ការចាប់នាវាអ៊ុយក្រែននាពេលកន្លងមក ពីសំណាក់ទាហានរុស្ស៊ី បានបង្កឲ្យមានភាពតានតឹង ស្ទើរតែផ្ទុះអាវុធដាក់គ្នា ។ នៅពេលនេះ ប្រទេសលោកខាងលិច មានអាមេរិក កាណាដា និងអឺរ៉ុប ជាដើម បានសម្រេច បន្ថែមទណ្ឌកម្មទៅលើបុគ្គល និង ស្ថាប័នជាប់ពាក់ព័ន្ធរបស់រុស្ស៊ី ។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានបន្តដាក់ទណ្ឌកម្មទៅលើបុគ្គល៦រូប និងស្ថាប័នចំនួន៨ របស់រុស្ស៊ី ដោយសារតែ ការបង្កជម្លោះជាមួយ អ៊ុយក្រែន តាមរយៈចាប់នាវាចម្បាំងអ៊ុយក្រែន ។
សកម្មភាពរបស់អាមេរិក គឺសម្តៅទៅលើអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការប៉ះទង្គិចគ្នារវាងរុស្ស៊ី នឹងអ៊ុយក្រែន ក្នុងច្រកសមុទ្រ Kerch ក៏ដូចជា ជាប់ពាក់ព័ន្ធ ការដាក់បញ្ចូនតំបន់គ្រីមៀ នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅឆ្នាំ២០១៤ និងជួយដល់ក្រុមទាមទារបំបែករដ្ឋ នៅភាគខាងកើតអ៊ុយក្រែន ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានបញ្ជាក់ថា អាមេរិក និងប្រទេសជាដៃគូ មិនអនុញ្ញាតឲ្យរុស្ស៊ីបន្តធ្វើសកម្មភាពប្រឆាំង ប្រទេសអ៊ុយក្រែននោះឡើយ ។
បុគ្គលដែលរងទណ្ឌកម្មនោះ មាន មន្ត្រីរុស្ស៊ី ដែលបានចូលរួមដោយផ្ទាល់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅច្រកសមុទ្រ Kerch ។ ជាមួយគ្នានោះ ក្រុមហ៊ុនរុស្ស៊ី កំពុងតែធ្វើសកម្មភាពនៅភាគខាងកើត តំបន់គ្រីមៀ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថាប្រើប្រាស់ទ្រព្យសម្បត្តិជាតិអ៊ុយក្រែន ផ្គត់ផ្គងទាហានរុស្ស៊ី ។ក្រៅពីអាមេរិក នៅមានកាណាដា និង សហគមន៍អឺរ៉ុបផងដែរ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ៕