ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះព្រំដែន​ជាមួយប៉ាគីស្ថាន, នាយករដ្ឋមន្ត្រី​ឥណ្ឌា មានសំឡេងគាំទ្រ​ច្រើន​​

ចែករំលែក៖

ប្រជាជនឥណ្ឌា នឹងចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។

គណបក្សកាន់អំណាច (BJP) របស់លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវគេប៉ាន់ស្មានថា អាចនឹងទទួលជ័យជំនះ ការបោះឆ្នោតមួយលើកនេះ ខណៈការវាស់ស្ទង់មតិថ្មីៗ ការគាំទ្រលោក Modi មានការកើនឡើង ជាពិសេសពេញចិត្តចំពោះចំណាត់ការរដ្ឋាភិបាល ទៅលើប៉ាគីស្ថាន ។

ពលរដ្ឋឥណ្ឌារហូតដល់៩០០លាននាក់ពេញសិទ្ធិបោះឆ្នោត ក្នុងនោះ១៥លាននាក់ អាយុចន្លោះពី១៨ឆ្នាំដល់១៩ឆ្នាំ ។ ពលរដ្ឋឥណ្ឌាមានសរុប ១,៣ពាន់លាននាក់ ។

រដ្ឋភាឥណ្ឌាមានសរុប៥៤២អាសនៈ ។ សមាជិកគណបក្សកាន់អំណាច និងសម្ពន្ធមិត្តសរុប មាន២៤១អាសនៈ ចំណែកក្រុមប្រឆាំង និងសម្ពន្ធមិត្តវិញ មាន១៤១ អាសនៈ ។

ពលរដ្ឋឥណ្ឌាមួយរូបនិយាយថា បោះឆ្នោតខែមេសា ខាងមុខ គាត់នឹងបោះឆ្នោតជូនគណបក្សកាន់អំណាច BJP ជាលើកទីមួយ ពីព្រោះពេញចិត្តនឹងចំណាត់ដ៏រឹងមាំរបស់រដ្ឋាភិបាលប្រឆាំងភាគីប៉ាគីស្ថាន ។

ឥណ្ឌាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពប្រឆាំងក្រុមភេរវកម្មលាក់ខ្លួនក្នុងទឹកដីប៉ាគីស្ថាន ដែលបានវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់កម្លាំងទាហានឥណ្ឌាជាង៤០នាក់ ។

ឥណ្ឌាបានបាញ់ប្រហារតាមដែនអាកាស និងបាញ់បន្តក់តាមព្រំដែន ទៅទីតាំងលាក់ខ្លួនពួកឧទ្ទាម នៅតំបន់កាស្មៀរ ដែលមានជម្លោះជាមួយប៉ាគីស្ថាន សម្លាប់រាប់សិបនាក់ ។ ប៉ាគីស្ថាន ក្តៅស្លឹកត្រចៀកចំពោះទង្វើរំលោភដែនអធិបតេយ្យរបស់ខ្លួនពីសំណាក់ភាគីឥណ្ឌា ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាធ្លាក់អស់២គ្រឿងទុកជាការព្រមាន និងប្រកាសបិទជើងអាកាសបណ្តោះអាសន្ន ។

ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានផងដែរ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍តានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថាន ហាក់ស្ងប់ស្ងាត់បន្តិច ៕


ចែករំលែក៖