ព័ត៌មានទាន់ហេតុការណ៍៖

ទប់កំហឹងមិនបាន ក្លាយជាជនដៃដល់ គឺមន្រ្តីអាវុធហត្ថ សាន្ត សុខុម ត្រូវបានជនរងគ្រោះ២នាក់ដាក់ពាក្យបណ្តឹង ចំណែកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះដែលជាឪពុក ក៏បានប្រាប់អំពីមូលហេតុរឿងនេះថា ដើមហេតុមកពីកូនមួយទៀត ឈ្មោះ សាន សុវិជ្ជា វក់និងល្បែង បំផ្លាញទ្រព្យ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ខឹងខូច ខឹងខាត ការទប់កំហឹងមិនជាប់ គ្រប់អារម្មណ៍ខ្លួនឯងមិនបាន នោះជាកំហុសបង្កើតអោយមានបញ្ហាដល់ខ្លួន ឬយកមេរោគមកដាក់ក្នុងខួរក្បាល តែមួយពព្រិចភ្នែករងនូវភាពអាម៉ាស់ បាក់មុខមាត់យសស័ក្តិ។ ជាក់ស្តែងមានហេតុការណ៏បង្កហិង្សាមួយ ដែលបង្ហោះឡើងដោយ គណនីហ្វេសប៊ុក ឈ្មោះ Makara Meach ចេញពីទិដ្ឋភាព កាមេរ៉ា សុវត្ថិភាព បានបង្ហាញពីសកម្មភាព បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា សាន្ដ សុខុម ជាមន្រ្ដីប៉េអឹម ខេត្ដក្រចេះ ដែលមានឪពុកជាមេប៉េអឹមខេត្ដ បានធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ ដោយដកកាំភ្លើង វាយនឹងភ្ជង់ ជនរងគ្រោះពីរនាក់ បង្កអោយមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុក។ ខណៈជនបង្កមានឥទ្ធិពល មានលុយ មានបុណ្យស័ក្តិ ចុងក្រោយ បានដឹងថា នេះជាអំពើល្មើសច្បាប់ ហើយបង្ខំចិត្តគេចខ្លួនពីការប្រម៉ាញ់របស់សមត្ថកិច្ច សម្ងំនៅរាជធានីភ្នំពេញ។
ស្របពេលនេះ ជនរងគ្រោះដែលត្រូវបានបុគ្គល សាន្ដ សុខុម ដកកាំភ្លើងភ្ជង់ វាយធ្វើបាបនោះ ត្រូវបានគេស្គាល់ឈ្មោះថា ទី១ -វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងទី២- ឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម។
ជនរងគ្រោះទាំងពីរនាក់ បានកើតទុក្ខពុំសុខចិត្ដ សម្រេចដាក់ពាក្យបណ្ដឹង នៅស្នងការនគរបាលខេត្តកំពង់ចាម ដោយបានប្ដឹងឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ ទាំងកម្រោល និងឃោឃៅ។
ក្នុងពាក្យបណ្ដឹងជនរងគ្រោះបានរៀបរាប់ហេតុការណ៏ដែលកើតឡើងថា៖”នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤៥នាទី ពួកខ្ញុំកំពុងអង្គុយលេងហ្គេម តាមអនឡាញ នៅផ្ទះណេត យីហោ៥០៧ ផ្ទះក្រោយសាលាវាលវង់ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ពេលកំពុងលេងហ្គេម
