាក់យន្តហោះដឹកអ្នកដំណើរនៅ អេត្យូពី (Ethiopian Airline)

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់​​ស្លាប់មនុស្ស​នៅលើយន្តហោះ​ទាំងអស់១៥៧នាក់ ដែលមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ​។

គេហទំព័រ​ the Peninsula បានផ្សាយថា យន្តហោះ បូអ៊ីង 737-8 MAX របស់ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ Ethiopian Airline បានចាកចេញ​ពីអាកាសយានដ្ឋាន Addis Abba ​ក្នុងរដ្ឋធានី Ethiopia កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ពេលហោះបានប្រហែល៦នាទី នៅលើផ្លូវឆ្ពោះទៅកាន់​រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដល់តំបន់ Bishoflu ឬ Debre Zeit ចម្ងាយ​ប្រហែល​៥០គីឡូម៉ែទ្រ ភាគខាងត្បូងទីក្រុង Addis Ababa នោះ នៅវេលាម៉ោង៨និង៤៤នាទីព្រឹក ស្រាប់តែធ្លាក់ចុះ​តែម្តង ។

សេចក្តីប្រកាស​របស់អាកាសចរណ៍​បញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះ​មាន១៤៩នាក់ និងអាកាសយានិក​៨នាក់​ថែមទៀត គឺស្លាប់ទាំងអស់គ្នា គ្មាននរណាម្នាក់រងរបួស ឬរស់រានមានជីវិតឡើយ ។ ប្រភពខ្លះ​ផ្សាយថា អ្នកដំណើរ​មានសរុប​៣៣សញ្ជាតិ ។ កេនយ៉ា​មាន៣២នាក់ និង អេត្យូពី (Ethiopia) ១៧នាក់ ស្ថិតក្នុងចំណោម​ជនរងគ្រោះទាំងអស់នោះដែរ ។

យន្តហោះដែលធ្លាក់នេះ គឺជាប្រទេយន្តហោះថ្មី ទើបតែត្រូវបានដាក់ឲ្យដំណើរការហោះហើរ​កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨​​កន្លងមកនេះតែប៉ុណ្ណោះ ។ ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ថ្លែងរំលេកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍​នេះផងដែរ ៕


ចែករំលែក៖