ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡាមិនអាច ដើរតាមផ្លូវ ស៊ីរីបានឡើយ ក្លាយជាស៊ីរីទីពីរ នៅតំបន់ការ៉ាប៊ីន

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹង ថែមទៀត ក្រោយពេលដែលរុស្ស៊ីប្តេជ្ញាការពាររដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ។ ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រកាសថា ទីក្រុងមូស្កូគ្មានផ្លូវទុកឲ្យវេណេហ្ស៊ុយអេឡាក្លាយជាស៊ីរីទីពីរនោះឡើយ ។

សកម្មភាពខាងលើ ក្រោយពេលមានការថ្កោលទោសពីប្រទេសជាច្រើន ដែលជាសម្ពន្ធមិត្ត អាមេរិកស្នើឲ្យរុស្ស៊ីចាកចេញពីប្រទេសស៊ីរី ។ មិនតែប៉ុណ្ណោះអាមេរិក ក៏បានស្នើរុស្ស៊ីត្រូវដកទាហានចេញជាបន្ទាន់ផងដែរ ។

ក្រោយមានប្រតិកម្ម របស់អាមេរិក អង់គ្លេស និងប្រទេសមួយចំនួន រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Lavrov បានបញ្ជាក់ថា ទីក្រុងមូស្កូមិនអនុញ្ញាត ឲ្យ វេណេហ្ស៊ុយអេឡាក្លាយទៅជាស៊ីរីទីពីរនោះឡើយ ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានថ្កោលទោសចំពោះវត្តមានយោធារុស្ស៊ី១០០នាក់ នៅលើទឹកដីវេណេហ្ស៊ុយអេឡា ថា ជាហេតុធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសនោះកាន់តែតានតឹង ហើយអង់គ្លេសបានស្នើឲ្យរុស្ស៊ីត្រូវតែដកទាហានទាំងអស់ចេញពីប្រទេសវេណេហ្ស៊ុយអេឡា ។

ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រានចោល ការចោទប្រកាន់ទីក្រុងមូស្កូថា បានព្យាយាម ប្រែក្លាយ «ស៊ីរីទីពីរ »នៅក្នុងទឹកដីវេណេហ្ស៊ុយអេឡា ។

លោក Lavrov បញ្ជាក់ថា«មានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០១ ជាមួយអតីតប្រធានាធិបតី Hugo Chavez ហើយទទួលបានការអនុញ្ញាតពីសភា ។ ដូច្នេះរុស្ស៊ីនឹងបញ្ជូនសម្ភារយោធា ទៅកាន់វេណេហ្ស៊ុយអេឡា តាមកិច្ចព្រមព្រៀងនោះ ។ ពេលនេះ រុស្ស៊ីត្រូវតែអនុវត្តដោយបញ្ជូនក្រុមវិស្វកររបស់ខ្លួនទៅកាន់វេណេហ្ស៊ុយអេឡា» ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៀថា ស្ថានភាព នៅវេណេហ្ស៊ុយអេឡា មិនអាចឈានដល់វិបត្តិ ទូទាំងតំបន់ Caribe នោះឡើយ ខណៈដែលរុស្ស៊ី និង អាមេរិក ប្រឈមមុខតានតឹងដាក់គ្នា ។

ពាក់ព័ន្ធស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានេះដែរ អាមេរិកបានប្រកាសសន្យាជួយអភិវឌ្ឍន៍ប្រទេសនេះ ឲ្យរីកចំរើនក្នុងពេលខាងមុខ ប្រសិនបើ ប្រធានាធិបតី ម៉ាឌូរ៉ូ ចុះចេញពីតំណែង ។

កន្លងមកថ្មីៗ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Larry Kudlow កាលពីថ្ងៃទី៣ ខែមេសា បានប្រកាសថា អាមេរិក នឹងចំណាយប្រាក់ជាច្រើនទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីអភីវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនបើ ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ លាលែងចេញពីតំណែង ។

លោក Larry Kudlow បានបន្តទៀតថា អាមេរិក និងធ្វើការជាមួយបណ្តាធានាគារ និង មូលនិធិ រូបិយវត្ថុអន្តរជាតិ ស្តីពីគម្រោង អភីវឌ្ឍន៍សេដ្ឋកិច្ចវេណេហ្ស៊ុយអេឡា ។ លោក Kudlowបានបញ្ជាក់ថា «ទាំងនោះជាគម្រោងចំណាយប្រាក់ទៅលើប្រទេសវេណេហ្ស៊ុយអេឡា» ។