តាមអនឡាញ ក៏មានអ្នកលេង ប្រហែល ០៥ទៅ០៦នាក់ ស្រាប់តែមានឈ្មោះ សាន្ដ សុខុម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ៦ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ជិះរថយន្ដម៉ាក ៥៧០ ពណ៏ស ផ្លាកលេខខេមរភូមិន្ទ ពីរនាក់អ្នកបើកបររថយន្ដ ហើយដកកាំភ្លើងខ្លីម៉ាកឡុងបញ្ចូលគ្រាប់ភ្ជង់មកលើពួកខ្ញុំ ពេលនោះពួកខ្ញុំបានចុះពីលើរថយន្ដ ហើយដើរចូលមកកន្លែង ណេត លេងហ្គមវិញ ។ តែឈ្មោះ សាន្ដ សុខុម បានដើរចូលមកតាមពួកខ្ញុំ ហើយទះកំផ្លៀងពួកខ្ញុំ ៤កំផ្លៀងថែមទៀត ព្រមទាំងដកកាំភ្លើងខ្លីម៉ាកឡុកបញ្ចូលគ្រាប់ មកភ្ជង់ពួកខ្ញុំម្ដងទៀត ពេលនោះពួកខ្ញុំ ក៏គេចខ្លួនពីកន្លែងលេងហ្គេមរួច ក៏ឲ្យម៉ាក់របស់ខ្ញុំទៅយកមកផ្ទះ ទើបពួកខ្ញុំបានសម្រេចចិត្ដប្ដឹង សមត្ថកិច្ចអោយជួយដោះស្រាយតែម្ដង។”
បើទោះមានហេតុការបែបនេះល្បីកក្រើកពេញហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ក៏លោក សាន ប៊ុនថាន ជាឪពុកចេញទទួលស្គាល់ការពិតរាល់សកម្មភាពកូនបង្កហេតុ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ត្រូវជាឪពុករបស់ជនបង្ក ឈ្មោះ សាន្ដ សុខុម បានប្រាប់ពីហេតុការណ៏ខាងលើ ដែលបង្កឡើងដោយកូនប្រុសរបស់ខ្លួន ដោយលោកបញ្ជាក់ថា៖ ករណីនេះបានផ្តើមចេញពីកូនប្រុសម្នាក់ទៀតឈ្មោះ សាន្ត សុវិជ្ជា ដែលត្រូវជាប្អូនរបស់សាន សុខុម។
លោកបានប្រាប់ឱ្យដឹងថា៖ កូនប្រុសរបស់លោកឈ្មោះ សាន្ត សុវិជ្ជា រួមជាមួយមិត្តិភក្តិ បានលេងល្បែងចាញ់អស់ រហូតដល់យកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។ ក្រោយទទួលបានព័ត៌មានដ៏អកុសលបែបនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឲ្យកូនបងឈ្មោះ សាន្ត សុខុម ទៅតាមរកប្អូន និងសួរនាំកន្លែងបញ្ចាំខ្សែក និងម៉ូតូ ដើម្បីធ្វើការលោះយកត្រឡប់មកវិញ។
ប៉ុន្តែពេលទៅដល់ហាងអុីនធើណេត ក៏ជួបមិត្តភក្តិរបស់ឈ្មោះ សាន្ត សុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួន មិនប្រាប់ និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិ មកវិញនោះ ក៏កើតមានជម្លោះរហូតវាយ និងភ្ជង់តែម្តង។
លោកមេបញ្ជាការបានបន្ថែមទៀតថា៖លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះកូនប្រុសពៅរបស់ខ្លួន ដែលងប់នឹងល្បែងស៊ីសង រហូតធ្លាប់បានយករថយន្តរបស់ លោកទៅបញ្ចាំផងដែរ នាពេលកន្លងទៅ ដែលខ្លួនគឺមានតួនាទីជាប្រធានការិយាល័យបំភ័ន្តអក្ខរៈ នៃទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តក្រចេះ ហើយមានប្រពន្ធនៅទីរួមខេត្តកំពង់ចាម។
គួបញ្ជាក់ថា៖ ទឹកចិត្តឪពុកម្តាយ មិនមានបំណងណាមួយ សូម្បីគិតក៏គ្មាន អោយកូនដើរផ្លូវខុសទេ ពិសេសលោកមានមុខមាត់ តួនាទីក្នុងជួកងទ័ព ក្នុងសង្គមថែមទៀត តែដោយការគិតខ្លីរបស់កូន និងម្នាក់ទៀតញៀនល្បែង ក៏ក្លាយទៅជាកើតរឿងអពមង្គលនេះឡើង។ ដូច្នេះជនបង្កជាកងកម្លាំងមានការចេះ មានតួនាទីធ្វើបែបនេះ ប្រាកដណាស់ គឺអង្គភាពមិនយោគយល់បណ្តោយត្រីមួយ ស្អុយត្រីមួយពាងទេ ៕

ដោយ៖ ស្រីមាស


ចែករំលែក៖