ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវ ជាមុខសញ្ញាជិះម៉ូតូដេញវាយប្លន់ យកម៉ូតូ៦នាក់ ត្រូវនគរបាលការិយាល័យ ព្រហ្មទណ្ឌ ខេត្ដកណ្ដាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមក្មេងស្ទាវ៦នាក់ជាមុខសញ្ញាជិះម៉ូតូដេញវាយគប់ និងប្លន់យកម៉ូតូយ៉ាងសកម្មនាពេលរំលងអធ្រាត្រ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានឃាត់ខ្លួន ខណៈដែលនគរបាលចុះល្បាតក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ។ ករណីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលតាខ្មៅ (លោកតាម៉ៅ) ទល់មុខសាលាដំបូងខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ក្រុមក្មេងស្ទាវដែលឃាត់ខ្លួនមានគ្នា៦នាក់ ទី១.ឈ្មោះ ផន ឆៃរ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ទី២.ឈ្មោះ ហៀង មនោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ ។ ជនសង្ស័យទី១ និងទី២មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ អន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ទី៤.ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារ ទី៥.ឈ្មោះ ម៉ាក វិដន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រត់តុការ ។ ជនសង្ស័យទី៣ ទី៤និងទី៥ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ និងទី៦.ឈ្មោះ ផាង ប៊ុណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម៉ូតូដែលសមត្ថកិច្ចដកហូតបានមានចំនួន៣គ្រឿង ១.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុន១២៥ ពណ៌ទឹកមាស ផលិតឆ្នាំ២០១៧ ឡើងស៊េរី២០១៩ គ្មានស្លាកលេខ ,២.ម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កណ្តាល 1V-5277 និង៣.ម៉ូតូម៉ាកសេហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1T-5932 ។

ប្រភពដដែលបន្ដថា មុននឹងឈានឃាត់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះល្បាតក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ដើម្បីការពារថែរក្សា សន្ដិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋលុះមកដល់កន្លែងកើតហេតុ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ កម្លាំងនគរបាលបានជួបក្រុមក្មេងស្ទាវ៦នាក់ខាងលើ មានម៉ូតូ៣គ្រឿង ឈប់នៅមុខសាលាដំបូងខេត្ដកណ្ដាល ដោយមានការសង្ស័យកម្លាំងនគរបាលក៏បានសាកសួរ ។

ជាលទ្ធផល ក្រុមជនសង្ស័យទាំង៦នាក់បានសារភាពប្រាប់សមត្ថកិច្ចថា នៅដើមឆ្នាំ២០១៩ ក្រុមជនសង្ស័យឈ្មោះ ចាន់ វណ្ណឌី ,ឈ្មោះ ផាន ប៊ុណ្ណា ,ឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន ,ឈ្មោះ ហៀង មនោ ទាំង៥នាក់នេះ បានធ្វើសកម្មភាព ជិះម៉ូតូដេញវាយជនរងគ្រោះយកម៉ូតូបានចំនួន៣លើកមកហើយ ៖ លើកទី១- នៅចំណុចជញ្ជីងថ្លឹរថយន្ដ ជិតទីរួមខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាព ដេញវាយជនរងគ្រោះ១នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច បន្ទាប់មកឈ្មោះ ផន ឆៃរ៉ាត់ ,ឈ្មោះ ម៉ាក វិដន,ឈ្មោះ ចាន់ វណ្ណឌី ជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវ បានទឺកប្រាក់ចំនួន ៦០០ដុល្លារ ។ លើកទី២-នៅចំណុចហួសផ្សារសំរោងយោង ខេត្តតាកែវ ពួកគេបានជិះម៉ូតូចំនួន៣គ្រឿង ប្រដាប់ដោយដាវ បានធ្វើសកម្មភាពដេញវាយនារីរងគ្រោះ៣នាក់ ដែលជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច យកទៅលក់បានទឺកប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ។ លើកទី៣- នៅចំណុចជិតវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះទាំង ៥នាក់ខាងលើ និង ពួកស្វាយរលំ ចំនួន០៥នាក់ផងដែរ (ទាំងអស់ចំនួន១០នាក់) ពួកគេបានជិះម៉ូតូចំនួន៥គ្រឿង បានធ្វើ
សកម្មភាពដេញវាយជនរងគ្រោះ៣នាក់ ដែលជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានសម្រេច ពួកយកទៅលក់នៅជិតស្ពាន ៧មករា បានទឺកប្រាក់ចំនួន ៤៥០ដុល្លារសហរដ្ឋអាមេរិក ។

បន្ទាប់ពីសមត្ថកិច្ចជំនាញសាកសួរក្រុមក្មេងស្ទាវខាងលើរួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