ក្រុមឧទ្ទាម Abu Sayyaf មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុមភេរវកម្ម IS បានធ្វើសកម្មភាព នៅលើកោះ Simisa បានចាប់ជាចំណាប់ខ្មាំងជនជាតិ ឥណ្ឌូនេស៊ី ។ ប៉ុន្តែចំណាប់ខ្មាំងម្នាក់ក្នុងចំណោម២នាក់ស្លាប់ ដោយសារតែលង់ទឹក ។
ប្រភពព័ត៌មានពីកងកម្លាំងទាហានហ្វីលីពីនបានបញ្ជាក់ថា កងទ័ពបានធ្វើប្រតិបត្តិការរំដោះជនរងគ្រោះ ប៉ុន្តែជនរងគ្រោះម្នាក់បានលង់ទឹកស្លាប់ នៅសល់តែម្នាក់ប៉ុណ្ណោះ ។ កងកម្លាំងបានប្រទះជាមួយពួកឧទ្ទាម ហើយផ្ទុះអាវុធនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែមេសា ។ អំឡុងពេលនោះ ទាហានជើងទឹកហ្វីលីពីន បានរំដោះជនចំណាប់ខ្មាំងឥណ្ឌូនេស៊ី ឈ្មោះ Heri Ardiansyah និង Hariadin ហើយក្រោយមក Hariadin បានលង់ទឹកស្លាប់ ។
ក្រុមឧទ្ទាម បាននាំជនចំណាប់ខ្មាំងហែលទឹកទន្លេឆ្ពោះទៅកាន់ដែនកោះ Bangalao ខណៈកងកម្លាំងទាហានរដ្ឋាភិបាលកំពុងតាមប្រមាញ់ ។ ពេលនេះ កម្លាំងកំពុងតាមប្រមាញ់ស្វែងរកពួកឧទ្ទាម ដែលនៅជាប់គាំងនៅក្នុងដែនកោះ Simisa ។
ការផ្ទុះអាវុធកើតឡើងប្រហែល១០នាទី ក្នុងនោះពួកឧទ្ទាម Abu Sayyaf ៣នាក់ ត្រូវបានសម្លាប់ ។ កម្លាំងទាហាន យកបានអាវុធជាច្រើនប្រភេទ ក្នុងនោះ មានកាំភ្លើង M14, M16 និងគ្រាប់បែកដៃប្រភេទ M203 ជាដើម ។
ពេលនេះ ចំណាប់ខ្មាំងដែលនៅរស់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការយោធាភាគខាងលិច Western Mindanao តំបន់ Camp Navarro ។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កងទ័ពហ្វីលីពីន បានរំដោះជនជាតិម៉ាឡេស៊ីឈ្មោះ Jari Bin Abdullah ដែលត្រូវក្រុម Abu Sayyaf ចាប់ជំរិតកាលពីខែធ្នូ ឆ្នាំ២០១៨ផងដែរ ។ ជនរងគ្រោះនៅពេលនេះ បាននិងកំពុងស្ថិតនៅមន្ទីរពេទ្យមួយព្យាបាលសុខភាព និងមុខរបួស ខណៈរងគ្រាប់កាំភ្លើង អំឡុងការបាញ់ប្រហារ ។
ជាមួយការរំដោះបានចំណាប់ខ្មាំងជនជាតិឥណ្ឌូនេស៊ីជាបន្តបន្ទាប់នេះ កម្លាំងទាហានហ្វីលីពីនក៏បានលើកឡើងផងដែរថា នៅមានចំណាប់ខ្មាំងជនជាតិហ្វីលីពីន៣នាក់ទៀត កំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកឧទ្ទាម Abu Sayyaf នៅឡើយ ។
ក្រុមឧទ្ទាម Abu Sayyaf មានកំណើតឡើងនៅក្នុងឆ្នាំ១៩៩០ នៅភាគខាងត្បូងហ្វីលីពីន ។ ក្រុមនេះទាមទារបង្កើតរដ្ឋអិស្លាមមួយ ។ ក្រុមនេះល្បីល្បាញផងដែរអំពីសកម្មភាពចាប់ជំរិតមនុស្ស និងសម្លាប់ដោយកាត់ក្បាលជនរងគ្រោះ ។ ទាហានហ្វីលីពីនចាត់ទុកពួកនេះ ជាក្រុមចោរព្រៃ ។
រដ្ឋាភិបាលហ្វីលីពីនបានបង្កើតកងពលថ្មីមួយ តាមប្រមាញ់ពួកឧទ្ទាម ដែលបានចាប់ជំរិតមនុស្ស និងបំផ្ទុះគ្រាប់បែកនៅតំបន់ភាគខាងត្បូងហ្វីលីពីន ក្នុងនោះ មានការបំផ្ទុះគ្រាប់បែក២លើក កាលពីថ្ងៃទី២៧ ខែមករា នៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Jolo ខេត្ត Sulu សម្លាប់មនុស្ស២៣នាក់ និងជាង១០០នាក់រងរបួស ៕