ព័ត៌មានទាន់ហេតុការណ៍៖

Grab Financial Group ប្រកាសផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ SME នៅអាស៊ីអាគ្នេយ៍

ចែករំលែក៖

សិង្ហបុរី ៖ Grab Financial Group (ស្ថាប័នហិរញ្ញវត្ថុរបស់ហ្គេ្រប) ដែលជា ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេរបស់តំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះអំពី យុទ្ធសាស្ត្រថ្មីរបស់ ខ្លួនដែលមានឈ្មោះថា «Grow with Grab (រីកចម្រើនជាមួយហ្គ្រេប)» នឹងចាប់ផ្តើមផ្តល់សេវាកម្ចី ដល់ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងសេវាធានារ៉ាប់រ៉ងខ្នាតតូចបំផុតសម្រាប់អ្នកបើកបរនៅទីក្រុងសិង្ហបុរី ។

ផែនការជាយុទ្ធសាស្ត្ររបស់កម្មវិធី Grow with Grab មានគោលដៅក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ ផែនការថ្មីនេះនឹងផ្តល់ជូននូវ សេវាកម្មផ្សេងទៀតជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងផលិតផលធានារ៉ាប់រ៉ងខ្នាតតូចបំផុត សេវាបង់ប្រាក់រំលស់ និងការទូទាត់ប្រាក់នៅចុងខែ (Post-Paid) ក៏ដូចជាសេវា «Pay with GrabPay (ទូទាត់ជាមួយ GrabPay)» ដែលជាវិធីសាស្ត្រទូទាត់ប្រាក់តាមអនឡាញ សម្រាប់អាជីវករតាមអនឡាញ។

ក្រោយពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយនេះ ត្រូវបានដាក់ឲ្យដំណើរការយ៉ាងជោគជ័យក្នុង ឆ្នាំ២០១៨ និងបានរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានមុខគេលើសេវាទូទាត់ចល័ត កម្មវិធី Grow with Grab បង្ហាញពីការបោះជំហានចូលទាំងស្រុងរបស់ Grab Financial Group ទៅលើសេវាផ្តល់កម្ចី និងធានារ៉ាប់រ៉ង់។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យ Grab Financial ស្ថិតក្នុងទីតាំងដ៏រឹងមាំលើសេវាសេវាហិរញ្ញវត្ថុ ខណៈពេលដែលស្ថាប័នមួយនេះ មានបំណងក្នុងស្វែងរកលទ្ធភាពបន្ថែមទៀតដល់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ Grab Financial Group កំណត់មហិច្ឆតាយ៉ាងច្បាស់ដើម្បីក្លាយជាផ្លាតហ្វមផ្តល់សេវាហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ ធំជាងគេបំផុតប្រចាំតំបន់ ក្នុងឆ្នាំ២០១៩នេះ។ Grab Financial Group មានបំណងក្លាយជាបណ្តាញពាណិជ្ជករ ភ្នាក់ងារផ្តល់សេវាធានារ៉ាប់រ៉ងបែបបច្ចេកវិទ្យា និងភ្នាក់ងារផ្តល់ប្រាក់កម្ចីបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅលើផ្លាតហ្វមតែមួយ ធំជាងគេបំផុតនៅក្នុងតំបន់។ Grab Financial Group មានបំណងក្នុងការប្រើប្រាស់ទុនវិនិយោគ ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីផ្តល់កិច្ចសន្យាដ៏ល្អបំផុតសម្រាប់ដៃគូសហគ្រាសរបស់ខ្លួន និងជួយសន្សំ សំចៃដល់ពួកគេផងដែរ។

លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់របស់ Grab Financial Group បានឲ្យដឹងថា៖ «យើងកំពុងតែបន្ថែមសេវាហិរញ្ញវត្ថុរបស់យើងទ្វេដងសម្រាប់សហគ្រិនខ្នាតតូច ជាមួយនឹងកម្មវិធី Grow with Grab។ នេះគឺជាឱកាសដ៏ធំមួយមិនធ្លាប់មានពីមុនមកសម្រាប់ Grab Financial ក្នុងការជួយគាំទ្រដល់សហ គ្រិនទាំងអស់នៅក្នុងតំបន់ ដែលខ្វះនូវលទ្ធភាពក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។ ខណៈពេលដែលសហគ្រាស ខ្នាតតូច និងមធ្យម (SME) បានចូលរួមចំណែកច្រើនជាង៥០%នៃផលិតផលសរុបក្នុងស្រុករបស់ប្រជាជន អាស៊ាន ដែល២ភាគ៣នៃសហគ្រាសខ្នាតតូច និងមធ្យម បង្ហើបប្រាប់ថា មូលនិធិអាជីវកម្ម និងហិរញ្ញវត្ថុ គឺជាបញ្ហាដ៏បំផុតរបស់សហគ្រាសទាំងនោះ។ កម្មវិធីដំឡើងលើទូរស័ព្ទដៃរបស់ Grab បានបម្រើជូនសហគ្រិនខ្នាតតូចច្រើនជាង៩លាននាក់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល យើងអាចប្រើប្រាស់ទុនវិនិយោគ និងទិន្នន័យរបស់យើងក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដល់ទីផ្សារ ក្នុងតម្លៃមួយដែលមានការប្រកួតប្រជែង»។

ក្នុងនាមជាផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេដែលទទួលបានអាជ្ញាបណ្ណលើសាច់ប្រាក់អេឡិចត្រូនិក ក្នុងតំបន់ សេដ្ឋកិច្ចធំៗចំនួន៦នៅអាស៊ីអាគ្នេយ៍ Grab Financial បានបង្កើតបណ្តាញពាណិជ្ជករធំជាងគេបំផុត តាមរយៈ ការគ្របដណ្តប់លើពាណិជ្ជករច្រើនជាង៦០ម៉ឺននាក់។ នៅថ្ងៃនេះដែរ Grab បានដាក់ឲ្យដំណើរការនូវ បច្ចេកវិទ្យាទូទាត់ប្រាក់ថ្មីៗជាច្រើនដែលនឹងអនុញ្ញាតឲ្យអាជីវកម្មខាតតូចបំផុត និងតូច ទទួលបានអត្ថប្រយោជន៍ ពីអ្នកប្រើប្រាស់សេវាកម្មរបស់ Grab ដូចជា ការធ្វើសមាហរន្តកម្មរវាងឧបករណ៏ Point-of-Sale (POS) និងការទូទាត់តាមអនឡាញតាមរយៈ GrabPay ជាដើម។ បច្ចេកវិទ្យាទាំងនេះ បានជួយឲ្យ Grab Financial Group កាន់តែមានលក្ខខណៈពិសេសជាងគេបន្ថែមទៀតទៅលើភាពរហ័សទាន់ចិត្ត ភាពងាយស្រួល និងភាពបត់បែនបាន ដែលសុទ្ធសឹងជាតម្រូវដ៏ចាំបាច់សម្រាប់រាល់សហគ្រិតខ្នាតតូចទាំងអស់៕ វឌ្ឍនា


ចែករំលែក៖