ក្រៅពីនេះ តំណាងរាស្ត្រអាមេរិក១៤រូប ក៏បានលើកឡើងពីគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច និងស្តារឡើងវិញនូវរបបលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយ វិបត្តិមនុស្សធម៌នៅវេណេហ្ស៊ុយអេឡា ។ អាមេរិក នឹងផ្តល់ប្រាក់៤០០លានដុល្លារ ជួយដល់ពលរដ្ឋវេណេហ្ស៊ុយអេឡា ។ ច្បាប់ថ្មីរបស់អាមេរិក នឹង ទទួលស្គាល់មេដឹកនាំក្រុមប្រឆាំង លោក Juan Guaido ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្ស៊ុយអេឡា ។

តាំងពីថ្ងៃទី២៣ ខែមករា មកទល់ពេលនេះ អាមេរិក និងប្រទេសជាង៥០ នៅជុំវិញពិភពលោក បានទទួលស្គាល់ មេដឹកនាំក្រុមប្រឆាំង លោក Guaido ជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ ។

នៅពេលនេះដែរ លោក Guaido បានអំពាវនាវឲ្យពលរដ្ឋក្រោកឈរឡើងប្រឆាំង ប្រធានាធិបតី ម៉ាឌូរ៉ូ ។ លោកបន្តទៀតថា កម្លាំងទហានវេណេហ្ស៊ុយអេឡា ចាំបាច់ត្រូវតែមានសកម្មភាពប្រឆាំងនឹងប្រធានាធិបតីវេណេហ្សុយអេឡា ។

ដោយឡែក សភាធម្មនុញ្ញ វេណេហ្សុយអេឡា បានបើកផ្លូវ កាត់ទោសលោក Guaido ។ សភាធម្មនុញ្ញវេណេស៊ុយអេឡា បានអនុម័តកាលពីថ្ងៃទី២ ខែមេសា ការដកអភ័យឯកសិទ្ធិសភា ពីមេដឹកនាំប្រឆាំង លោកJUAN GUAIDOដែលទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទី ដោយប្រទេសប្រមាណជា៥០ ។ បែបនេះ ជាការបើកផ្លូវចំពោះការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រឆាំងរូបលោក ។

ដោយការលើកដៃ សភាធម្មនុញ្ញបានអនុម័តជាឯកច្ឆ័ន្ទ ការអនុវត្តនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងលោកJUAN GUAIDO ជាប្រធានសភា ដោយតុលាការកំពូល ។ ប្រធានសភាធម្មនុញ្ញ លោក DIOSDADO CABELLO អះអាងថា យើងធ្វើបែបនេះ យោងទៅតាមរដ្ឋធម្មនុញ្ញ ។

លោកJUAN GUAIDOនៅមុខពួកអ្នកគាំទ្រលោក និងបណ្ដាអ្នកកាសែត ក្រោយការប្រកាសនេះបន្តិចនិយាយថា គ្មានអ្វីអាចបញ្ឈប់យើងបានទេ ។ ប្រជាជនបានប្ដេជ្ញាចិត្តហើយគ្មានអ្វីមកបញ្ឈប់យើងឡើយ ។ ពុំមានការដើរថយក្រោយទេ ក្នុងដំណើរការនេះ ។

តុលាការកំពូលវេណេស៊ុយអេឡា ចោទលោក GUAIDO ថា ពុំគោរពការហាមឃាត់មិនឲ្យលោកចាកចេញពីប្រទេស ។ លោកបានផ្គើនការហាមឃាត់នេះ ដោយលួចទៅស្ងាត់ៗ បំពេញទស្សនកិច្ចនៅប្រទេសកូឡុំប៊ី ប្រេស៊ីល ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងអេក្វាទ័រ កាលពីដំណាច់ខែកុម្ភៈ និងដើមខែមីនា ។ មុននេះ នាថ្ងៃទី២ ខែមេសា លោក GUAIDO ធ្លាប់និយាយថា លោកមានការភ័យខ្លាច លោកត្រូវចាប់ខ្លួន នាប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងករណីអភ័យឯកសិទ្ធិសភារបស់លោកត្រូវដកហូត ៕


ចែករំលែក៖